
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជិត ៣០ស្ថាប័ន អំពាវនាវយ៉ាងទទូចដល់សាលាឧទ្ធរណ៍ ឲ្យបដិសេធសាលក្រមផ្ដន្ទាទោសអ្នកស្រី ទេព វន្នី និងដោះលែងសកម្មជនដីធ្លីរូបនេះឲ្យមានសេរីភាពវិញ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃទី២៦ កក្កដា ខណៈសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងរបស់អ្នកស្រី ទេព វន្នី ប្រឆាំងនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៧ កក្កដា។
ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកការផ្ដន្ទាទោសអ្នកស្រី ទេព វន្នី ជុំវិញរឿងហិង្សាដោយចេតនាក្បែរផ្ទះនាយករដ្ឋមន្ត្រី គឺជាការផ្ដន្ទាទោសដោយអយុត្តិធម៌ ហើយការឃុំខ្លួនអ្នកស្រីជិតមួយឆ្នាំមកនេះ គឺជាការបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សដែលហ៊ានរិះគន់មិនសំចៃមាត់នៅកម្ពុជា មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ចូលមកដល់។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា ការតវ៉ាដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិ មិនមែនជាបទល្មើសនោះទេ ហើយអ្នកការពារសិទ្ធិមនុស្សក៏មិនគួរត្រូវបានដាក់ទោស ដោយសារតែការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានដោយសន្តិវិធីនោះឡើយ។
ក្រុមអង្គការសង្គមស៊ីវិលសង្ឃឹមថា សាលាឧទ្ធរណ៍នឹងប្រើប្រាស់ឯករាជភាពរបស់ខ្លួន ស្វែងរកយុត្តិធម៌ជូនអ្នកស្រី ទេព វន្នី ហើយពួកគេក៏សង្ឃឹមដែរថា អាជ្ញាធរកម្ពុជា នឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់លើសកម្មជនរូបនេះ៕