Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ដាក់​កំហិត​ឱ្យ​ពលរដ្ឋ​ដែល​សង់​លំនៅ​ខុស​ច្បាប់​ក្នុង​តំបន់​ឧទ្យានអង្គរ​ត្រូវ​រុះរើ​ចេញ

$
0
0

អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​រួម​គ្នា​មួយ​ប្រាប់​ដល់​ម្ចាស់​សំណង់​ថ្មីៗ ដែល​បាន​សាងសង់​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ទី​១ និង​ទី​២ នៃ​ឧទ្យានអង្គរ កាល​ពី​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ គឺ​ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​សីហា ជា​កំហិត។

ប្រសិនបើ​ម្ចាស់​សំណង់​ណា​មិន​ព្រម​រុះរើ​ដោយ​ខ្លួន​ឯង​ទេ នៅ​ពេល​ដល់​ថ្ងៃ​កំណត់​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ទៅ​រុះរើ​ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​អ្វី​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ក្រវ៉ាន់ និង​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ទីជម្រក​ដែល​ពួកគេ​ទើបតែ​សាងសង់​ថ្មីៗ នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ។

ការ​ព្រួយ​បារម្ភ​កើត​មាន​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រួម​គ្នា​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​ថ្មី​ទៀត ប្រាប់​ដល់​ម្ចាស់​សំណង់​ថ្មី​ដែល​សាងសង់​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ឱ្យ​រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​ឱ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​៩ ខែ​សីហា។

ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្លះ​ទៀត ដែល​រស់​នៅ​ភូមិ​រហាល ជិត​ប្រាសាទ​បន្ទាយក្ដី គឺ​អ្នកស្រី លេក រ៉ន។ អ្នកស្រី​មាន​ប្រសាសន៍​ថា គាត់​មាន​កូន​ជា​ច្រើន​នាក់​រស់​នៅ​ក្នុង​ផ្ទះ​តែមួយ​ជា​យូរ​មក​ហើយ។ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ខែ​ឧសភា និង​មិថុនា កន្លង​ទៅ គាត់​បាន​ឱ្យ​កូនស្រី​ដែល​មាន​គ្រួសារ​រួច​ហើយ​ចេញ​ទៅ​ធ្វើ​ខ្ទម​រស់​នៅ​ផ្សេង ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​បាន​ចេញ​លិខិត​ឱ្យ​រុះរើ​វិញ។

លោកស្រី លេក រ៉ន បញ្ជាក់​ថា អ្នកស្រី​មិន​សប្បាយចិត្ត​ក្នុង​ការ​រុះរើ​ខ្ទម ដែល​សង់​រួច​ហើយ​នោះ​ចេញ​វិញ​ទេ៖ «អត់​ឱ្យ​រើរុះ​ទេ បើ​អាជ្ញាធរ​រើរុះ​ខ្ទម​នោះ​ចោល​តើ​បាន​អី​ឱ្យ​កូន​ខ្ញុំ​រស់​នៅ? ដី​ដែល​សង់​ខ្ទម​នេះ​ជា​កេរ​មក​ពី​ដូនតា​ខ្ញុំ​យូរ​មក​ហើយ»

ស្ត្រី​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ក្រវ៉ាន់ លោកស្រី បៀត សុខឃា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គាត់​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឱ្យ​រុះរើ​ខ្ទម ដែល​ទើប​នឹង​សង់​ហើយ​ចេញ​វិញ​នោះ គឺ​លោកស្រី​ព្រួយ​បារម្ភ​ដេក​មិន​លក់​ឡើយ រហូត​ដល់​ជំងឺ​ក្រពះ​របស់​គាត់​ដែល​មាន​ជា​យូរ​មក​ហើយ​ធ្វើ​ទុក្ខ។ ស្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​គាត់​មាន​ដី​ទទឹង​តែ ៦​ម៉ែត្រ ដើម្បី​សង់ផ្ទះ​រស់​នៅ ព្រមទាំង​ប្រកប​មុខ​របរ​លក់​គំនូរ​គ្រាន់​បាន​ប្រាក់​ចិញ្ចើម​ជីវិត។

លោកស្រី បៀត សុខឃា សូម​ឱ្យ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ជូន​ដំណឹង​ឱ្យ​រុះរើ​សំណង់​ថ្មី​នេះ៖ «ប្រជាពលរដ្ឋ​ដូច​ពួក​ខ្ញុំ គឺ​មាន​ដី​តែ​១​កន្លែង​សម្រាប់​រក​ស៊ី ចុះ​បើ​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​សំណង់​សម្រាប់​ជ្រកកោន តើ​ឱ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ឯ​ណា»

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​រួម​គ្នា​មួយ​ប្រាប់​ដល់​ម្ចាស់​សំណង់​ថ្មីៗ ដែល​បាន​សង់​ក្នុង​តំបន់​ការពារ​ទី​១ និង​ទី​២ នៃ​ឧទ្យានអង្គរ ដោយ​ខុស​ច្បាប់​កាល​ពី​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ និង​សំណង់​ដែល​កំពុង​តែ​សាងសង់​ក្ដី ត្រូវ​រុះរើ​ចេញ​ឱ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​៩ ខែ​សីហា ជា​កំហិត បើ​មិន​ដូច្នេះ​ទេ គណៈកម្មការ​នឹង​ដឹក​នាំ​កម្លាំង​ចុះ​រុះរើ​សំណង់​ទាំង​នោះ​ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​អ្វី​ឡើយ។

ទោះជា​យ៉ាង​ណា​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ជុំវិញ​សេចក្ដី​ជូន​ដំណឹង​នេះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា មន្ត្រី​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ម្ដង​មក​ហើយ ជុំវិញ​វិធានការ​រុះរើ​សំណង់​ថ្មីៗ នៅ​ក្នុង​តំបន់​អង្គរ​ទាំង​នោះ​ដោយ​បង្ហាញ​ហេតុផល​ថា សំណង់​ទាំង​នោះ​នឹង​ធ្វើ​ឱ្យ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត​គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ស៊ុំ ម៉ាប់ ធ្លាប់​មាន​ប្រសាសន៍​ថា យោង​តាម​កតិកាសញ្ញា​នៃ​រដ្ឋ​ជា​ភាគី​គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​នេះ៖ «ជា​ប្រភេទ​សំណង់​ដែល​លួច​សង់ ជាពិសេស​នៅ​ពេល​យប់។ គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ណា​ដែល​បាន​ផ្ដល់​ការ​អនុញ្ញាត​ស្រប​ច្បាប់​ក្នុង​ការ​សាងសង់​សំណង់​ទាំង​នោះ​ទេ»

ចំណែក​អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ ថ្លែង​ថា ជា​យូរ​មក​ហើយ​អាជ្ញាធរ​តែង​អនុគ្រោះ​ដល់​អ្នក​សាងសង់​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​នោះ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ​អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឱ្យ​បន្ត​សកម្មភាព​នេះ​បាន​ទៀត​ឡើយ៖ «គឺ​ជា​សារ​មួយ​ផ្ញើ​ទៅ​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ថា អ្វី​ដែល​ធ្លាប់​រំលោភ​បំពាន​កន្លង​មក​គឺ​ឥឡូវ​នេះ មិន​អនុគ្រោះ​ទៀត​ទេ»។

ចៅសង្កាត់​នគរធំ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី លោក សៀក ចំណាប់ សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​មាន​វិធានការ​ចុះ​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​អង្គរ​នេះ។ លោក​ថា ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុង​សង្កាត់​របស់​លោក​បាន​ទៅ​ខ្ចី​លុយ​ពី​មីក្រូ​ហិរញ្ញវត្ថុ​យក​ទៅ​សាងសង់​សំណង់​ថ្មីៗ​ទាំង​នោះ។ ដូច្នេះ​លោក​សូម​ឱ្យ​អាជ្ញាធរ​អប្សរា មាន​គោលនយោបាយ​ចេញ​សង​ខ្លះៗ ទៅ​លើ​ការ​ចុះ​រុះរើ​សំណង់​ទាំង​នោះ៖ «បារម្ភ​ទី​១ គឺ​ប្រជាពលរដ្ឋ​ខ្វះ​ទីជម្រក ហើយ​តែ​ខ្វះ​ទីជម្រក​គឺ​ប៉ះពាល់​ដល់​សុខភាព។ កាលណា​ប៉ះពាល់​សុខភាព​ធ្វើ​ឱ្យ​កុមារ​មិន​អាច​ទៅ​រៀន​បាន ឯ​ពលរដ្ឋ​ក៏​មិន​អាច​ទៅ​ប្រកប​មុខ​របរ​ទទួលទាន»

មន្ត្រី​អាជ្ញាធរ​អប្សរា ឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ គ្រាន់តែ​រយៈពេល ២០​ថ្ងៃ គឺ​សំណង់​ថ្មីៗ នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក បាន​កើត​ឡើង​ជាង ៥២០​កន្លែង។ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា អាជ្ញាធរ​អប្សរា បាន​សាកល្បង​បញ្ជូន​កម្លាំង​អន្តរាគមន៍​របស់​ខ្លួន​ចុះ​ទៅ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​ទាំង​នោះ ក៏ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​លើក​គ្នា​ប្រឆាំង​ដោយ​ធ្វើ​ការ​បិទ​កំណាត់​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​អង្គរវត្ត​ជា​ច្រើន​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles