
ទំនាស់ដីធ្លីរវាងពលរដ្ឋ ៨១គ្រួសារ នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប ជាមួយនឹងអង្គភាពយោធា ចំណុះក្រោមយោធភូមិភាគទី៤ មួយកង នៅតែមិនទាន់ដាច់ស្រេចនៅឡើយទេ។ ទំនាស់នេះ កាន់តែធ្វើឱ្យពលរដ្ឋ ៨១គ្រួសារ មិនស្ងប់ចិត្ត ក្នុងពេលដែលអាជ្ញាធរនៅមិនទាន់ចុះទៅដោះស្រាយដីធ្លីឱ្យពួកគេវិញផង ប៉ុន្តែបែរជាមានករណីប្ដឹងផ្ដល់ពីបទព្រហ្មទណ្ឌមួយផ្សេងទៀតទៅលើតំណាងអ្នកតវ៉ាដីធ្លីនោះ។
ក្រុមអ្នកភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប អំពាវនាវឱ្យអាជ្ញាធរនៃខេត្តនេះយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគេជាមួយអង្គភាពយោធានៃយោធភូមិភាគទី៤ ឱ្យបានឆាប់រហ័សដើម្បីឱ្យពួកគេបានទទួលដីធ្លីសង់លំនៅឋានរស់នៅស្របច្បាប់វិញ។
ការទាមទាររបស់ក្រុមអ្នកភូមិនោះ ធ្វើឡើងបន្ទាប់ពីតំណាងរបស់ពួកគេ និងអ្នកភូមិចំនួន ៤នាក់ ត្រូវតុលាការខេត្តសៀមរាប ចេញដីកាកោះហៅទៅសាកសួរកាលពីថ្ងៃទី២២ ខែកក្កដា ជុំវិញសំណុំរឿងព្រហ្មទណ្ឌនៃករណីមួយផ្សេងទៀត ក្រៅពីទំនាស់ដីធ្លីជាមួយទាហាន។
អ្នកភូមិភ្នំក្រោមម្នាក់ ក្នុងចំណោម ៣នាក់ផ្សេងទៀតដែលចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីបានចេញដីកាកោះហៅទៅសាកសួរ គឺអ្នកស្រី យក់ តាំង។ អ្នកស្រីមានប្រសាសន៍ក្នុងពេលមកបង្ហាញខ្លួននៅតុលាការខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែកក្កដា ថា រូបគាត់ និងអ្នកភូមិ ៣នាក់ទៀតឈ្មោះ គ្រំ វេត ម៉ោញ គឹមលន់ និងឈ្មោះ ពេជ្រ សុខុម ត្រូវចៅក្រមស៊ើបសួរចេញដីកាកោះហៅឱ្យមកឆ្លើយបំភ្លឺពីបទធ្វើឱ្យខូចខាតដោយចេតនាដល់ទ្រព្យសម្បត្តិអ្នកដទៃ។
ស្ត្រីដដែលបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៦ មានប្ដីប្រពន្ធ ២នាក់ ឈ្មោះ រស់ យឿន និង ឈឺន ខៀន បានទៅខ្ចីដីអ្នកភូមិរបស់គាត់ដែលកំពុងមានទំនាស់ស្នាក់នៅបណ្ដោះអាសន្ន ទម្រាំទឹកទន្លេឡើងដល់ នឹងបណ្ដែតផ្ទះទឹកចាកចេញ ប៉ុន្តែរហូតដល់ខែវិច្ឆិកា ទឹកទន្លេស្រកអស់ ក៏ប្ដីប្រពន្ធ ២នាក់នោះមិនព្រមរុះរើផ្ទះចេញពីដី ទើបអ្នកភូមិរបស់គាត់នាំគ្នាសែងផ្ទះនោះទៅដាក់នៅទីផ្សេង។ ស្រាប់តែនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ គឺតុលាការបានកោះហៅរូបគាត់ និងអ្នកភូមិ ៣នាក់ទៀតទៅសាកសួរពីរឿងសែងផ្ទះនោះតែម្ដង។
អ្នកស្រី យក់ តាំង យល់ថា ទំនាស់ដីធ្លីធំដុំរវាងអ្នកភូមិចំនួន ៨១គ្រួសារ ជាមួយនឹងអង្គភាពយោធានៃយោធភូមិភាគទី៤ នៅទីនោះ មិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយផង បែរជាតុលាការកោះហៅទៅសាកសួរពីរឿងព្រហ្មទណ្ឌមួយផ្សេងទៀត គឺវាហាក់ដូចជាមានការបង្វែរមិនចង់ដោះស្រាយទំនាស់ដីធ្លីធំដុំ ហើយបង្កើតឱ្យទៅជារឿងមួយផ្សេងទៀត។
អ្នកស្រីអំពាវនាវឱ្យអាជ្ញាធរខេត្តសៀមរាប ពន្លឿនការដោះស្រាយជម្លោះដីធ្លីជាមួយកងទាហានឱ្យបានឆាប់រហ័ស៖ «ចង់ឱ្យអាជ្ញាធរជួយដោះស្រាយឱ្យបានឆាប់ៗ ពីព្រោះអីរឿងនេះវាវែងអន្លាយជាយូរណាស់មកហើយ»។
អ្នកភូមិភ្នំក្រោម ជាច្រើននាក់ ងឿងឆ្ងល់ថា តុលាការបានកោះហៅពួកគេទៅសាកសួរពីបទធ្វើឱ្យខូចខាតដោយចេតនាដោយសារតែពួកគេបាននាំគ្នាទៅសែងខ្ទមរបស់ឈ្មោះ រស់ យឿន យកទៅដាក់កន្លែងផ្សេង ប៉ុន្តែតាមការសាកសួរ គឺឈ្មោះ រស់ យឿន បានឆ្លើយថា គាត់មិនធ្លាប់ដាក់ពាក្យបណ្ដឹងប្រឆាំងអ្នកភូមិក្នុងរឿងនោះទេ ដូច្នេះតើអ្នកណាជាដើមបណ្ដឹង?
លោក រស់ យឿន ជាម្ចាស់ខ្ទមដែលត្រូវអ្នកភូមិភ្នំក្រោម នាំគ្នាសែងចេញយកទៅដាក់នៅកន្លែងផ្សេងនោះ មានប្រសាសន៍ថា អ្នកភូមិពិតជាបាននាំគ្នាសែងខ្ទមរបស់លោកចេញពីដីដែលលោកសុំគេស្នាក់នៅនោះមែន ប៉ុន្តែលោកមិនបានប្ដឹងផ្ដល់រឿងនេះទេ។ បុរសដដែលបញ្ជាក់ថា សព្វថ្ងៃនេះ ជីវភាពគ្រួសាររបស់លោកក្រីក្រខ្លាំង ដោយមួយថ្ងៃៗ លោកតែងចេញទៅរាវខ្យង និងបេះបន្លែ ក្នុងបឹងទន្លេសាប យកមកលក់ ដើម្បីទិញអង្ករដាំបាយចែកកូនហូប តើលោកមានពេលឯណាទៅប្ដឹងអ្នកភូមិទាំងនោះ៖ «ខ្ញុំមិនដែលដាក់ពាក្យបណ្ដឹង គឺអត់មានទេ។ ខ្ញុំមិនដឹងដែរ ខ្ញុំនៅតែក្នុងព្រៃ រាវខ្យង ខែនេះបេះបន្លែលក់គ្រាន់បានប្រាក់ទិញអង្ករដាំបាយហូប»។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនេះ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បីសុំការអធិប្បាយបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២៧ ខែកក្កដា។
តំណាងអ្នកភូមិភ្នំក្រោម យល់ថា ករណីដែលតុលាការខេត្តសៀមរាប កោះហៅពួកគាត់ទៅសាកសួរពីបទព្រហ្មទណ្ឌនេះ ហាក់ដូចជាមានជនណាមួយចង់បង្វែររឿងទំនាស់ដីធ្លីរវាងអ្នកភូមិ ៨១គ្រួសារជាមួយអង្គភាពយោធានៃយោធភូមិភាគទី៤ ដោយមិនចង់ដោះស្រាយដីធ្លីទាំងនោះមកឱ្យប្រជាពលរដ្ឋបានចូលទៅរស់នៅស្របច្បាប់លើដីរបស់ខ្លួនវិញ។
តំណាងសហគមន៍ទំនាស់ដីធ្លី ភូមិភ្នំក្រោម លោក គ្រំ វេត មានប្រសាសន៍ថា ទោះបីជាមានរឿងជាច្រើនទៀតកើតឡើងធ្វើឱ្យស្មុគស្មាញក៏ដោយ ក៏អ្នកភូមិរបស់លោកមិនភ្លេចរឿងទាមទារដីពីអង្គភាពយោធានោះឡើយ។
លោក គ្រំ វេត បញ្ជាក់ថា រយៈពេលជាង ២០ឆ្នាំមកហើយ អ្នកភូមិរបស់គាត់គ្មានដីរស់នៅដោយសារតែទាហានខ្ចីដីធ្វើជាឃ្លាំង ប៉ុន្តែកាលពី២-៣ឆ្នាំមុន ដីរបស់ពួកគាត់បែរជាគេយកទៅលក់ដូរមិនមែនសម្រាប់បម្រើការឱ្យវិស័យយោធាទៀតទេ៖ «ខ្ញុំថាអាជ្ញាធរគួរតែដោះស្រាយជូនប្រជាពលរដ្ឋ បើសិនជាមានឆន្ទៈដោះស្រាយ គឺមិនពិបាកទេ តែឥឡូវបែរជាយកតុលាការមកដាក់បន្ទុកលើពួកខ្ញុំថែមទៀត»។
អាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្តសៀមរាប ដើម្បីសុំការឆ្លើយតបនឹងការទាមទាររបស់អ្នកភូមិភ្នំក្រោមនេះ បានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២៧ ខែកក្កដា។
អ្នកភូមិភ្នំក្រោម ៨១គ្រួសារអះអាងថា កាលពីឆ្នាំ១៩៨៧ អាជ្ញាធរភូមិបានស្នើឱ្យពួកគាត់ចាកចេញពីលំនៅឋាន ដែលនៅលើផ្ទៃដី ១០ហិកតារ ជាប់ជើងភ្នំមួយរយៈ ដោយសារតែពេលនោះកងទ័ពវៀតណាម ដែលចូលទៅបោះទីតាំងបានបាញ់បំបែកថ្មជាច្រើន ខ្លាចក្រែងមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៩២ បន្ទាប់ពីចប់សង្គ្រាម អ្នកភូមិបានទាមទារដីនោះមកវិញ ប៉ុន្តែត្រូវអាជ្ញាធរភូមិ ឃុំមិនយល់ព្រម ដោយប្រាប់ថា ស្ថានភាពស្រុកទេសមិនទាន់ស្រួលនៅឡើយ។ លុះដល់ឆ្នាំ២០១៤ ស្រាប់តែឃើញដីភូមិរបស់ពួកគាត់នៅទីនោះ ត្រូវគេដាក់ស្លាកលក់ និងមានម្ចាស់ថ្មីខ្លះចូលទៅរស់នៅបានទើបក្រុមអ្នកភូមិភ្នំក្រោម ចាប់ផ្ដើមទាមទារយកដីមកវិញយ៉ាងស្វិតស្វាញ៕