Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាច់ញាតិ​ចៅ​សង្កាត់​ប៉ោយប៉ែត​ដែល​ជាប់​ពន្ធនាគារ​បារម្ភ​ពី​សុខភាព​ស្វាមី

$
0
0

សាច់ញាតិ​ព្រួយ​បារម្ភ​ពី​សុខភាព​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ខ្លាច​ជំងឺ​របស់​ស្វាមី​កាន់​តែ​ធ្ងន់ធ្ងរ​ព្យាបាល​មិន​ទាន់ ហើយ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​លោក ចៅ វាសនា បាន​ដាក់​ពាក្យ​សុំ​ប្រធាន​ពន្ធនាគារ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ចំនួន​ពីរ​លើក​ហើយ តែ​ពុំ​មាន​ការ​ឆ្លើយតប។ប្រធាន​ពន្ធនាគារ​អះអាង​ថា មូលហេតុ​ដែល​មិន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​រូប​នេះ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ ដោយ​មើល​ឃើញ​ថា​មាន​សុខភាព​ល្អ ដែល​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។

សាច់ញាតិ​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ស្ថានភាព​ជំងឺ​របស់​លោក ចៅ វាសនា នៅ​ពេល​នេះ​ហាក់​មិន​ល្អ​ឡើយ ដែល​ត្រូវការ​ទៅ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​នៅ​ខាង​ក្រៅ​ទើប​បាន។

ប្រពន្ធ​របស់​ចៅ​សង្កាត់​ប៉ោយប៉ែត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ លោកស្រី វង្ស គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ថា លោកស្រី​តែងតែ​ទៅ​ជួប​លោក ចៅ វាសនា រៀង​រាល់​មួយ​សប្ដាហ៍​ម្ដង ហើយ​នា​ពេល​ថ្មីៗ​នេះ ប្ដី​របស់​លោកស្រី​ប្រាប់​ថា លោក​ដេក​មិន​សូវ​លក់ ហើយ​គ្មាន​កម្លាំង និង​ត្រូវការ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ។ លោកស្រី​អះអាង​ថា ស្វាមី​របស់​លោកស្រី​អស់​កម្លាំង​ដោយសារ​មាន​ជំងឺ​ថ្លើម ដែល​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ ព្រោះ​នៅ​ក្នុង​ពន្ធនាគារ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ៖ «បើ​គាត់​សុខភាព​ធម្មតា គាត់​មិន​ស្នើសុំ​ព្យាបាល​ខាង​ក្រៅ​ទេ។ ដល់​ពេល​គាត់​មិន​ស្រួល បាន​គាត់​ចង់​ទៅ​ព្យាបាល​ដើម្បី​ព្យាបាល​ទាន់​ពេល កុំ​ឲ្យ​ជំងឺ​រាលដាល​ទៅ​មុខ​ទៀត»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​ថា សុខភាព​របស់​លោក ចៅ វាសនា រឹងមាំ​ល្អ ហើយ​លេង​កីឡា​បាន​ជា​រៀង​រាល់​ថ្ងៃ គឺ​ពុំ​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​នោះ​ទេ៖ «អត់​មាន​អី សុខភាព​គាត់​ធម្មតា​ទេ ក្រោយ​ពី​គាត់​វះ​កាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​មក​នោះ។ ក្រោយ​ពី​ខ្ញុំ​យក​គាត់​ចេញ​ពី​មន្ទីរពេទ្យ​មក ខ្ញុំ​ឲ្យ​គាត់​សម្រាក​នៅ​មណ្ឌល​សុខភាព​របស់​ពន្ធនាគារ​រហូត ហើយ​គាត់​រស់នៅ​បាន​ស្រួល​ជាង​គេ​ទៀត​ផង»

មន្ត្រី​សម្របសម្រួល​ផ្នែក​ពេទ្យ​ប្រចាំ​អង្គការ​លីកាដូ (LICADHO) លោក​វេជ្ជបណ្ឌិត ខាត់ អាន លើក​ឡើង​ថា ជំងឺ​ថ្លើម​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន ប្រសិន​បើ​អ្នក​ជំងឺ​ពុំ​បាន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​នោះ៖ «យើង​អត់​អាច​ដឹង​ថា​រយៈពេល​យូរ​ប៉ុន្មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​វិធី​ដែល​ល្អ​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​មេរោគ​ថ្លើម សំខាន់​គឺ​គាត់​ត្រូវ​តាមដាន​ជាមួយ​គ្រូពេទ្យ​ទៀងទាត់ ហើយ​ពិនិត្យ​មុខងារ​ថ្លើម​គាត់​ខូចខាត ឬ​មិន​ទាន់​ខូចខាត​ទេ។ ហើយ​របប​អាហារ​នៃ​ការ​រស់នៅ​ក៏​សំខាន់​សម្រាប់​អ្នក​ជំងឺ​នេះ​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក ចៅ វាសនា មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត គឺ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​តុលាការ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ ព្រោះ​មិន​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​ដើម្បី​បាន​ព្យាបាល​ជំងឺ។

ចៅ​សង្កាត់​ប៉ោយប៉ែត ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ចាប់​ពី​ជាប់​ឆ្នោត​មក ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​រហូត ដោយ​ពុំ​មាន​ឱកាស​បាន​ទៅ​បំពេញ​តួនាទី​ជូន​ម្ចាស់​ឆ្នោត​នៅ​ឡើយ​ទេ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​លោក ចៅ វាសនា នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​រុញ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

អង្គការ​សង្គម​ស៊ីវិល​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​នេះ ដោយសារ​តែ​លោក​ជា​មនុស្ស​មាន​ប្រជាប្រិយភាព ហើយ​ការ​ចាប់​ចង​នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles