Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

វត្ត​បាក់ណាម​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​ចាប់​ផ្ដើម​ប្រែ​មុខមាត់​ថ្មី

$
0
0

វត្ត​ប៉ាកណាម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បាក់ណាម ឋិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​នឹង​ព្រំដែន​កម្ពុជា-​វៀតណាម ចាប់​ផ្ដើម​ប្រែ​មុខ​មាត់​ថ្មី​ជា​បណ្ដើរៗ តាម​រយៈ​ការ​សាងសង់​ខ្លោង​ទ្វារ​វត្ត និង​ការ​រៀបចំ​ទីធ្លា​វត្ត មាន​ដាក់​បន្ថែម​រូប​សំណាក​ជាដើម។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​វត្តមាន​ព្រះសង្ឃ​ច្រើន​អង្គ​គង់​នៅ ហើយ​យាយ​ជី តា​ជី ក៏​មាន​ច្រើន​ជាង​មុន​ដែរ។

រូប​សំណាក​យក្សា​នៅ​អម​សងខាង​មុខ​ខ្លោង​ទ្វារ​វត្ត ហាក់​អង្គុយ​យាម​វត្ត​បាក់ណាម ដែល​ហ៊ុមព័ទ្ធ​ដោយ​ជនជាតិ​វៀតណាម ការពារ​សត្រូវ​ចូល​មក​យាយី ឬ​រំកិល​ដី​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា។ វត្ត​កម្សត់កម្រ​មួយ​នេះ ទើប​តែ​មាន​ខ្លោង​ទ្វារ​ថ្មី ប៉ុន្តែ​មិន​ទាន់​មាន​ព្រំ​ដី​នៅ​ឡើយ។ យ៉ាង​នេះ​ក្តី វត្ត​បាក់ណាម នៅ​ពេល​នេះ​មាន​ការ​ចាប់​ផ្ដើម​ប្រែប្រួល​មុខ​មាត់​ថ្មី បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​វត្ត​កាល​ពី​មួយ​ឆ្នាំ​មុន។

លោក​អាចារ្យ ជា ស្រ៊ាង ឲ្យ​ដឹង​ថា ថវិកា​បាន​ពី​ការ​សាងសង់​នេះ ទទួល​បាន​ពី​ថវិកា​ពលរដ្ឋ​ចូលរួម​ធ្វើ​បុណ្យ​កឋិន​កាល​ពី​ឆ្នាំ​មុន។ ក្រៅ​ពី​នេះ ថវិកា​បាន​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក​បន្ត​ថា សមិទ្ធផល​ទាំង​នេះ គឺ​ចាប់​ផ្ដើម​សាងសង់​កាល​ពី​ដើម​ឆ្នាំ​២០១៦៖ «លុយ​កឋិន​ចាត់​ចែង​បាន​ចាក់​ដី​ធ្វើ​ខ្លោង​ទ្វារ​អី​ហ្នឹង តែ​ឥឡូវ​អស់​ហើយ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​សប្បាយ​បាន​មក​ជួយ​វត្ត​បាក់ណាម បាន​ជួយ​ថែរក្សា​កេរ្តិ៍​ពុទ្ធសាសនា​យើង»

លោក​អាចារ្យ ជា ស្រ៊ាង ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ ក្រុម​គណៈកម្មការ​វត្ត​សម្រេច​សាងសង់​សាលា​ធម្មសភា ឬ​សាលាឆាន់​ថ្មី ព្រោះ​សាលាឆាន់​ចាស់​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម៖ «ខ្ញុំ​មាន​គោល​បំណង​ថា ចង់​ឲ្យ​ខាង​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សាយ​ក្រែង​មាន​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក និង​បរទេស​បាន​ឮ​ព័ត៌មាន​ហ្នឹង លោក​ជួយ​ថវិកា​សាងសង់​សាលាឆាន់»

ពី​វត្ត​មួយ​មាន​ព្រះសង្ឃ​ពីរ​អង្គ និង​យាយ​តា​​ជី​តែ​ពីរ​នាក់ នៅ​ជួយ​មើល​ការ​ខុសត្រូវ  និង​បម្រើ​ព្រះសង្ឃ ប្រែ​មក​មាន​ព្រះសង្ឃ ១៥​អង្គ​គង់​នៅ និង​មាន​យាយជី តាជី រហូត​ដល់​ទៅ ៧​នាក់ ចាំ​ជួយ​បម្រើ​ព្រះសង្ឃ និង​ជួយ​មើល​ការ​ខុស​ត្រូវ​វត្ត។ ពី​ខ្លោង​ទ្វារ​ឈើ ក្លាយ​ជា​ខ្លោង​ទ្វារ​ថ្ម ទាំង​មុខ​វត្ត និង​នៅ​ផ្លូវ​ធំ​ក្រាល​កៅស៊ូ។ ក្រោយ​ពី​មាន​ខ្លោង​ទ្វារ​ថ្មី​នេះ ក្រុម​គណៈកម្មការ​វត្ត​សម្រេច​ដាក់​ឈ្មោះ​វត្ត​ខេមររាជាការាម ហៅ​វត្ត​ប៉ាកណាម ទៅ​ជា​វត្ត​បាក់ណាម វិញ​ម្ដង។ ពួកគេ​យល់​ថា ពាក្យ​បាក់ណាម ជា​ពាក្យ​ខ្មែរ និង​មាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ការ​កកើត​វត្ត​នេះ។

ក្រៅ​ពី​នេះ ព្រះសង្ឃ​គង់​នៅ​វត្ត​បាក់ណាម ក៏​ចាប់​ផ្ដើម​កសាង​ចំណេះ​ដឹង​របស់​ខ្លួន ដោយ​ព្រះសង្ឃ​មាន​ចំណេះ​ដឹង​ខ្ពស់ បង្រៀន​ធម៌​វិន័យ អក្សរ​ខ្មែរ និង​ភាសា​អង់គ្លេស ដល់​ព្រះសង្ឃ​ដែល​មាន​ចំណេះ​ដឹង​ទាប។ ក្រៅ​ពី​មាន​ព្រះសង្ឃ​រៀន​សូត្រ ក៏​មាន​កូន​ខ្មែរ និង​កូន​ជនជាតិ​វៀតណាម ចូល​រៀន​ដែរ។ ព្រះសង្ឃ​បាន​យក​សាលារៀន​នៅ​ក្បែរ​វត្ត ដែល​គ្មាន​សិស្ស​រៀន និង​គ្រូបង្រៀន ធ្វើ​ជា​កន្លែង​រៀន​សូត្រ។

ព្រះតេជព្រះគុណ ច័ន្ទ សំបូរ ដែល​ជា​គ្រូបង្រៀន​មាន​ថេរដីកា​ថា នៅ​ក្នុង​មត្តេយ្យ​នេះ​មាន​សិស្ស​ទាំង​អស់ ១១​នាក់ ក្នុង​នោះ​ស្ទើរ​តែ​ទាំង​អស់​គឺ​ជា​កូនចៅ​របស់​ជនជាតិ​វៀតណាម ចូល​រៀន ចំណែក​កូន​ខ្មែរ​មាន​តែ​ម្នាក់​ទេ​បាន​ចូល​រៀន។ ព្រះអង្គ​បន្ត​ថា កុមារ​ជា​កូន​ខ្មែរ មិន​សូវ​បាន​មក​រៀន​ជាប់​លាប់​ដូច​កុមារ​វៀតណាម ទេ៖ «មាន​អារម្មណ៍​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ ពេល​ដែល​បង្រៀន​ក្មេងៗ មិន​គិត​ថា​ជា​វៀតណាម ឬ​ជា​កម្ពុជា​ទេ»

វត្ត​បាក់ណាម ស្ថិត​នៅ​ភូមិ​ប៉ាកណាម ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម។ បើ​ធ្វើ​ដំណើរ​ទៅ​វត្ត​បាក់ណាម ពី​ភ្នំពេញ គេ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ក្រុង​តាខ្មៅ ឆ្លង​កាត់​ស្ពាន​ស្វាយរលំ រួច​បន្ត​ដំណើរ​តាម​ផ្លូវ​លេខ ៦៨ តាម​បណ្ដោយ​ទន្លេ​បាសាក់ ចម្ងាយ​ប្រហែល ៩០​គីឡូម៉ែត្រ ទៅ​ដល់​បារាស​ប៉ុស្តិ៍​យាម​របស់​នគរបាល រួច​បត់​ឆ្វេង​ដៃ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ភូមិ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ទៀត ទើប​បាន​ដល់​វត្ត​បាក់ណាម។ វត្ត​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​បណ្ដោយ ៧០០​ម៉ែត្រ និង​ទទឹង ៣០០​ម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​ប្រមាណ ២១​ហិកតារ។

ព្រះចៅ​អធិការ​វត្ត​បាក់ណាម  ព្រះភិក្ខុ ញើង ឡេង មាន​ថេរដីកា​ថា ទោះ​វត្តមាន​ផ្ទៃក្រឡា​ធំ​ដូច​នេះ​ក្ដី ក៏ប៉ុន្តែ​ដី​នេះ​ភាគ​ច្រើន​គឺ​មាន​ជនជាតិ​វៀតណាម ជា​អ្នក​ដាំ​ដុះ​ដំណាំ​លើ​ដី​វត្ត។ ព្រះអង្គ​បន្ត​ថា ផ្ទះ​របស់​ពលរដ្ឋ​វៀតណាម ៤​គ្រួសារ​ដែល​រស់​នៅ​លើ​ដី​ខាង​មុខ​វត្ត ពួកគេ​យល់​ព្រម​រំកិល​ចេញ​ពី​ដី​វត្ត​ហើយ។ ប៉ុន្តែ​ចំពោះ​ដី​ក្រោយ​វត្ត​ដែល​ពលរដ្ឋ​ដាំ​ដំណាំ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ៖ «កាល​ពី​មុខ​លោកគ្រូ​ធម្មធរ​អនុគណ​គាត់​បាន​ខ្នះខ្នែង​ក្នុង​ការ​កសាង គាត់​បាន​នាំ​ទាំង​ចៅហ្វាយ​ខេត្ត និង​ចៅហ្វាយ​ស្រុក ជួយ​មើល​ការ​ខុស​ត្រូវ មើល​ព្រំ​ដី​ត្រឹម​ណា ចង់​ដក​ហូត​មក​វិញ»

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ប្រាប់​ថា លោក​ធ្លាប់​ដឹង​ព័ត៌មាន​ខ្លះៗ​អំពី​វត្ត​បាក់ណាម តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​បើ​ចំពោះ​ព័ត៌មាន​ផ្លូវ​ការ​ពី​មន្ត្រី​ធម្មការ​ដែល​និយាយ​ទាក់ទង​ស្ថានភាព​វត្ត លោក​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។  លោក​ថា ក្រសួង​ធម្មការ​មាន​គោលការណ៍ និង​​ផែនការ​កសាង​វត្ត​នៅ​តាម​ព្រំដែន មាន​របង និង​មាន​ប្លង់​ត្រឹមត្រូវ។

លោក​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​វត្ត​បាក់ណាម មិន​ទាន់​មាន​របង​ត្រឹមត្រូវ នៅ​ពេល​នេះ លោក​នឹង​សួរ​នាំ​ពី​ព័ត៌មាន​នេះ​ទៅ​ធម្មការ​ស្រុក ហើយ​លោក​នឹង​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ក្រោយ៖ «បើសិនជា​មាន​ការ​ផ្ដល់​ព័ត៌មាន​ពី​បង (អាស៊ីសេរី) អ៊ីចឹង ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ដែនដី និង​អ្នក​ពាក់ព័ន្ធ​ក្រែង​មាន​យុទ្ធវិធី​សាស្ត្រ​យ៉ាង​ណា​​ចាំ​ខ្ញុំ​ប្រាប់​ទៀត»

សាធារណជន​ទូទៅ​យល់​ថា វត្ត​បាក់ណាម ជា​សសរ​ព្រំដែន​ដ៏​រឹង​មាំ​ដែល​ការពារ​ព្រំដែន​ប្រទេស​កម្ពុជា ខណៈ​វត្ត​នេះ បើ​ទោះ​ជា​ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ ប៉ុន្តែ​អ្នក​រស់​នៅ​ជុំវិញ​វត្ត​នេះ គឺ​ជា​ជនជាតិ​វៀតណាម ទាំង​អស់។ មាន​ន័យ​ថា បើ​វត្ត​នេះ​រីកចម្រើន ព្រំដែន​របស់​កម្ពុជា នៅ​តំបន់​នេះ​ក៏​រឹងមាំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174