យុវជនមួយក្រុមដែលគេស្គាល់ថា ជាយុវជន កែម ឡី និយម គ្រោងនឹងបញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដីអំពីឃាតកម្មចំពោះបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ជូនសិស្ស និស្សិតចំនួន ៤០នាក់ ដោយមានបណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមជាវាគ្មិនផង។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានឲ្យអាស៊ីសេរី ដឹងតាមទូរស័ព្ទថា ក្រុមរបស់លោកនឹងបញ្ចាំងវីដេអូទូរទស្សន៍អាល់ហ្សាហ្សេរ៉ា ប្រវែងជិតកន្លះម៉ោង ដោយមានការបកប្រែជាភាសាខ្មែរផង និងវីដេអូឯកសារពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី នៅស្តារម៉ាត កាល់តិច បូកគោ ដែលត្រូវបានគេបង្ហាញនៅតុលាការ ដោយលោកអះអាងថា មានចំណុចគួរឲ្យសង្ស័យជាច្រើន៖ «មានចំណុចសង្ស័យមួយចំនួនដែលយើងមើលឃើញថា វីដេអូហ្នឹងត្រូវបានគេបង្កើតឡើង។ ឧទាហរណ៍ដូចជារូបភាពបាញ់សម្លាប់នៅស្តារម៉ាតហ្នឹងឃើញអាក់ៗ តែរូបភាពនៅខាងក្រៅឃើញច្បាស់ ហើយក្នុងស្តារម៉ាតហ្នឹងមានកាមេរ៉ាច្រើនណាស់ តែគេបង្ហាញតែមួយជ្រុង»។
លោក មួង សូនី បន្ថែមថា ការរៀបចំបញ្ចាំងនេះ គឺគម្រប់ខួប ៨ខែនៃការបាញ់ប្រហារបណ្ឌិត កែម ឡី ផង និងមុនពេលតុលាការប្រកាសសាលក្រមលោក គឹម សុខ នៅថ្ងៃទី២៣ ខែមីនា ក្រោមបទបរិហារកេរ្តិ៍រដ្ឋាភិបាល ពាក់ព័ន្ធនឹងឃាតកម្មនេះផងដែរ៖ «នៅក្នុងលក្ខខណ្ឌណាដែលរដ្ឋាភិបាលមិនព្រម... តុលាការមិនព្រមរកយុត្តិធម៌ បង្ហាញភស្តុតាងដូចជាកាមេរ៉ា កាត់ទោសដោយតម្លាភាព ដែលគេអាចជឿទុកចិត្តបានទេ មន្ទិលសង្ស័យទាំងអស់ហ្នឹងគេនៅតែរុញច្រានដាក់រដ្ឋាភិបាលដដែល»។
កម្មវិធីបញ្ចាំងវីដេអូរបស់ក្រុមយុវជន នឹងចាប់ផ្ដើមពីម៉ោង ២ ដល់ ម៉ោង ៥ល្ងាច ថ្ងៃអាទិត្យ នៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការពលរដ្ឋដើម្បីអប់រំ ដែលមានអាសយដ្ឋានផ្ទះលេខ A13 ផ្លូវលេខ ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕