កម្មករកម្មការិនីរោងចក្រកាត់ដេរជិត ៦០នាក់ ដួលសន្លប់ជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៧ សីហា។ កម្មកររោងចក្រកាត់ដេរទាំងនេះ ដួលសន្លប់ពេលកំពុងធ្វើការងារនៅក្នុងអគារចំនួន៤ នៃរោងចក្រកាត់ដេរឈ្មោះ ញូអូរៀន ខេមបូឌា ហ្គាមិន (New Orient) គឺអគារលេខ១៤ ១៥ ១៦ និងលេខ១៧ ដែលឋិតនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា (Canadia Park) តាមបណ្ដោយផ្លូវវ៉េងស្រេង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពួកគាត់ត្រូវបានដឹកទៅសង្គ្រោះនៅតាមមន្ទីរពេទ្យជិតៗនោះ ហើយខ្លះបានធូរស្បើយ និងខ្លះទៀតឋិតនៅក្រោមការព្យាបាលនៅឡើយ។ អ្នកទទួលខុសត្រូវខាងរោងចក្រ ញូអូរៀន គឺលោក អ៊ូ ឡេង។ លោកមិនទាន់អាចបញ្ជាក់មូលហេតុនៃការដួលសន្លប់នេះបានទេ ព្រោះលោក និងគណៈកម្មការកំពុងស៊ើបអង្កេត។
កម្មការិនីផ្នែកដេរម្នាក់នៅអគារលេខ១៧ ឈ្មោះ គីម លី ថ្លែងថា ការដួលសន្លប់នេះ ចាប់ផ្ដើមមានបី ឬបួននាក់កាលពីព្រឹកនៅអគារលេខ១៧ នោះ ហើយដោយមិនមានហេតុការណ៍ឆេះខ្សែភ្លើង ឬក្លិនអ្វីគួរឲ្យសង្ស័យទេ។ ការដួលសន្លប់មានបន្តបន្ទាប់គ្នាច្រើននៅពេលរសៀល។
សូមលោកអ្នករង់ចាំស្ដាប់ និងអានសេចក្ដីរាយការណ៍ពិស្ដារ...