Clik here to view.

ពលរដ្ឋដែលកំពុងមានជម្លោះដីជាមួយក្រុមហ៊ុនលោកឧកញ៉ា សូ ងួន និងក្រុមហ៊ុនរបស់លោកស្រី ចាន់ សុធា ស្នើឲ្យអយ្យការអមសាលាដំបូងខេត្តកំពត ទម្លាក់បទចោទប្រកាន់លើពលរដ្ឋទាំង ៧នាក់ ដែលរស់នៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។
ពលរដ្ឋមានជម្លោះដីនៅភូមិតេជោពង្រក នៃឃុំតេជោអភិវឌ្ឍន៍ លោស្រី ឡែន សូនីត ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ថា ស្វាមីរបស់លោកស្រី និងអ្នកភូមិចំនួន ៦នាក់ផ្សេងទៀត ត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពត ចេញដីកាឲ្យចូលបំភ្លឺនៅថ្ងៃទី៧ ខែសីហា ខាងមុខទាក់ទងនឹងរឿងជម្លោះដីធ្លីនេះ។
ស្ត្រីវ័យ ៣៤ឆ្នាំរូបនេះ ចាត់ទុកដីកាកោះរបស់អយ្យការអមសាលាដំបូងខេត្តកំពត ថាជាបន្ទុកថ្មីលើគ្រួសារលោកស្រីបន្ថែមពីការរំលោភបំពានដីពីសំណាក់ក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន និងក្រុមហ៊ុនរបស់អ្នកស្រី ចាន់ សុធា។ ក្រោយទទួលបានដីកាបង្គាប់ឲ្យចូលខ្លួននៅតុលាការនៅថ្ងៃទី៧ ខែសីហា ខាងមុខ ពីបទញុះញង់នោះ ស្វាមីរបស់លោកស្រីដេកភ័យរាល់ពេល និងមិនហ៊ានដើរទៅណាមកណានោះទេ សូម្បីនិយាយស្ដីជាមួយអ្នកសារព័ត៌មាន។
លោកស្រី ឡែន សូនីត៖ «ប្ដីខ្ញុំអត់ចេះអត់អីផង (អត់ចេះអក្សរ) គេហៅទៅ ភ័យចង់ងាប់ហើយ ដេកអត់លក់។ …គេថា បើគេឲ្យដីកាអ៊ីចឹងហើយ យើងអត់ទៅ គេចាប់ចងដាក់ពន្ធនាគារអីទៀត ដំណើរគេឲ្យយើងទៅផ្ដិតមេដៃប្រគល់ឲ្យដីទៅគេតែម្ដង»។
អ្នកភូមិតេជោពង្រក អះអាងថា ពលរដ្ឋដែលរងគ្រោះដោយការរំលោភយកដីរបស់ក្រុមហ៊ុនមានជាង ២០០គ្រួសារ ហើយមានគ្រួសារខ្លះគឺជាជនពិការ។ ពលរដ្ឋអះអាងថា ពួកគេបានចូលទៅកាប់រានដីនៅទីនោះ តាំងពីអំឡុងឆ្នាំ២០០០ ហើយនៅឆ្នាំ២០០៤ ក្រុមហ៊ុនរបស់ឧកញ៉ាបានបញ្ជូនគ្រឿងចក្រចូលទៅឈូសឆាយផ្ទះ និងផលដំណាំអ្នកភូមិជាបន្តបន្ទាប់។
អ្នកភូមិតេជោពង្រក អះអាងថា ម្ដងម្កាលពួកគេតែងរងការគំរាមពីក្រុមហ៊ុន និងអាជ្ញាធរភូមិឃុំថា នឹងចាប់ចងពួកគេ ព្រោះតែទៅរស់នៅអនាធិបតេយ្យលើដីរបស់ឧកញ៉ា។ អ្នកភូមិអះអាងថា ដីដែលក្រុមហ៊ុនបានគំរាម និងរំលោភយកពីអ្នកភូមិរាប់ពាន់ហិកតារ មិនត្រូវបានក្រុមហ៊ុនដាំដំណាំនោះទេ ដោយក្រុមហ៊ុនគ្រាន់តែធ្វើរបងព័ន្ធដីរាប់ពាន់ហិកតារនោះទុកចោលជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា សូ ងួន និងអ្នកស្រី ចាន់ សុធា ក៏មិនខុសពីពលរដ្ឋមានជម្លោះដីជាមួយឈ្មួញដីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង នៃស្រុកឈូក ដែរ ដោយសុទ្ធតែអះអាងថា ពួកគេគ្មានជំនឿលើអាជ្ញាធរនៅថ្នាក់ឃុំ ស្រុក និងខេត្ត ថាអាចដោះស្រាយបញ្ហាឲ្យពួកគេបាននោះទេ ដោយពួកគេសំអាងថា អាជ្ញាធរទាំងស៊ីវិល និងកងកម្លាំង បានជ្រោមជ្រែងជួយខាងឧកញ៉ាក្នុងការរំលោភយកដីពលរដ្ឋ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងលោក សូ ងួន និងអ្នកស្រី ចាន់ សុធា បានទេ នៅថ្ងៃទី២៤ ខែកក្កដា។ ចំណែកអភិបាលស្រុកឈូក លោក ខៀវ ឫទ្ធីភណ្ឌ បានចុចផ្ដាច់ទូរស័ព្ទមិនបកស្រាយអ្វីទេ នៅពេលសួរអំពីបញ្ហាជម្លោះដីធ្លីនេះ។ ទាក់ទងការចោទរបស់ពលរដ្ឋថា អាជ្ញាធរនៅខេត្តកំពត ខ្លាចអំណាចឧកញ៉ា និងឈ្មួញទិញដីអភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា ធ្លាប់បំភ្លឺថា អាជ្ញាធរមានភារកិច្ចរបស់អាជ្ញាធរ ហើយគ្មានហេតុផលអ្វីដែលត្រូវខ្លាចឈ្មួញនោះទេ។
មន្ត្រីអង្កេតនៃសមាគមអាដហុក ប្រចាំខេត្តកំពត លោក ហេង ភារៈ ស្នើឲ្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ទម្លាក់បទចោទលើពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ជៀសវាងរងការចោទប្រកាន់លើស្ថាប័នតុលាការមិនឯករាជ្យ ឬការចោទថា អ្នកមានអំណាចបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់លើពលរដ្ឋ។
លោក ហេង ភារៈ៖ «បើសិនជារកឃើញថា ការឆ្វៀលដីរបស់ក្រុមហ៊ុនហ្នឹងមិនទាន់បានយុត្តិធម៌សម្រាប់ប្រជាជនទេ អ៊ីចឹងលោកទាំងអស់ហ្នឹង (ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង) គួរតែទម្លាក់ចោលបទចោទ ទុកឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការតវ៉ាទាមទារដីដោយយុត្តិធម៌»។
សង្គមស៊ីវិលសង្កេតឃើញថា ដំណោះស្រាយរបស់អាជ្ញាធរនៅខេត្តកំពត ទាក់ទងនឹងជម្លោះដីធ្លី ហាក់អូសបន្លាយរាប់ឆ្នាំមកហើយ ដែលកត្តានេះបានធ្វើឲ្យពលរដ្ឋរងគ្រោះបានអស់ជំនឿលើអាជ្ញាធរ។ ពលរដ្ឋមានជម្លោះដីនៅស្រុកឈូក បានស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លូកដៃអន្តរាគមន៍ជួយពលរដ្ឋ។ ពួកគេចាត់ទុកការអន្តរាគមន៍របស់មន្ត្រីនៅថ្នាក់ជាតិ និងលោកនាយករដ្ឋមន្ត្រីថា ជាក្ដីសង្ឃឹមចុងក្រោយសម្រាប់ពួកគេ៕