
អ្នកស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរស់នៅជិតព្រំដែនថៃ នាំគ្នាឡើងភ្នំ ចូលព្រៃរកអនុផលព្រៃឈើទៅលក់នៅប្រទេសថៃ បន្ថែមលើមុខរបរធ្វើស្រែចម្ការ។ អ្នកចូលព្រៃភាគច្រើន រកបេះផ្កា ឬរុក្ខជាតិដែលដុះបញ្ញើលើដើមឈើ និងល្បាក់ភ្នំ។
ពលរដ្ឋរស់នៅឃុំអន្លង់រាប ប្រមោយ និងឃុំថ្មដា ស្រុកវាលវែង ដែលប្រកបរបរពឹងផ្អែកពីអនុផលព្រៃឈើនៅតាមជួរភ្នំ សុទ្ធតែធ្លាប់មានប្រវត្តិពស់ចឹក ជាន់មីន និងធ្លាក់ពីលើដើមឈើជាដើម។
ថ្វីត្បិតតែរបរនេះប្រកបដោយគ្រោះថ្នាក់ក្ដី ប៉ុន្តែពលរដ្ឋមួយចំនួនរស់នៅតំបន់នេះ នៅតែបន្តលះបង់ និងប្រថុយប្រថាន ដើម្បីដោះស្រាយជីវភាពគ្រួសារ។
កសិករធ្វើចម្ការ និងបេះផ្កាព្រៃលក់ នៅឃុំអន្លង់រាប លោក រស់ ភ័ណ្ឌ ធ្លាប់ពស់ចឹកពេលចូលព្រៃរកផ្កាឲ្យដឹងថា ដើមរុក្ខជាតិ ឬផ្កាដែលជនជាតិថៃ និយមទិញទៅដាក់តាំងលម្អផ្ទះ គឺមានដុះតែនៅល្បាក់ថ្មភ្នំ ឬដើមឈើខ្ពស់ៗ។ ក្នុង១សប្ដាហ៍លោកឡើងភ្នំបេះផ្កាបានតែពីរ ឬបីថ្ងៃប៉ុណ្ណោះ ដោយសារលោករវល់ធ្វើចម្ការ។ មុខរបរលក់ផ្កា ដែលខ្លួនខំឡើងបេះពីភ្នំ និងប្រមូលទិញពីអ្នកស្រុកដើម្បីទៅលក់បន្តនៅប្រទេសថៃ ជារៀងរាល់ចុងសប្ដាហ៍នោះ បានប្រាក់ចំណេញខ្លះគ្រាន់ដោះស្រាយជីវភាព ប៉ុន្តែបច្ចុប្បន្នផ្កាព្រៃកាន់តែអស់ទៅៗ៖ «ផ្កានៅតាមតំបន់ព្រៃភ្នំផុតពីចម្ការ វាលៗអស់ទៅ មានព្រៃធំៗ តាមព្រៃគេដឹកឈើ យើងជិះម៉ូតូទៅដល់សម្លឹងឃើញទៅឡើងយកចងខ្សែសម្រូតវាចុះក្រោមមក។ ខ្ញុំព្រួយខ្លាំងដែរហ្នឹង ពេលរកខ្លួនឯង ឡើងដើមឈើខ្លាចធ្លាក់ ខែនេះមេឃធ្លាក់មក រអិលឡើងដើមឈើស្លែច្រើនណាស់»។
លោក រស់ ភ័ណ្ឌ ប្រាប់ពីមូលហេតុផ្កាព្រៃ ឬរុក្ខជាតិផ្ញើខ្លួនលើដើមឈើកាន់តែខ្សត់ទៅ គឺដោយសារមនុស្សឡើងភ្នំដើររកវាកាន់តែច្រើន ស្របពេលដែលដើមឈើខ្ពស់ៗ ដែលផ្កាដុះលើនោះ ត្រូវបានគេកាប់បំផ្លាញ។ អ្នកស្រុកវាលវែង ដែលប្រកបមុខរបរនេះភាគច្រើនឡើងភ្នំខ្ពស់ និងចូលព្រៃជ្រៅៗ ដើម្បីបេះវាដូចជានៅលើភ្នំ១៤០០ ភ្នំ១៥០០ និងជួរភ្នំមួយចំនួនក្បែរព្រំដែនខ្មែរ-ថៃ ឋិតនៅស្រុកវាលវែង។
បន្ទាប់ពីឡើងភ្នំរកផ្កាស្ទើរពេញមួយថ្ងៃ អ្នកខ្លះប្រមូលទិញផ្កាពីអ្នកស្រុកបន្ថែមលើផ្កាដែលខ្លួនរកបាន កាត់រំលែកផ្កា ឬដើមរុក្ខជាតិដែលរកបាននោះចងជាដុំៗ និងស្រោចទឹកឲ្យស្រស់ ដើម្បីត្រៀមដឹកតាមម៉ូតូទៅលក់នៅខេត្តត្រាត ប្រទេសថៃ។ រៀងរាល់ថ្ងៃសៅរ៍ នៃសប្ដាហ៍នីមួយៗភាគីថៃ បានបើកច្រករបៀងថ្មដាឲ្យពលរដ្ឋខ្មែរចូលលក់ផ្កា និងរបស់របរផ្សេងៗ ដោយតម្រូវឲ្យពលរដ្ឋម្នាក់បង់លុយជូនមន្ត្រីច្រកទ្វារ នៃខេត្តទាំងពីរអស់ ៧០បាត។
លោក រស់ ភ័ណ្ឌ ថា ស្ថានភាពលក់ដូរផ្កា និងរុក្ខជាតិដាក់តាំងលម្អផ្ទះនៅក្នុងទឹកដីថៃ បច្ចុប្បន្នមិនសូវដាច់ និងលក់បានថ្លៃដូចមុនទេ ដោយសារតែម៉ូយទទួលទិញយកទៅលក់បន្តនោះមិនយករាល់សប្ដាហ៍នោះទេ៖ «ខ្ញុំទិញពីគេ ជួនទិញបានបីគីឡូក្រាម ជួនដប់គីឡូក្រាម តាមតិចតាមច្រើនគេយកមកលក់ឲ្យ។ គិតទៅក្នុង ១គីឡូ ២ម៉ឺន ៥ពាន់រៀល ចំពោះផ្កាលឿងចាន់។ ...ចំណេញបាន ១គីឡូក្រាម ៥០បាត អត់ទៀងជួនកាលបាន ១០០បាត»។
ប្រភេទផ្កា និងដើមរុក្ខជាតិសំខាន់ៗ ដែលជនជាតិថៃ និយមទិញយកទៅលក់បន្ត ឬដាក់តាំងលម្អផ្ទះ មានជាច្រើនមុខដូចជា ផ្កាលឿងចាន់ ឆាងម៉ាងឃ្លី ពុកមាត់នាគ រំសាយសក់ និងផ្កាបីសន្លឹកជាដើម។ ចំពោះតម្លៃផ្កាកម្រដូចជា លឿងចាន់ និងពុកមាត់នាគ គេថ្លឹងគីឡូលក់ គឺ ១គីឡូក្រាមតម្លៃ ៤៥០បាត ឬស្មើនឹងជាង ៥ម៉ឺនរៀល។ ចំណែកផ្កាផ្សេងៗ ចងបាច់ប៉ុនៗកដៃ លក់បានចន្លោះពី ៧ ទៅជាង ១០បាត។
បើទោះបីជារបរនេះបាននាំឲ្យពួកគាត់អាចរកប្រាក់ចំណូលសមរម្យក្ដី ប៉ុន្តែអ្នកភូមិខ្លះបានបោះបង់ចោលរបរដ៏ប្រឈមនេះ។
បុរសវ័យកណ្ដាលម្នាក់ដែលបាក់ឆ្អឹងត្រគាកខាងស្ដាំដោយសារឡើងដើមឈើបេះផ្កាយកទៅលក់ គឺលោក ស៊ីម ណុល មានប្រសាសន៍ថា រូបលោក និងអ្នករកផ្កាផ្សេងទៀត អាចមានគ្រោះថ្នាក់គ្រប់វិនាទីបើហ៊ានធ្វេសប្រហែស ទើបលោក និងអ្នកធ្លាប់រកផ្កាជាមួយគ្នាខ្លះឈប់រករបរនេះ។
លោករំលឹកថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៤ លោកបានប្រកបមុខរបរបេះផ្កាលក់ គឺអាចរកចំណូលបានចន្លោះពី ២៥ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ក្នុង១សប្ដាហ៍ ព្រោះក្នុង ១សប្ដាហ៍ ភាគីថៃ បើកឲ្យពលរដ្ឋខ្មែរចូលទៅលក់ដូរ ឬទិញទំនិញនៅទឹកដីគេម្ដង។ ប៉ុន្តែជាអកុសល លោកធ្លាក់ពីលើដើមឈើកម្ពស់ជាង ២០ម៉ែត្រ ធ្វើឲ្យលោកស្អប់មុខរបរនេះរហូតមកដល់សព្វថ្ងៃ ហើយសុខចិត្តធ្វើស្រែចម្ការជំនួសវិញ៖ «ធ្លាក់មកមានដឹងខ្លួនណា សន្លប់ប្រហែលបីម៉ោង ដឹងខ្លួនមកវាយប់ហើយព្រិលៗ មកផ្ទះមានរួចណា យើងងើបក៏មិនរួចអីក៏មិនរួចស្ពឹកអស់រលីងហើយហ្នឹងខ្លួន អត់ដឹងថាសាច់យើងនៅត្រង់ណាអីត្រង់ណាអត់ដឹងទេមួយកំណាត់ក្រោមស្ពឹកទាំងអស់។ បានព្យាបាលយ៉ាងម៉េចហើយឥឡូវនេះ? ខ្ញុំព្យាបាលដោយគ្រូខ្មែរ តឆ្អឹងតអីឲ្យយើងបានដើររួចវិញ តែដើរអត់មានជំហរដូចពីមុនដូចរាងខើចៗម្ខាង។ តូចចិត្តចេះតែតូចចិត្តហើយ តែអានេះធ្វើម៉េចដើម្បីជីវភាពគ្រួសារ យើងចេះតែខំប្រឹងទៅ»។
បច្ចុប្បន្នរបួសឆ្អឹងត្រគាករបស់លោកបានជាសះស្បើយហើយ ប៉ុន្តែនៅឈឺចាប់ម្ដងៗ ពេលមេឃត្រជាក់ និងមិនអាចដើរផ្លូវឆ្ងាយបាន ព្រោះរបួសឆ្អឹងត្រគាកនោះ បានបណ្ដាលឲ្យជើងខាងស្ដាំខ្លីជាងជើងខាងឆ្វេង។ របរឡើងភ្នំបេះផ្កាលក់នេះ បានបន្សល់នូវវិប្បដិសារីដល់គាត់ជានិច្ច៕