Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ

$
0
0

នៅ​រដូវ​បិទ​នេសាទ​ដែល​ទឹក​បឹង​ទន្លេសាប​ចាប់​ផ្ដើម​ឡើង​ហូរ​ចូល​ព្រែក និង​បឹងបួ​ជាច្រើន​នោះ បទល្មើស​ដាក់​របាំង​សាច់​អួន​ក៏​កើត​មាន​ច្រើន​ដែរ។ សហគមន៍​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​កាប់​ព្រៃ​លិច​ត្រៀម​ដាក់​របាំង និង​មាន​របាំង​ជាច្រើន​ខ្សែ​ប្រវែង​វែង កំពុង​ដាក់​ចាប់​ត្រី​ដោយ​សមត្ថកិច្ច​មិន​បង្ក្រាប។ មន្ត្រី​ជំនាញ​ខេត្ត​នេះ​អះអាង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​រាល់​ថ្ងៃ។

របាំង​សាច់​អួន​ចំនួន ៨​ខ្សែ​ប្រវែង​មិន​ក្រោម ៥០០​ម៉ែត្រ កំពុង​ដាក់​បង្កប់​ទឹក​នៅ​ភូមិ​ព្រែកឆ្ដោ ឃុំ​កំពង់អុស ស្រុក​ជលគីរី ខណៈ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​ត្រូវ​បាន​ជនល្មើស​លួច​កាប់ និង​ដុត​ចោល​ចំនួន​ពីរ​ប្រឡោះ​ទំហំ​ទទឹង​ប្រហែល​ពីរ​ម៉ែត្រ និង​បណ្ដោយ ១​គីឡូម៉ែត្រ។ បញ្ហា​នេះ តំណាង​សហគមន៍​នេសាទ​រាយការណ៍​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជាច្រើន​សប្ដាហ៍​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចុះ​បង្ក្រាប។

ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់អុស ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ពេល​ចុះ​បង្ក្រាប​បទល្មើស សមត្ថកិច្ច​ដូច​បើក​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង ព្រោះ​របាំង​ខ្លះ​មិន​បាន​បង្ក្រាប​ឡើយ ហើយ​ពេល​ប្រាប់​ទៅ គ្រាន់​តែ​ថា​នឹង​ចុះ​បង្ក្រាប។ លោក និង​សមាជិក​សហគមន៍ កំពុង​ឃ្លាំ​មើល​ទីតាំង​ដែល​ជនល្មើស​លួច​កាប់​ព្រៃ​ត្រៀម​ដាក់​របាំង​នោះ៖ «ខ្ញុំ​មាន​បណ្ដាញ​ខ្ញុំ​ដូចជា​ពលរដ្ឋ ហើយ​ដែល​ខ្ញុំ​សង្ឃឹម​ច្រើន ខ្ញុំ​តែងតែ​ប្រាប់​គាត់​ថា បើ​ឃើញ​អ្នក​ណា​ដាក់​ឲ្យ​រាយការណ៍​មក​ខ្ញុំ បន្ទាប់​មក​នឹង​ចុះ​ទៅ​មើល​ថា តើ​ឈ្មោះ​ណា​អ្នក​ដាក់​ហ្នឹង? ខ្ញុំ​មិន​ធានា​ដែរ ព្រោះ​អ្វី​ដែល​យើង​ធ្វើ គឺ​អាង​ទៅ​លើ​ការ​គាំទ្រ​ពី​ភូមិ​ឃុំ ជំនាញ និង​សមត្ថកិច្ច​នានា ប៉ុន្តែ​បើ​គាត់​មិន​គាំទ្រ ពួក​ខ្ញុំ​ក៏​មិន​ហ៊ាន​ធ្វើ​ទេ មិន​ដឹង​គិត​ទៅ​ប្រឡោះ​ណា​ទេ។ តែ​គាត់ (ពលរដ្ឋ) និយាយ​ប្រាប់​យើង​ថា ចាំ​មើល​អាទិត្យ​នេះ បើ​សិន​អត់​ធ្វើ គាត់​នឹង​ទូរស័ព្ទ​ទៅ​សួរ​ចៅហ្វាយ​ខេត្ត អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ចេះ​តែ​ចាំ​មើលៗ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ»

លោក​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​ទាន់​ពេលវេលា ដោយ​សហការ​ជាមួយ​ពលរដ្ឋ និង​តំណាង​សហគមន៍​នេសាទ ជាជាង​គ្រាន់​តែ​ថា​ចុះ​អនុវត្ត ឬ​បង្ក្រាប​ជាក់ស្ដែង។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថា​សមត្ថកិច្ច​មិន​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​ទេ។ ក្រៅ​ពី​សកម្មភាព​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ម្ដងៗ ក៏​នៅ​មាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​តាម​ស្រុក​នីមួយៗ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​រាល់​ថ្ងៃ​ដែរ។ ដូច្នេះ បើ​ពលរដ្ឋ​នៅ​ប្រទះ​ឃើញ​បទល្មើស​ត្រង់​ណា​ទៀត អាច​ប្រាប់​មក​សមត្ថកិច្ច៖ «អាច​រាយការណ៍​មក​ខ្ញុំ​ក៏​បាន ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ហ្នឹង​ក៏​បាន ឲ្យ​តែ​មក​ដល់​ភ្លាម ចាត់ការ​ភ្លាម ឲ្យ​តែ​បាន​ព័ត៌មាន​ពិតប្រាកដ​មក យើង​ចុះ​បង្ក្រាប។ អា​ពាក់ព័ន្ធ​នឹង​ឆ្ការ​ព្រៃ យើង​ហាម​ដាច់ខាត​ហើយ»

លោក ងិន ហ៊ុន ទទួល​ស្គាល់​ថា បទល្មើស​ដាក់​របាំង​ពិត​ជា​កើត​មាន​ខ្លះ​ក្នុង​រដូវ​ទឹក​ឡើង ប៉ុន្តែ​មាន​តែ​ប្រវែង ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​របាំង​ទាំងនេះ​ក៏​បាន​បង្ក្រាប​ដែរ​ក្នុង​រដូវ​បិទ​នេសាទ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ និង​សហគមន៍​នេសាទ ថា​បទល្មើស​ដាក់​របាំង​ស្បៃ​មុង និង​របាំង​សាច់​អួន​ប្រវែង​វែងៗ កើត​មាន​ច្រើន​នៅ​ស្រុក​កំពង់ត្រឡាច ស្រុក​ជលគីរី និង​ស្រុក​កំពង់លែង ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles