Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា-ចិន​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​សង្គម​និង​គោល​នយោបាយ​សំណង

$
0
0

ភាគី​ពាក់ព័ន្ធ​កម្ពុជា-ចិន ដែល​មាន​ទាំង​តំណាង​ក្រសួង​រដ្ឋាភិបាល​មួយ​ចំនួន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នក​ជំនាញ និង​តំណាង​សមាគម​សហគ្រាស​អគ្គិសនី​ប្រទេស​ចិន នៅ​កម្ពុជា បាន​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌។ ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នេះ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​របស់​កម្ពុជា បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​ចិន។

ការ​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (Corporate Social Responsibility) និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) និង​អង្គការ អេ.អែហ្វ.អេស.ស៊ី (AFSC) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari) រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក តឹក វណ្ណារ៉ា ថ្លែង​ថា ការ​ទាញ​យក​ផល​ចំណេញ​ពី​ការ​វិនិយោគ ការ​ប្រើប្រាស់​ភព​ផែនដី​យូរ​អង្វែង និង​សុខដុមរមនា​នៃ​ការ​រស់នៅ​របស់​ប្រជាជន ដែល​ជា​គោលការណ៍​រួម​ទាំង ៣​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម គឺ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ទិដ្ឋភាព​ចំនួន ៤ ផ្សេង​ទៀត គឺ​សេដ្ឋកិច្ច បរិស្ថាន ទីផ្សារ និង​បរិយាកាស​ល្អ​ប្រសើរ​នៃ​កន្លែង​ធ្វើ​ការងារ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ ក្រុមហ៊ុន​វិនិយោគ​ខ្នាត​ធំ និង​ខ្នាត​តូច​មួយ​ចំនួន​មក​ពី​ប្រទេស​ចិន ដូចជា​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​រុករក​រ៉ែ នៅ​មាន​កង្វះ​ខាត​នៃ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​ផ្ដល់​សំណង​សមរម្យ ដែល​ត្រូវ​តែ​ពិភាក្សា​បន្ត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ជា​គោលការណ៍​រួម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «ឧទាហរណ៍​ដូចជាជម្លោះ​ដីធ្លី និង​ដី​សម្បទាន​សេដ្ឋកិច្ច អត់​ទាន់​ដោះស្រាយ​នៅខេត្ត​ព្រះវិហារ មណ្ឌលគិរី រតនគិរី ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​អនុវត្ត​ល្អ​ហើយ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​មាន​លទ្ធភាព​ចែក​រំលែក​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា-ចិន ជុំវិញ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​ផ្ដល់​សំណង​សមរម្យ និង​យុត្តិធម៌។

លោក តឹក វណ្ណារ៉ា បន្ថែម​ថា រដ្ឋាភិបាល​ចិន ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​នៃ​សាជីវកម្ម គឺ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​ការ​វិនិយោគ​នៅ​បរទេស​ខាង​ផ្នែក​រ៉ែ និង​ថាមពល ត្រូវ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន។

តំណាង​សមាគម​សហគ្រាស​ថាមពល​អគ្គិសនី​ចិន នៅ​កម្ពុជា (Electric Power Enterprise Association) លោក សៀវ វៀវម៉ិង ថ្លែង​ថា ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ដែល​ទាញ​ប្រភព​ពី​ធ្យូង​ថ្ម និង​វារីអគ្គិសនី​ចំនួន ៦​កន្លែង ដែល​វារីអគ្គិសនី​ទាំងនេះ​ស្ថិត​នៅ​ខេត្ត​កោះកុង កំពត ពោធិ៍សាត់ តាកែវ និង​ខេត្ត​ស្ទឹងត្រែង គឺ​មាន​ភាព​ទទួល​ខុស​ត្រូវ​សង្គម ដូចជា​កាត់​បន្ថយ​ការ​ពឹង​ថាមពល​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ឡាវ ថៃ និង​វៀតណាម ចំនួន ១១​ពាន់​លាន (១១០០.០០០.០០០) គីឡូវ៉ាត់​ម៉ោង ដែល​អាច​ផ្គត់ផ្គង់​ប្រទេស​កម្ពុជា បាន។ លោក​បន្ត​ថា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ចិន ផលិត​បាន ៣.៦០០​លាន​គីឡូវ៉ាត់​ម៉ោង ដែល​ផ្គត់ផ្គង់​រហូត​ដល់ ៨០% នៅ​ទូទាំង​ប្រទេស និង​មាន​ការ​ចូលរួម​ការពារ​បរិស្ថាន មាន​ដូចជា​ផលិត​ទឹក​ស្អាត កាត់​បន្ថយ​ការ​បំភាយ​កាបូន ការ​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​បង្ហូរ​ទំនប់​ទឹក ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​ការ​ស្ថាបនា​ផ្លូវ និង​ការ​ចូលរួម​វិភាគទាន​កាកបាទ​ក្រហម​ជា​រៀង​រាល់​ឆ្នាំ ជាដើម។

ប៉ុន្តែ​លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ គឺ​ខុស​គ្នា​ទៅ​នឹង​កាតព្វកិច្ច​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម ដែល​ត្រូវ​ធានា​ថា ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នោះ ត្រូវ​តែ​ទទួល​បាន​ផល​ប្រយោជន៍។

ចំណែក​អ្នក​ជំនាញ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​មក​ពី​ប្រទេស​ចិន លោក វ៉ាង សៅហ្គង (Wang Xiaoguang) បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ចិន មួយ​ចំនួន ពុំ​ទាន់​អនុវត្ត​ភាព​ទទួល​ខុសត្រូវ​សង្គម គឺ​ដោយសារ​សហគ្រាស​ទាំងនោះ​បានលើក​ឡើង​ថា ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ គឺ​គ្រាន់​តែ​ស្វែងរក​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន និង​មាន​ប្រាក់ខែ​បើក​ឲ្យ​បុគ្គលិក។ ប៉ុន្តែ​លោក​បញ្ជាក់​ថា បន្ទាប់​ពីមាន​ការ​តស៊ូ​មតិ​អស់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​សហគ្រាស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​យល់​ដឹងកាន់​តែ​ច្រើន​អំពី​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម«ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) សង្កត់​ធ្ងន់​នៅ​ក្នុង​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ គឺ​ក្រុមហ៊ុន​ចិន ដែល​ទៅ​វិនិយោគ​នៅ​បរទេស ត្រូវ​តែ​គោរព​តាម​គោលការណ៍ និង​ច្បាប់​ប្រទេស​ទាំងនោះ កិច្ច​ការពារ​បរិស្ថាន និង​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ប្រទេស​ទាំងនោះ ធ្វើ​ម៉េច​ដើម្បី​លើក​មុខ​មាត់​ប្រទេស​ចិន ដូចជា​គោរព​ប្រជាជន​ប្រទេស​នោះ​ដូចជា​ប្រជាជន​ចិន ដែរ»

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា លទ្ធផល​ទទួល​បាន​ពី​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២៧ កក្កដា នេះ នឹង​យក​ទៅ​ចែក​រំលែក​បន្ត​ឲ្យ​ភាគី​ក្រុមហ៊ុន​សហគ្រាស និង​អង្គការ​ជាតិ-អន្តរជាតិ ព្រម​ទាំង​ទៅ​កាន់​ក្រសួង​រដ្ឋាភិបាល​ពាក់ព័ន្ធ​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles