Clik here to view.

តំណាងសហគមន៍ព្រៃឈើភ្នំព្រះធាតុ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចោទមេឃុំ និងមេភូមិ ថាបើកដៃឲ្យមានបទល្មើសទន្ទ្រានដីព្រៃសហគមន៍យកធ្វើកម្មសិទ្ធិ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអះអាងថា កម្លាំងជំនាញកំពុងចាត់វិធានការក្ដៅចំពោះបញ្ហានេះ ប៉ុន្តែបដិសេធថា មិនដឹងអាជ្ញាធរភូមិ-ឃុំ បើកដៃឲ្យជនល្មើស ដើម្បីបំផ្លាញព្រៃដែលពលរដ្ឋកំពុងអាស្រ័យផលនោះទេ។
ព្រៃសហគមន៍ភ្នំព្រះធាតុ ទំហំ ៦៨២ហិកតារ ដែលពលរដ្ឋ ៨ភូមិ នៃឃុំពាម អាស្រ័យអនុផលព្រៃឈើ ត្រូវពលរដ្ឋលួចទន្ទ្រានយកដីអស់ប្រមាណ ៣០ហិកតារ ចាប់តាំងពីអំឡុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មក។
ប្រធានគណៈកម្មការសហគមន៍ភ្នំព្រះធាតុ លោក ប៊ុន យ៉ូន មានប្រសាសន៍នៅថ្ងៃទី៨ ខែសីហា ថា មេភូមិច្រកថ្កូវ លោក សួស រ៉េម បានហាមពលរដ្ឋក្នុងភូមិដែលធ្លាប់ដើរល្បាតព្រៃជាមួយលោកមិនឲ្យដើរការពារព្រៃសហគមន៍ជាមួយលោកបន្តទៀត។ ពេលលោកសួរទៅមេឃុំពាម ឈ្មោះ យី ផេង ពីសកម្មភាពរុករានដីព្រៃនេះ មេឃុំក៏ស្ដីបន្ទោសឲ្យលោកខ្លាំងៗថែមទៀត។
លោក ប៊ុន យ៉ូន សង្ស័យថា ការស្ដីបន្ទោសនេះអាចមកពីលោកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ឬហេតុផលមួយទៀតអាចមកពីអាជ្ញាធរភូមិ-ឃុំ ត្រូវរ៉ូវជាមួយអ្នកកាប់បំផ្លាញព្រៃសហគមន៍ទាំងនោះ៖ «ឥឡូវដូចខ្ញុំថាអ៊ីចឹងប្រជាជនខ្លាចរអាអស់ហើយ ព្រោះមេភូមិគំរាមកំហែងពេក! គំរាមកំហែងអត់ឲ្យយាមព្រៃឈើហ្នឹង គាត់ថា ព្រៃឈើហ្នឹងវាអស់ ហើយគ្មានអ្នកណាទៅគ្រប់គ្រងទៀតទេ មិនបាច់ទៅយាមកាមអីទេ។ រឿងប្រជាជនផ្អើលចាប់ដីអីហ្នឹងខ្ញុំអត់ទាន់បានស៊ើបសួរថា មេភូមិឲ្យចាប់ ឬតាមចិត្តគាត់។ សូមឲ្យសម្ដេច ហ៊ុន សែន ជួយសហគមន៍ឃុំពាម ផង ព្រោះអីសព្វថ្ងៃនេះលំបាករឿងអាជ្ញាធរដែនដីមានការគំរាមកំហែងមកដល់ខ្ញុំជាសហគមន៍ បើថា គាត់បង្កើតព្រៃសហគមន៍ហើយជួយពង្រឹងតាមមេភូមិ ឬមេឃុំមក»។
មេភូមិច្រកថ្កូវ លោក សួស រ៉េម ប្រាប់ថា លោកស្ដាប់សំឡេងតាមទូរស័ព្ទមិនច្បាស់ពេលអាស៊ីសេរី សួរលោកពីរឿងព្រៃសហគមន៍នេះ។ ចំណែកមេឃុំពាម លោក យី ផេង ធ្លាប់ទទួលស្គាល់ថា នៅលើដីសហគមន៍នោះពិតជាមានការកាប់បំផ្លាញរួចដាំដំណាំមែន ប៉ុន្តែអ្នកទាំងនោះសុទ្ធតែមានលិខិតកាន់កាប់ពីអាជ្ញាធរភូមិ-ឃុំ តាំងពីឆ្នាំ២០០៤ គឺមុនពេលសហគមន៍បង្កើតនៅឆ្នាំ២០១០ ទៅទៀត។
ទាក់ទងបញ្ហានេះដែរ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដែលគ្រប់គ្រងនៅស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកជលគីរី លោក ឯម វិចិត្រ ថាលោកមិនដឹងថា អាជ្ញាធរភូមិ-ឃុំ ជាអ្នកបើកដៃឲ្យមានបទល្មើស ឬយ៉ាងណានោះទេ ប៉ុន្តែពេលលោកចុះទៅមើលផ្ទាល់ឃើញថា ព្រៃសហគមន៍ពិតជារងការកាប់បំផ្លាញមែន ហើយលោកកំពុងស្រាវជ្រាវរកជនល្មើស៖ «ឥឡូវនេះវិធានការមួយទៀត កំពុងតែឲ្យគាត់ធ្វើរោងប្រក់ស័ង្កសី ដើម្បីឲ្យគាត់យាមនៅត្រង់ហ្នឹងបណ្ដោយ ហើយម្សិលមិញ (៧ សីហា) ដោយសារពលរដ្ឋខ្លះអត់ដឹងចូលទៅកាប់បានបួនដប់ដើមអ៊ីចឹងទៅ ឲ្យខាងសហគមន៍ធ្វើកិច្ចសន្យាដើម្បីថ្ងៃក្រោយឈប់ ហើយមានអ្នកខ្លះលួចជួលទៅលើកភ្លឺទើបបានខាងសហគមន៍ទៅដល់ទៅបានរាយការណ៍មកថា ខ្ញុំថាឥឡូវអប់រំគាត់សិនទៅ បើមិនអ៊ីចឹងទេដកយកកាំបិត ពូថៅ ឬចបហ្នឹងទៅ»។
លោក ឯម វិចិត្រ បញ្ជាក់ថា កម្លាំងជំនាញសហការជាមួយតំណាងសហគមន៍ បានបង្កសំណុំរឿងពីរករណីបញ្ជូនទៅតុលាការ ដោយមួយករណីប្រឆាំងនឹងបុគ្គលដែលបំផ្លាញព្រៃអស់ប្រមាណ ៣០ហិកតារ និងមួយករណីទៀតចំពោះបុគ្គលដែលបំផ្លាញព្រៃអស់ប្រមាណ ១០ហិកតារ។ លោកថា ព្រៃនៅតំបន់នេះកំពុងរងការកាប់បំផ្លាញខ្លាំង ទើបផ្នែករដ្ឋបាលរបស់លោកយកចិត្តទុកដាក់ជាងគេ៕