
ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ថា សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី មានទោសព្រោះនាំបក្សពួកទៅដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ទោសថា បើសិនមានបម្រាមមិនឲ្យពលរដ្ឋទៅដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន នោះ អ្នកស្រីមិនខ្ចីទៅជាន់ទេ។
ការចោទប្រកាន់របស់ព្រះរាជអាជ្ញា និងការឆ្លើយបំភ្លឺរបស់សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ធ្វើឡើងក្នុងបន្ទប់សវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៧ ខែកក្កដា ដែលប្ដឹងសុំឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញ មកលើអ្នកស្រី ទេព វន្នី ចោល ពីករណីហិង្សាក្បែរផ្ទះលោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៣ កន្លងទៅ។
ប្រធានចៅក្រមជំនុំជម្រះ លោក ប៉ុល សំអឿន ប្រកាសថា តុលាការនឹងប្រកាសសាលដីកាថ្ងៃទី៨ ខែសីហា ខាងមុខ។
សំណុំរឿងនេះ ដើមបណ្ដឹងចោទប្រកាន់ថា អ្នកស្រី ទេព វន្នី ដឹកនាំបាតុករប្រមាណ ១០០នាក់ទៅតវ៉ាមុខផ្ទះលោក ហ៊ុន សែន និងបញ្ជាឲ្យបាតុករប្រើហិង្សាលើក្រុមសន្តិសុខសាលាខណ្ឌដូនពេញ រហូតបណ្ដាលឲ្យសន្តិសុខពីររូបរងរបួស និងបែកក្បាល។ ប៉ុន្តែជនរងគ្រោះភាគីដើមបណ្ដឹង និងតំណាងដើមបណ្ដឹងរដ្ឋប្បវេណីមិនបានចូលរួមក្នុងសវនាការនេះទេ។ ដោយឡែកអ្នកស្រី ទេព វន្នី និងសាក្សីបីនាក់ដែលជាពលរដ្ឋសហគមន៍បឹងកក់ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការថា ពួកគេទៅទាមទារតវ៉ាមានគ្នាប្រមាណ ៣០នាក់ និងមានត្រឹមបដា និងផ្កាឈូកប៉ុណ្ណោះ គ្មានដុំថ្ម ហើយក៏មិនបានប្រើហិង្សាលើក្រុមសន្តិសុខឡើយ មានតែក្រុមសន្តិសុខទេដែលប្រព្រឹត្តហិង្សាលើពួកគេរហូតធ្វើឲ្យបាតុករបាក់ដៃ បាក់ធ្មេញ និងរបួសជាដើម នៅក្នុងហេតុការណ៍នោះ។
នៅក្នុងបន្ទប់សវនាការនោះ ប្រធានចៅក្រមជំនុំជម្រះ លោក ប៉ុល សំអឿន ព្យាយាមសួរសំណួរដើម្បីចង់ដឹងថា តើអ្នកស្រី ទេព វន្នី ជាមេដឹកនាំបាតុកម្មដែលបង្កទៅជាករណីហិង្សាកាលពីឆ្នាំ២០១៣ ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដើមបណ្ដឹងប្ដឹង អ្នកស្រី ទេព វន្នី ថាជាអ្នកដឹកនាំបាតុកម្ម និងដឹកនាំបាតុករឲ្យប្រព្រឹត្តហិង្សា។
ចំណែកព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ចោទប្រកាន់ថា អ្នកស្រី ទេព វន្នី ដឹកនាំបាតុករទៅមុខផ្ទះ លោក ហ៊ុន សែន គឺមានចេតនាទុច្ចរិត ព្រោះគ្មានអនុញ្ញាតពីសាលាក្រុងភ្នំពេញ ហើយទោះជាក្រុមសន្តិសុខរារាំងហើយ ពួកគេរុលទៅមុខទៀត។ ដូច្នេះលោកថា អ្នកស្រី ទេព វន្នី មានទោសព្រោះទៅដាក់ញត្តិនៅមុខផ្ទះនាយករដ្ឋមន្ត្រី ដ្បិតអីលំនៅឋាននេះជាឯកជនរបស់លោក ហ៊ុន សែន មិនមែនអគាររបស់រដ្ឋ ឬជាអគារទីស្ដីការគណៈរដ្ឋមន្ត្រី ជាកន្លែងដែលនាយករដ្ឋមន្ត្រីធ្វើការងារនោះទេ។
សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី លើកឡើងវិញថា អ្នកស្រីមិនមែនជាអ្នកដឹកនាំបាតុកម្មទេ គ្រាន់តែជាសកម្មជនដីធ្លីដូចអ្នកផ្សេងដែរ។ ឆ្លើយតបការចោទប្រកាន់របស់ព្រះរាជអាជ្ញាដែលថា អ្នកស្រីមានទោសព្រោះទៅដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រីនោះ អ្នកស្រី ទេព វន្នី ថា បើមានបម្រាមណាមួយហាមមិនឲ្យពលរដ្ឋទៅដាក់ញត្តិនៅផ្ទះនាយករដ្ឋមន្ត្រី នោះអ្នកស្រីនឹងមិនយកទៅដាក់នៅទីនោះទេ។
រីឯមេធាវីការពារអ្នកស្រី ទេព វន្នី គឺអ្នកស្រី សាម សុគន្ធា មានប្រសាសន៍ថា ការដែលកូនក្តីអ្នកស្រី ឬពលរដ្ឋមានបញ្ហាដីធ្លីទៅសុំអន្តរាគមន៍ដល់ផ្ទះនាយករដ្ឋមន្ត្រី ព្រោះលោក ហ៊ុន សែន ធ្លាប់អន្តរាគមន៍ឲ្យពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តកំពង់ស្ពឺ នៅក្រៅឃុំ។ អ្នកស្រីបន្តថា ហេតុអីតុលាការមកចោទប្រកាន់លើកូនក្តីអ្នកស្រី បើតុលាការរកអ្នកប្រព្រឹត្តមិនឃើញផងនោះ?
នៅបន្ទប់សវនាការដែលមានវត្តមានជនជាប់ចោទ អ្នកស្រី ទេព វន្នី និងមេធាវីការពារក្តី បែរជាអវត្តមានដើមបណ្ដឹងជាសន្តិសុខខណ្ឌដូនពេញ តំណាងដើមបណ្ដឹង គឹម វុត្ថា ប្រធានក្រុមសន្តិសុខខណ្ឌដូនពេញ ដោយតុលាការបានត្រឹមអានពាក្យបណ្ដឹងរបស់ដើមបណ្ដឹងប៉ុណ្ណោះ។ ចម្លើយរបស់ដើមបណ្ដឹងទៀតសោត ចំណុចខ្លះខុសពីការពិត។ ពួកគេលើកឡើងថា នៅពេលហិង្សានោះ គឺមានសកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា ចូលរួមដែរ ប៉ុន្តែជាក់ស្ដែងក្នុងពេលតវ៉ាគឺលោកស្រី យ៉ោម បុប្ផា កំពុងជាប់ពន្ធនាគារ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគារ ដែលបានតាមដានស្ដាប់សវនាការនេះយល់ថា សំណុំរឿងនេះមានភាពមិនប្រក្រតីច្រើន។ មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយបើសិនជាខឹងអ្នកស្រី ទេព វន្នី រឿងយកញត្តិទៅដាក់ផ្ទះនាយករដ្ឋមន្ត្រី គឺបានដាក់គុកអ្នកស្រីជិតមួយឆ្នាំហើយល្មមឈប់ខឹងដោះលែងអ្នកស្រីឲ្យមានសេរីភាពឡើងចុះ៖ «នៅក្នុងរឿងហ្នឹងគឺខ្វះភាពមិនប្រក្រតីនៃការសាងសំណុំរឿងតាំងពីចម្លើយ និងភស្តុតាង និយាយចំមានច្រើន»។
សកម្មជនដីធ្លីដ៏ល្បីឈ្មោះ អ្នកស្រី ទេព វន្នី ធ្លាប់ទទួលបានពានរង្វាន់ស្ត្រីភាពជាមេដឹកនាំពិភពលោករបស់អង្គការ វ៉ាយថល វ៉យស៍ (Vital Voices)។ ទន្ទឹមនឹងភាពល្បីរបស់អ្នកស្រីត្រូវជាប់ឃុំជាញឹកញាប់ ព្រោះបទចោទនានា។ តុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ ជុំវិញហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ កាលពីឆ្នាំ២០១៣។
ស្ត្រីមេម៉ាយវ័យ ៣៧រូបនេះ មានកូនពីរនាក់ក្នុងបន្ទុក និងចិញ្ចឹមម្ដាយជរាម្នាក់ទៀត។ នៅក្នុងបន្ទប់សវនាការ អ្នកស្រី ទេព វន្នី ស្នើទៅតុលាការឲ្យទម្លាក់បទចោទលើអ្នកស្រី ដើម្បីដោះលែងអ្នកស្រីឲ្យមានសេរីភាពឡើងវិញ។ អ្នកស្រីថា ការឃុំខ្លួនមនុស្សគ្មានទោសជារឿងអយុត្តិធម៌ណាស់។ អ្នកស្រីថា កូនអ្នកស្រីត្រូវការអ្នកស្រីដើម្បីមើលថែរក្សា៕