Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មន្ត្រី​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង​សម្អាត​អនាម័យ​និង​សណ្ដាប់ធ្នាប់

$
0
0

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​មន្ត្រី​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ច្រក​ចាំយាម ខេត្ត​កោះកុង ឲ្យ​ជួយ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​មាត់​ច្រក​នេះ​ឲ្យ​មាន​សោភ័ណភាព និង​មាន​របៀប​រៀបរយ ព្រោះ​បច្ចុប្បន្ន​នេះ បើ​ធ្វើ​ការ​ប្រៀបធៀប​អនាម័យ​បរិស្ថាន​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​ខាង​ទឹក​ដី​ថៃ វិញ គឺ​ច្រក​ទ្វារ​ខាង​កម្ពុជា គ្មាន​សណ្ដាប់ធ្នាប់ និង​គ្មាន​អនាម័យ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម​មួយ​ចំនួន​រួម​មាន សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា បរិស្ថាន​អនាម័យ និង​សណ្ដាប់ធ្នាប់​នៅ​ច្រក​ទ្វារ​កម្ពុជា-ថៃ ច្រក​ចាំយាម មាន​សភាព​គគ្រិច និង​តែង​ទទួល​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ដែល​បាន​ចុះ​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ច្រក​ចាំយាម ខេត្ត​កោះកុង បាន​ស្នើ​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​ច្រក​ទ្វារ​ចាំយាម ត្រូវ​ជួយ​សម្អាត​បរិស្ថាន​នៅ​តាម​ច្រក​មួយ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​រាល់​ថ្ងៃ​នេះ ព្រោះ​ច្រក​នេះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចេញ​ចូល​ជាប់​មិន​ដាច់ ប៉ុន្តែ​បែរ​ជា​បរិស្ថាន​ខាង​ទឹក​ដី​កម្ពុជា គ្មាន​អនាម័យ​ទេ។

បន្ថែម​លើ​នេះ លោក ញៀប សំអឿន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​នៅ​ច្រក​ទ្វារ​នេះ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​នៃ​ការ​ចត​យានយន្ត​ឲ្យ​មាន​របៀប​រៀបរយ ពិសេស​រថយន្ត​ដឹក ឬ​ផ្ទេរ​ទំនិញ ជាដើម៖ «យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ លោក​បន្ត​យក​ចិត្ត​ទុក​ដាក់​នូវ​ទំនិញ​ខូច​គុណភាព ក៏ដូចជា​ការ​រៀបចំ​នូវ​ច្រក​ចេញ​ចូល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង នេះ។ ស្នើ​ឲ្យ​លោក​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ ធ្វើ​ម៉េច​ឲ្យ​មើល​ទៅ​មាន​សោភ័ណភាព​ល្អ ព្រោះ​រាល់​ថ្ងៃ​នេះ យើង​មើល​ទៅ​ឃើញ​មិន​ទាន់​រៀបចំ​សណ្ដាប់ធ្នាប់​ហ្នឹង​មិន​ទាន់​បាន​ល្អ​ទេ គឺ​នៅ​មាន​ចត​រថយន្ត ឬ​ម៉ូតូ​ពាសពេញ​ផ្លូវ​អនាធិបតេយ្យ និង​គ្មាន​សណ្ដាប់ធ្នាប់​ទេ»

ទាក់ទង​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ក៏​ស្នើ​ឲ្យ​មន្ត្រី​ទទួល​ខុស​ត្រូវ​ច្រក​ទ្វារ​ចាំយាម ខេត្ត​កោះកុង ត្រូវ​ពង្រឹង​ការងារ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​មាត់​ច្រក​នេះ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រិះគន់ ដែល​នាំ​ឲ្យ​បាត់បង់​កិត្តិយស​ប្រទេស​កម្ពុជា។

មន្ត្រី​សមាគម​អាដហុក និង​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង ក៏​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ មាន​ក្រសួង​មហាផ្ទៃ ជាដើម ពិនិត្យ​មើល និង​ជំរុញ​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​ចាំយាម ខេត្ត​កោះកុង នេះ ឲ្យ​ពង្រឹង​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​កុំ​ឲ្យ​ខ្មាស​ខាង​ភាគី​ថៃ និង​អាប់ឱន​ដល់​កិត្តិយស​ប្រទេស​កម្ពុជា ថែម​ទៀត​នា​ថ្ងៃ​អនាគត។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ង៉ុយ ជៀង ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​នៅ​តាម​ច្រក​ទ្វារ​ចាំយាម​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​សីហា។

ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ចាំយាម នេះ ក៏​បាន​រិះគន់​បរិស្ថាន​ខាង​ទឹកដី​កម្ពុជា ថា​គ្មាន​អនាម័យ​ដែរ។ ភ្ញៀវ​ទេសចរ​ទាំងនោះ ក៏​ស្នើ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ត្រូវ​ដាក់​ផែនការ​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ឲ្យ​មាន​សោភ័ណភាព​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​បើ​ប្រៀបធៀប​បរិស្ថាន​អនាម័យ​នៅ​ខាង​ទឹក​ដី​ថៃ វិញ ខុស​គ្នា​ស្រឡះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles