
ប្រជាសហគមន៍ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាំគ្នាប្រមូលផ្ដុំនៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កក្កដា ដើម្បីទាមទារឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាត់ដីចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អ៊ីង ហូលឌីង (Ing Holding) និងចេញពីប័ណ្ណកម្មសិទ្ធិជូនពួកគាត់។
តំណាងពលរដ្ឋម្នាក់ លោក អ៊ុំ ណារី ឲ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នាមកទាមទារនៅមុខសាលារាជធានីភ្នំពេញនេះ ដោយសារខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតឲ្យខាងសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហានេះជូនពួកគាត់តាំងពីខែមីនា តែរហូតមកទល់ពេលនេះ សាលាក្រុងមិនទាន់ដោះស្រាយជូនពួកគាត់នៅឡើយ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺពីករណីជម្លោះដីធ្លីនេះបាននៅឡើយ នៅថ្ងៃទី២៥ កក្កដា។
លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ឲ្យដឹងថា ក្រសួងរៀបចំដែនដី បានចាត់ឲ្យក្រុមការងារដោះស្រាយវិវាទដីធ្លីចុះពិនិត្យស្រាវជ្រាវ ក្រោយពីពលរដ្ឋស្នើសុំកាត់ដីចេញពីតំបន់អភិវឌ្ឍន៍ ឃើញថាដីដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនដើម្បីធ្វើការវិនិយោគទីក្រុងរណបកាលពីឆ្នាំ២០១១ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងមួយចំនួនទៀតស្ថិតនៅក្នុងអាងស្ដុកទឹកកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតនៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខែត្រកណ្ដាល គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ម្យ៉ាងទៀត សាលារាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការអភិវឌ្ឍន៍ទីក្រុងរណបតំបន់ជើងឯក និងបង្កើតក្រុមការងារចុះស្រង់ទិន្នន័យក្បាលដីអ្នកកាន់កាប់ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបរួចហើយ ដើម្បីពិនិត្យដោះស្រាយ ដូច្នេះក្រសួងរៀបចំដែនដី បញ្ជូនសំណុំរឿងនេះឲ្យសាលាក្រុងជាសមត្ថកិច្ចដោះស្រាយ៕