
អាជ្ញាធរខេត្តកំពង់ធំ ឱ្យដឹងថា ស្ថានភាពទឹកជំនន់ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នៅឡើយទេ។ យ៉ាងនេះក្ដី អាជ្ញាធរខេត្តបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ករណីនេះ ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងតាមដានស្ថានភាពរស់នៅរបស់ពលរដ្ឋគ្រប់ពេលវេលា ដើម្បីងាយស្រួលចាត់វិធានការប្រសិនបើមានបញ្ហាប្រឈមកើតឡើងដល់ពួកគាត់។
អាជ្ញាធរខេត្តកំពង់ធំ ឱ្យដឹងថា ទោះបីជាទឹកជំនន់ស្ទឹងសែន ក្នុងខេត្តនេះហក់ឡើងដល់កម្រិតប្រកាសអាសន្នក្ដី ប៉ុន្តែស្ថានភាពទឹកជំនន់មិនទាន់បណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរគួរឱ្យបារម្ភទេ។ បន្ថែមពីនេះ ទឹកនឹងអាចស្រកទៅវិញ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត ប្រសិនបើអាកាសធាតុល្អប្រសើរគ្មានភ្លៀងធ្លាក់បន្ត ពីព្រោះស្ថានភាពទឹកស្ទឹងសែន នៅផ្នែកខាងលើគឺនៅខេត្តព្រះវិហារ បានស្រកជាបណ្តើរៗ ហើយនឹងអាចស្រកនៅផ្នែកខាងក្រោមដូចគ្នា។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍នៅថ្ងៃទី៣ ខែសីហា ថា កម្ពស់ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន គឺមានកម្ពស់ ១៣,៥០ម៉ែត្រ ប៉ុន្តែទឹកឡើងដល់កម្រិតនេះ គឺមិនមានអ្វីប្រែប្រួលទៀតឡើយ។ យ៉ាងនេះក្តី អាជ្ញាធរខេត្តបានបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងសែន ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។ លើសពីនេះ អាជ្ញាធរបានត្រៀមទីទួលមានសុវត្ថិភាពនៅតំបន់មួយចំនួន ប្រសិនបើទឹកនៅតែហក់ឡើងបន្ត៖ «អ៊ីចឹងដូចខ្ញុំបានជម្រាបជូនខាងដើមហើយ ថា ២៤ម៉ោង លើ ២៤ម៉ោង ជាវិធានការរបស់ឯកឧត្ដមអភិបាលខេត្តលោកបានដាក់វិធានការទៅដល់គ្រប់បណ្ដាលស្រុក ឃុំ-សង្កាត់ ដើម្បីបន្តតាមដាន និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ»។
កម្រិតទឹកបានហក់ឡើងនាប៉ុន្មានថ្ងៃមកនេះ បណ្ដាលឱ្យស្រូវស្រែរបស់ពលរដ្ឋរស់នៅតាមបណ្ដាក្រុង ស្រុកមួយចំនួនរងផលប៉ះពាល់ ប៉ុន្តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរដែលត្រូវបារម្ភទេ។ លោកមិនទាន់អាចជម្រាបជូនពីផលប៉ះពាល់ទាំងនោះឱ្យបានច្បាស់លាស់ ពីព្រោះស្ថិតនៅក្នុងការតាមដាននៅឡើយ។
ជំទប់ទី២ ឃុំក្ដីដូង លោក ជូ ភី មានប្រសាសន៍ថា ពលរដ្ឋនៅឃុំរបស់លោកកំពុងរងផលប៉ះពាល់ដោយសារស្រូវវស្សា និងស្រូវប្រាំងរាប់រយហិកតារ ត្រូវបានទឹកជន់លិច។ លោកបន្តថា អាជ្ញាធរស្រុកបានដាក់ផែនការឱ្យអាជ្ញាធរមូលដ្ឋានប្រមូលរបាយការណ៍ស្ដីពីផលប៉ះពាល់ចំពោះតែស្រូវវស្សារបស់ពលរដ្ឋ ប៉ុន្តែស្រែប្រាំង គឺអាជ្ញាធរស្រុកមិនទាន់ឱ្យប្រមូលរបាយការណ៍ទេ។ លោកថា ស្រូវវស្សារបស់ពលរដ្ឋឃុំក្ដីដូង កំពុងរងផលប៉ះពាល់គឺមានចំនួនជាង ៣០០ហិកតារ។
លោកថា ផលប៉ះពាល់នឹងមានកាន់តែច្រើន ប្រសិនបើទឹកនៅតែបន្តហក់ឡើងទៀតនោះ៖ «ប្រហែលពីរបីថ្ងៃទៀតតាមយើងព្យាករខាងលើប្រសិនបើជាស្រកពីរបីបួនថ្ងៃទៀត នឹងស្រកដូចគ្នា»។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរក្រៅពីយកចិត្តទុកដាក់តាមដានលើបញ្ហានេះ ពួកគេក៏បានត្រៀមពូជស្រូវមួយចំនួនសម្រាប់ផ្ដល់ជូនពលរដ្ឋ ប្រសិនបើការខូចខាតស្រូវស្រែរបស់ពួកគាត់មានទំហំធ្ងន់ធ្ងរ។
ចំណែកស្ថានភាពទឹកជំនន់នៅខេត្តកំពង់ចាម វិញ គឺបណ្ដាលឱ្យប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋរាប់រយហិកតារ និងបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១០នាក់ ក្នុងនោះកុមារចំនួន ៤នាក់។ យោងតាមរបាយការណ៍របស់អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ផ្ញើជូនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា កាលពីថ្ងៃទី២ ខែសីហា បញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម នៅមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ។
ទោះបីជាយ៉ាងនេះក្តី ទឹកជំនន់ទន្លេមេគង្គ បណ្ដាលឱ្យផ្ទះសម្បែងពលរដ្ឋមួយចំនួនត្រូវរុះរើ ហើយជម្លៀសពលរដ្ឋជាង ៣០គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ បន្ថែមពីនេះទឹកឡើងលិចផ្លូវ និងសាលារៀនជាច្រើនកន្លែង ព្រមទាំងលិចលង់ស្រូវ និងចម្ការរបស់ពលរដ្ឋជាង ៣០០ហិកតារ។ ស្រុកដែលរងផលប៉ះពាល់ រួមមានស្រុកកងមាស ស្ទឹងត្រង់ ស្រីសន្ធរ ស្រុកកំពង់សៀម កោះសូទិន និងស្រុកព្រៃឈរ។
ក្នុងរបាយការណ៍បញ្ជាក់ដែរថា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងតាមបណ្ដាស្រុកទាំងនេះ បានជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេ ព្រមទាំងបានជួយកសាងជម្រកបណ្ដោះអាសន្ន និងដឹកជញ្ជូនសម្ភារៈរបស់ពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពជាដើម៕