Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​៨១​គ្រួសារ​នៅ​ខេត្ត​រតនគិរី​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​សាលាឃុំ

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ៨១​គ្រួសារ រស់​នៅ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​​រតនគិរី នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាឃុំ ខណៈ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ៨​គ្រួសារ​ផ្សេង​ទៀត បណ្ដេញ​អ្នក​ភូមិ​ជាមួយ​គ្នា ៤៥​គ្រួសារ​ឲ្យ​រុះរើ​ផ្ទះសម្បែង​ដើម្បី​យក​ដី។ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​អាដហុក អះអាង​ថា ការ​បណ្ដេញ​អ្នក​ភូមិ​នេះ​ជា​អំពើ​ខុស​ច្បាប់។

អាជ្ញាធរ​ឃុំ​ប៉ក់ញ៉ៃ អះអាង​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា នឹង​សម្របសម្រួល​បញ្ឈប់​ជម្លោះ​រវាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច រស់​នៅ​ភូមិ​ជាមួយ​គ្នា​ទាក់ទិន​ដណ្ដើម​ដី​គ្នា។ ការ​អះអាង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​ភូមិ​ប៉ក់ធំ ៨១​គ្រួសារ នាំ​គ្នា​មក​សាលាឃុំ​សុំ​ឲ្យ​មន្ត្រី​ឃុំ​ជួយ​អន្តរាគមន៍​ឲ្យ​អ្នក​ភូមិ ៨​គ្រួសារ បញ្ឈប់​បណ្ដេញ​អ្នក​ភូមិ ៤៥​គ្រួសារ​ផ្សេង​ទៀត ក្រោម​ហេតុផល​ថា បាន​តាំង​លំនៅឋាន​នៅ​លើ​ដី​របស់​ពួកគេ។ ក្រុម​អ្នក​តវ៉ា​ព្រមាន​នាំ​គ្នា​ទៅ​តាំង​លំនៅ​ថ្មី​នៅ​ភូមិ​ចាស់ ដើម្បី​បំបែក​ភូមិ​ជា​ពីរ ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​នេះ។

មេ​ឃុំ ប៉ក់ ញ៉ៃ លោក ចេង ហេង បញ្ជាក់​ថា អាជ្ញាធរ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​បំបែក​ភូមិ​ច្រើន​កន្លែង​បាន​ទេ ពីព្រោះ​ពលរដ្ឋ​ភូមិ​នេះ​រស់​នៅ​ជា​លក្ខណៈ​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ លោក​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​មាន​សិទ្ធិ​បណ្ដេញ​សមាជិក​សហគមន៍​ហើយ​កាន់​កាប់​ដីធ្លី​តាម​ទំនើង​ចិត្ត​បាន​ឡើយ៖ «ម្សិលមិញ​ខ្ញុំ​បាន​ណែនាំ ៤៥​គ្រួសារ​ហើយ ខ្ញុំ​បាន​ដឹង​ដើមហេតុ​ហើយ អ៊ីចឹង​ខ្ញុំ​អញ្ជើញ ៨​គ្រួសារ​​ពាក់ព័ន្ធ ស្អែក​ម៉ោង ៨​ព្រឹក​មក​សាលាឃុំ»

ពលរដ្ឋ​ភូមិ​ប៉ក់ធំ ដែល​ត្រូវ​អ្នក​ភូមិ ៨​គ្រួសារ​បណ្ដេញ គឺ​លោក ពូយ ឌូន បញ្ជាក់​ថា អ្នក​ភូមិ ៤៥​គ្រួសារ បាន​សង់​ផ្ទះ​នៅ​កន្លែង​មាន​ទំនាស់​តាំង​ពី​ឆ្នាំ​១៩៩០ បន្ទាប់​ពី​អ្នក​ភូមិ​ចាក​ចេញ​ពី​ភូមិ​ចាស់ ដែល​នៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ​លេខ ៧៨​អា។ លោក​ថា អ្នក​ភូមិ ៨​គ្រួសារ​ដែល​រស់​នៅ​ជាប់​ផ្លូវ​ជាតិ បាន​ទាមទារ​កាន់កាប់​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ ដោយ​សំអាង​ថា ជា​ចុង​ដី​របស់​ពួកគេ។ លើស​ពី​នេះ ប្រសិន​អ្នក​ភូមិ ៤៥​គ្រួសារ​ចង់​រស់​នៅ​លើ​ដី​នេះ​បន្ត ត្រូវ​បង់​ប្រាក់​ទិញ​ដី​មួយ​គ្រួសារ ១.៥០០​ដុល្លារ៖ «ធ្វើ​ផ្ទះសម្បែង​ហើយ​គេ​ឲ្យ​រុះ​ដើម​ចេក ដូង គេ​អត់​ឲ្យ គេ​ថា​ដី​គេ​ខ្លះ​គេ​ដាំ​ស្វាយ​ផ្លែ​អស់​ហើយ គេ​ដក​ផ្ទះ បើ​រុះ​ផ្ទះ​គេ​ថា​មួយ​ជុំ​ផ្ទះ​មួយ​ពាន់​ប្រាំ​រយ ខ្លះ​ពីរ​ពាន់​ប្រាំ​រយ»

អ្នក​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ការ​បណ្ដេញ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​រឿង​ដីធ្លី​ថា ជា​អំពើ​ខុស​ច្បាប់ រំលោភ​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា អាជ្ញាធរ​ឃុំ​មាន​ភារកិច្ច​បញ្ឈប់​ការ​រំលោភ​បំពាន​នេះ និង​ចាត់​វិធានការ​ការពារ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន៖ «គាត់​ធ្វើ​ការ​បែងចែក​ដី​ដោយ​ខ្លួន​ឯង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​គាត់​មិន​អាច​ប្រើ​សិទ្ធិ​ហ្នឹង​បាន​ទេ អ៊ីចឹង​ប្រសិន​អាជ្ញាធរ​ប្រើ​យុទ្ធសាស្ត្រ​ពីរ​ហ្នឹង​គាត់​អាច​កាត់​បន្ថយ​ទំនាស់​បាន»

នៅ​ថ្ងៃ​ទី​៤ ខែ​សីហា អាជ្ញាធរ​ឃុំ​នឹង​កោះ​ហៅ​អ្នក​ភូមិ ៨​គ្រួសារ មក​សម្របសម្រួល និង​ណែនាំ​ផ្លូវ​ច្បាប់​​ទាក់ទិន​ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​សហគមន៍​ជាមួយ​គ្នា។ មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា ប្រសិន​ការ​សម្រប​​សម្រួល​មិន​បាន​លទ្ធផល​លោក​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles