
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែសីហា បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យការអនុវត្តច្បាប់ពន្ធលើប្រាក់បៀវត្សចំពោះបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា។
ការណែនាំរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ លោក ហ៊ុន សែន បញ្ជាក់ថា ការពិនិត្យការអនុវត្តច្បាប់នេះ ត្រូវធ្វើឡើងដោយតម្លាភាព និងសមភាព។
របាយការណ៍រដ្ឋាភិបាលបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៦ ប្រទេសកម្ពុជា មានសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ សរុបជិត ៥ពាន់ ក្នុងនោះសមាគមមានជិត ២ពាន់ និងអង្គការក្រៅរដ្ឋាភិបាលជិត ៣ពាន់។
មាត្រា ៤១ នៃច្បាប់ស្ដីពីសារពើពន្ធ ឆ្នាំ១៩៩៧ ចែងថា ពន្ធលើប្រាក់បៀវត្សរ៍ គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សរ៍ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ អ្នកដែលត្រូវជាប់បន្ទុកបង់ពន្ធលើប្រាក់បៀវត្សរ៍ រួមមានបុគ្គលិក អ្នកទទួលខុសត្រូវ និងអភិបាលរបស់ក្រុមហ៊ុនឯកជន ឬរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ មន្ត្រីរាជការ មន្ត្រីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិកសភា និងសមាជិកព្រឹទ្ធសភា៕