Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ទេសចរ​កាន់​តែ​ច្រើន​សម្រុក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី​នៅ​ខេត្ត​បាត់ដំបង

$
0
0

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ចាប់​អារម្មណ៍​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា បាំប៊ូ ត្រេន (Bamboo train) តាម​ផ្លូវ​រថភ្លើង​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខណៈ​តំបន់​ទេសចរណ៍​នេះ​ជិត​ដល់​ពេល​បិទ​បញ្ចប់ ដែល​សមត្ថកិច្ច​ជំនាញ​រុះរើ​ផ្លូវ​រទេះ​ភ្លើង​ចាស់​សង់​ផ្លូវ​ថ្មី​ក្នុង​ពេល​ឆាប់ៗ។ ដំណើរ​កម្សាន្ត​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ទៅ​លេង​កម្សាន្ត​ខេត្ត​បាត់ដំបង ជា​រៀង​រាល់​ថ្ងៃ។

អ្នក​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ប្រពៃណី​ដំណើរ​កម្សាន្ត​មួយ​នេះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ឲ្យ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត បើ​ទោះ​ជា​អាជ្ញាធរ​សង់​ផ្លូវ​រទេះ​ភ្លើង​ថ្មី​ក៏ដោយ។

អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី​មក​ពី​ខេត្ត​សៀមរាប លោកស្រី សូ ដាវី ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ខណៈ​ចុះ​ពី​ឡូរី​ថា លោកស្រី​មក​លេង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​ជាង ១០​នាក់។ ស្ត្រី​សម្បុរ​ស វ័យ ៤០​ឆ្នាំ​ប្លាយ​រូប​នេះ​អះអាង​ថា ឡូរី​ជា​ដំណើរ​កម្សាន្ត​មួយ​ប្លែក​ភ្នែក និង​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​រក្សា​ប្រពៃណី​មួយ​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​បាត់ដំបង ឲ្យ​បាន​ច្រើន៖ «ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទីកន្លែង​ទេ ព្រោះ​អី​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​សំខាន់​ដែល​នៅ​ជិត​ខេត្ត​សៀមរាប ដែល​អ្នក​ទេសចរ​គេ​ចង់​មក​ទស្សនា ដូច្នេះ​ហើយ​បាន​ជា​នាង​ខ្ញុំ​មិន​ចង់​ឲ្យ​ប្ដូរ​ទីតាំង»

ដំណើរ​កម្សាន្ត​ដោយ​ឡូរី​នៅ​ខេត្ត​បាត់ដំបង ភាគច្រើន​ជា​អ្នក​ទេសចរ​អន្តរជាតិ​មក​ពី​គ្រប់​តំបន់​លើ​ពិភពលោក មាន​ដូចជា​ជនជាតិ​ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហគមន៍​អឺរ៉ុប ជាដើម គឺ​ប្រហែល​ពី ១០០ ទៅ ១៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ដំណើរ​កម្សាន្ត​មួយ​នេះ ភាគច្រើន​ឡូរី​មួយ​គេ​ដឹក​មនុស្ស​ចន្លោះ​ពី ៣ ទៅ ៤​នាក់​ក្នុង​មួយ​ជើង។

អ្នក​រត់​ឡូរី​នៅ​ឃុំ​អូរដំបង២ លោក គង់ សាលដែត ថ្លែង​ថា ថ្វី​បើ​មាន​អ្នក​ទេសចរ​ច្រើន​មក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី​ច្រើន​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​ពួក​គាត់​រក​ចំណូល​ពី​ការ​ដឹក​ភ្ញៀវ​បាន ៧​ពាន់​រៀល​ក្នុង​មួយ​ជើង ដែល​មាន​រយៈពេល​ទៅ​មក​ជាង​មួយ​ម៉ោង​ក្នុង​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ឯណោះ។ លោក​អះអាង​ថា ភ្ញៀវ​បរទេស​ម្នាក់​ត្រូវ​បង់​ថ្លៃ ៥​ដុល្លារ​អាមេរិក ចំណែក​ភ្ញៀវ​ខ្មែរ ១​ម៉ឺន​រៀល​ក្នុង​ម្នាក់។ ប៉ុន្តែ​អ្នក​ដែល​បាន​ផល​ប្រយោជន៍​លើ​ប្រាក់​ចំណូល​នេះ មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ជិត ១០​នាក់​ជា​អ្នក​ប្រមូល​ប្រាក់ ដោយ​ប្ដូរ​វេន​គ្នា​មួយ​ខែ​ម្នាក់។ ចំណែក​ពួក​គាត់​បាន​ត្រឹក​តែ​រត់​ឡូរី​យក​ថ្លៃ​ឈ្នួល​មួយ​ជើងៗ​ប៉ុណ្ណោះ៖ «បើ​សិន​ជា​គេ​បិទ យើង​ក៏​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច មាន​តែ​ទៅ​រក​ការងារ​ផ្សេង​ធ្វើ ដូចជា​ធ្វើ​ការ​សំណង់ និង​ធ្វើ​សន្តិសុខ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង ជំនួស​វិញ។ តែ​បើ​គេ​សង់​ផ្លូវ​ផ្សេង​មួយ​ទៀត ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​អាច​រក​ចំណូល​បាន​ផង និង​មាន​ភ្ញៀវ​ទេសចរ​គេ​មក​លេង​ខេត្ត​បាត់ដំបង ច្រើន​ផង»

អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ឡូរី​នៅ​តំបន់​នោះ​មាន​ជាង ៣០​គ្រឿង៖ «វា​អាស្រ័យ​ទៅ​លើ​រដូវ​កាល បើ​រដូវ​ដែល​មាន​មនុស្ស​មក​ទស្សនា​ច្រើន គឺ​មាន​ភ្ញៀវ​ច្រើន​ដឹក​មនុស្ស​បាន​រាប់​រយ​ជើង​ក្នុង​មួយ​ថ្ងៃៗ»

អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​ទេសចរណ៍ លោក ងួន រតនៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​រៀបចំ​សាងសង់​ទីតាំង​ដំណើរ​កម្សាន្ត​ដោយ​ឡូរី​ថ្មី​ជំនួស​ឲ្យ​ទីតាំង​ចាស់ ប៉ុន្តែ​លោក​អះអាង​ថា គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន ពុំ​មែន​ជា​របស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​មក​ដាក់​វិនិយោគ​នៅ​ឡើយ៖ «យើង​យល់​ពី​សារសំខាន់​របស់​ឡូរី ដែល​ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​បាន​ដោះស្រាយ​ជីវភាព ហើយ​យើង​ក៏​ពិចារណា​រឿង​ហ្នឹង​ដែរ ព្រោះ​យើង​មិន​បាន​រៀបចំ​គម្រោង​វិនិយោគ​សាធារណៈ។ យើង​អត់​បាន​រៀបចំ​ទេ ក៏ប៉ុន្តែ​យើង​រក​ដៃគូ​ដើម្បី​រៀបចំ។ កន្លង​មក​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ថា គម្រោង​បង្កើត​ផ្លូវ​ឡូរី​ថ្មី​បាន​ហើយ គឺ​មិន​ពិត​ទេ សំខាន់​យើង​កំពុង​តែ​រក​ក្រុមហ៊ុន​មក​ធ្វើ​វិនិយោគ»

លោក​បន្ថែម​ថា គម្រោង​ផ្លូវ​ឡូរី​ថ្មី​នេះ​មិន​ទាន់​មាន​ទីតាំង​ច្បាស់លាស់​ថា​ដាក់​នៅ​តំបន់​ណា​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង លោក ខាន់ ម៉ាណេ មាន​ប្រសាសន៍​ថា គម្រោង​សង់​ផ្លូវ​ឡូរី​ថ្មី​នេះ​ប្រហែល​នៅ​តំបន់​ទេសចរណ៍​ក្នុង​ស្រុក​បាណន់ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ។ ចំណែក​ការ​រុះរើ​ផ្លូវ​រទេះ​ភ្លើង​ចាស់​សង់​ផ្លូវ​ថ្មី​នោះ លោក​អះអាង​ថា យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​២០១៧៖ «ប្រហែល​ជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​តាម​ដែល​ក្រសួង​ប្រជុំ​លើក​មុន​នោះ ហើយ​ឥឡូវ​ខ្ញុំ​ឃើញ​គេ​តភ្ជាប់​ផ្លូវ​រទេះ​ភ្លើង​មក​បាត់ដំបង ហើយ»

អ្នក​រត់​ឡូរី​នៅ​ខេត្ត​បាត់ដំបង សរុប​ប្រហែល ៤០​គ្រួសារ។ សព្វថ្ងៃ ពួក​គាត់​រក​ប្រាក់​ចំណូល​ពី​របរ​មួយ​នេះ​បាន​ប្រហែល​ពី ៣ ទៅ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត​បាត់ដំបង ពុំ​ទាន់​បញ្ជាក់​ថា នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ពួក​គាត់​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​សាងសង់​ផ្លូវ​រទេះ​ភ្លើង​ថ្មី​នោះ​ទេ។

អ្នក​រត់​ម៉ូតូ​កង់​បី និង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​បាត់ដំបង លោក សំ ឡុង មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ថ្មី ពួក​គាត់​នឹង​បាត់បង់​ប្រាក់​ចំណូល​ពី​របរ​ដឹក​ភ្ញៀវ​ទេសចរ ព្រោះ​អ្នក​ទេសចរ​ភាគច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី ដែល​ពួក​គាត់​រក​ចំណូល​ពី​របរ​នេះ​បាន​ចន្លោះ​ពី ១០ ទៅ ២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៖ «ប្រសិន​បើ​មាន​ក្រុមហ៊ុន​រៀបចំ​ផ្លូវ​មួយ​ខ្សែ​ថ្មី​នៅ​តំបន់​ណា​ផ្សេង​ក្រៅ​ពី​ទីតាំង​ចាស់ សម្រាប់​ឲ្យ​ឡូរី​ដឹក​ភ្ញៀវ​ទេសចរ​នោះ គឺ​ពួក​ខ្ញុំ​មាន​ការ​ត្រេកអរ​ណាស់»

តំបន់​ទេសចរណ៍​ដោយ​ឡូរី​នៅ​ស្រុក​សង្កែ មាន​ចម្ងាយ​ប្រហែល ៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ អ្នក​ទេសចរ​ដែល​ចង់​ទៅ​លេង​កម្សាន្ត អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឌុប ឬ​ម៉ូតូ​កង់​បី ដោយ​តម្លៃ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ប្រមាណ​ពី ១​ម៉ឺន​ទៅ ២​ម៉ឺន​រៀល​សម្រាប់​មនុស្ស​ម្នាក់។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​លេង​ក្នុង​ខេត្ត​មួយ​នេះ​នៅ​ឆ្នាំ​២០១៦ មាន​ជាង ៦​សែន​នាក់ (៦៦០.០០០​នាក់) គឺ​កើន​ឡើង​ជាង ២​ភាគរយ (,៣៧%) បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ក្នុង​នោះ ភ្ញៀវ​អន្តរជាតិ​ចំនួន ៩​ម៉ឺន ៦​ពាន់​នាក់ គឺ​កើន​ឡើង​ជាង ២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles