Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងចុះជួបកម្មករនៅតាមបណ្ដារោងចក្រនានា ដើម្បីស្វែងយល់ពីស្ថានភាព និងជីវភាពរស់នៅរបស់កម្មករ។ គម្រោងចុះជួបកម្មករនៅរៀងរាល់ចុងសប្ដាហ៍នេះ នឹងធ្វើឡើងបន្ទាប់ពីលោកគ្រោងជួបកម្មករ កម្មការិនី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។
ការប្រកាសចំណាយពេលវេលាចុះជួបកម្មករ កម្មការិនី នៅតាមរោងចក្រជារៀងរាល់ថ្ងៃអាទិត្យចុងសប្ដាហ៍របស់លោក ហ៊ុន សែន គឺជារឿងមួយដែលគេកម្របានឃើញណាស់។
បើទោះជាគម្រោងចុះជួបកម្មករ កម្មការិនីរបស់លោក ហ៊ុន សែន ហាក់ធ្វើឡើងដើម្បីទាក់ទាញការគាំទ្រពីកម្មករ កម្មការិនី ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសល់មិនដល់ ១ឆ្នាំទៀតក្តី មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការចុះជួបរបស់លោក ហ៊ុន សែន នេះ គឺដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរស់នៅរបស់កម្មករ ពង្រឹងភាពជិតស្និទ្ធជាមួយកម្មករ និងដើម្បីបង្ហាញការយកចិត្តទុកដាក់បន្ថែមរបស់លោកចំពោះកម្មករ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ការចុះរបស់លោក ហ៊ុន សែន នេះ មិនមែនជារបៀបវាយឆ្មក់ទេ តែនឹងមានការរៀបចំដោយគណៈកម្មការជាមុន។ នៅពេលសួរថា តើការចុះរបស់លោក ហ៊ុន សែន នេះ ជាការទាក់ទាញស្លឹកឆ្នោតពីកម្មករសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ឬយ៉ាងណា លោក ផៃ ស៊ីផាន ឆ្លើយតបថា វាស្រេចតែទៅលើការវិភាគរបស់មនុស្សទូទៅ៖ «លោកចុះទៅជួបកម្មករដូចនៅកំពង់សោម ហើយលោកជួបកម្មករ កម្មការិនី តាមភូមិ តែពេលនេះលោកអញ្ជើញចុះទៅមើលកម្មករតាមរោងចក្រ បង្ហាញនូវភាពជិតស្និទ្ធមួយដើម្បីលោកទទួលបានព័ត៌មានផ្ទាល់ពីកម្មករ កម្មការិនី ពាក់ព័ន្ធនឹងជីវភាពពាក់ព័ន្ធរឿងដទៃទៀត ហើយលោកអាចស្តាប់ផ្ទាល់ត្រចៀករបស់លោករវាងនាយករដ្ឋមន្ត្រីជាមួយកម្មករកម្មការិនីរបស់យើង»។
របាយការណ៍រដ្ឋាភិបាលបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៦ ប្រទេសកម្ពុជា មានរោងចក្រផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិតស្បែកជើងជាង ១ពាន់ (១.០៧៩) និងមានកម្លាំងពលកម្មបម្រើការក្នុងវិស័យនេះជិត ៨សែននាក់។ ដោយឡែកប្រាក់ខែគោលរបស់កម្មករគឺចំនួន ១៥៣ដុល្លារក្នុង ១ខែ។ គម្រោងចុះជួបកម្មករនៅពេលនេះ ក៏ស្របពេលដែលការពិភាក្សាអំពីការដំឡើងប្រាក់ខែកម្មករសម្រាប់ឆ្នាំ២០១៨ ក៏កំពុងប្រព្រឹត្តឡើងផងដែរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ស្វាគមន៍ចំពោះគម្រោងចុះជួបកម្មកររបស់លោក ហ៊ុន សែន ហើយលោកក៏ចង់ឃើញថ្នាក់ដឹកនាំប្រទេសចុះមើលឃើញការលំបាករបស់កម្មករបច្ចុប្បន្ននេះដែរ។ ប៉ុន្តែលោក អាត់ ធន់ បារម្ភថា ការចុះរបស់លោក ហ៊ុន សែន អាចមិនមានប្រសិទ្ធភាព ប្រសិនបើអ្នករាយការណ៍ប្រាប់លោក ហ៊ុន សែន មិនរាយការណ៍ពីទុក្ខលំបាកពិតប្រាកដដែលកំពុងកើតមានចំពោះកម្មករ។
លោកថា បញ្ហាដែលកម្មករកំពុងជួបប្រទះបច្ចុប្បន្ន រួមមានការហូបចុកមិនគ្រប់គ្រាន់ អាហារគ្មានជីវជាតិ កន្លែងស្នាក់នៅមិនល្អ ប្រាក់ឈ្នួលទាប ការគាបសង្កត់របស់ថៅកែ និងមានការដួលសន្លប់ដោយសារធ្វើការងារថែមម៉ោងរហូតដល់ស្លាប់ក៏មាន៖ «ខ្ញុំគិតថា បើគាត់ទៅដោះស្រាយបញ្ហាប៉ូលិស ទាហានកាង ឬមន្ត្រីតុលាការខិលខូច មួយចំនួនដែលកាង ហើយដោះស្រាយបញ្ហាហ្នឹងបានឲ្យសិទ្ធិកម្មករ បើដោះស្រាយបានខ្ញុំគិតថាល្អមែនទែន ប៉ុន្តែក្រែងបញ្ហាទាំងអស់នេះរកមិនឃើញ ដោយសារតែអត់មានអ្នកហ៊ានប្រាប់គាត់ ព្រោះអ្នកទៅជាមួយគាត់សុទ្ធតែជាអ្នកធំ អ៊ីចឹងវាអត់អាចដោះស្រាយបានដល់កម្មករដដែល»។
លោក អាត់ ធន់ ជឿជាក់ថា គម្រោងចុះជួបកម្មកររបស់លោក ហ៊ុន សែន គឺជាផ្នែកមួយដើម្បីទាក់ទាញរកសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្តែលោកថា វាជារឿងធម្មតាទៅហើយសម្រាប់អ្នកនយោបាយ នៅពេលការបោះឆ្នោតជិតចូលមកដល់។ ទោះជាយ៉ាងណា លោកថា អ្វីដែលសំខាន់គឺប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាជូនកម្មករទៅវិញទេ៕