Quantcast
Viewing all articles
Browse latest Browse all 11174

រដ្ឋាភិបាល-​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ស្នើ​​អាមេរិក​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង

Image may be NSFW.
Clik here to view.

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គាំទ្រ​ញត្តិ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) និង​សំណើ​របស់​រដ្ឋាភិបាល​ទៅ​សហរដ្ឋអាមេរិក ដែល​សុំ​ឲ្យ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ឬ​ហៅ​ថា (GSP) លើ​ការ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​ពី​កម្ពុជា។

​មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ក៏​គាំទ្រ​លើ​សំណើ​នេះ​ដែរ ប៉ុន្តែ​សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​កែលំអ​ស្ថានភាព​រស់​នៅ និង​ការងារ​របស់​កម្មករ ព្រម​ទាំង​បរិយាកាស​រោងចក្រ​កាត់ដេរ​ប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ន​នេះ ទើប​អាច​ទទួល​បាន​ការ​ស្វាគមន៍​ពី​សហរដ្ឋអាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​យល់​ថា កម្ពុជា​គួរតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង លើ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ ដូចជា​សម្លៀក​បំពាក់ និង​ស្បែកជើង​ជា​ដើម​ពី​កម្ពុជា ដូច​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ដែរ។

សហភាព​អឺរ៉ុប​បាន​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា ជាង ១០​ឆ្នាំ​មក​ហើយ។

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សហរដ្ឋអាមេរិក ក្នុង​កិច្ច​សហការ​អនុវត្ត​លើ​កម្មវិធី​ធ្វើ​ឲ្យ​បរិយាកាស​រោងចក្រ​កាត់​ដេរ​កាន់តែ​ប្រសើរ​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ៖ «ពីព្រោះ​អ្នក​វិយោគ​ត្រូវ​មាន​កាតព្វកិច្ច​ច្រើន​ជាង​នៅ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ឲ្យ​ច្បាស់​ថា ពួក​គាត​ធ្វើ​តម្រូវ​តាម​គម្រោង​រោងចក្រ​ប្រសើរ​ឡើង​នៅ​កម្ពុជា។ អ៊ីចឹង​បើ​គាត់​ធ្វើការ​ច្រើន​ជាង ហើយ​បើ​គាត់​ជាប់​ពន្ធ​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ នៅ​ពេល​នាំ​ទំនិញ​ទៅ​អាមេរិក​នោះ គឺ​ហាក់​ដូច​ជា​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដែល​ខំ​មក​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​ប្រទេស​មួយ​ចំនួន»

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា GMAC និង​រដ្ឋាភិបាល​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្នើ​សុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង សម្រាប់​ការ​នាំ​ចេញ​ស្បែក​ជើង​ពី​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា វា​ជា​ពេលវេលា​សមស្រប​មួយ​សម្រាប់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការ​ពិនិត្យ​កម្មវិធី សម្រាប់​ប្រទេស​ក្រីក្រ​ដូច​ជា​ប្រទេស​កម្ពុជា ជាដើម។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​​នេះ រដ្ឋាភិបាល​អាមេរិក កំពុង​នឹង​ពិចារណា​ផ្ដល់ GSP សម្រាប់​ផលិតផល​ស្បែក​ជើង។ ព័ត៌មាន​នេះ​គឺ​ជា​មូលហេតុ​ដែល GMAC ត្រូវ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ពិចារណា​ផ្ដល់​ឲ្យ​កម្ពុជា ផង​ដែរ។

លោក​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ គឺ​ជា​បន្ទុក​សម្រាប់​និយោជក​ដែល​នឹង​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​បន្តិច​ម្ដងៗ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា អាច​ទទួល​បាន GSP លើ​ការ​នាំ​ចេញ​ស្បែកជើង វា​ការ​ជួយ​ដ៏​ធំ​មួយ​សម្រាប់​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​ស្បែក​ជើង។

GSP របស់​អាមេរិក ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ តាំង​ពី​ឆ្នាំ​១៩៧៤ ប៉ុន្តែ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង មិន​ដែល​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នេះ​ទេ។ GMAC សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក នឹង​ពិនិត្យ​លើ​ញត្តិ​របស់​ខ្លួន និង​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែក​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​នេះ។

​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ សមាគម​កាត់ដេរ​កម្ពុជា ក៏​បាន​ការ​ស្នើ​សុំ​ក្នុង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រភេទ​ទំនិញ​កាបូប​យួរ​ដៃ​របស់​អ្នក​ដំណើរ​ផង​ដែរ។ លោក កាំង ម៉ូនីកា បន្ថែម​ថា អ្វី​ដែល GMAC មាន​ក្ដី​សង្ឃឹម​នោះ​គឺ​កម្ពុជា នៅ​ពេល​ច្រើន​ទៀត ដោយសារ​រដ្ឋាភិបាល​អាមេរិក នឹង​បញ្ចប់​ការ​ពិនិត្យ​របស់​ខ្លួន​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ក៏​មាន​ក្តី​សង្ឃឹម​ដូច​គ្នា​ដែរ៖ «ខ្ញុំ​យល់​ថា សហរដ្ឋអាមេរិក​គួរ​តែ​ផ្ដល់​ជូន​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា ដែល​ខិតខំ​ធ្វើ​ជាមួយ​នឹង ILO និង​ជាមួយ​ដៃ​នានា​កន្លង​មក​នេះ»

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់  មាន​ប្រសាសន៍​ថា សំណើ​នេះ​នឹង​មាន​ប្រយោជន៍​ច្រើន​ថែម​ទៀត​ដល់​រដ្ឋាភិបាល និយោជក និង​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ​នេះ ដោយ​អាច​សម្បូរ​ការងារ​ធ្វើ​បន្ថែម​ទៀត បើ​សិន​រដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់​ដេរ​ធ្វើការ​ងារ​នេះ​ដោយ​តម្លាភាព និង​តម្កល់​ផលប្រយោជន៍​កម្មករ​ជា​ធំ​នោះ។

​ទោះ​យ៉ាង​ណា​ក្តី លោក​នៅ​បារម្ភ​ថា កម្ពុជា​មិន​ទាន់​អាច​បំពេញ​តាម​លក្ខខណ្ឌ​ការងារ និង​បទដ្ឋាន​នានា ឬ​ស្តង់ដារ​អន្តរជាតិ ដែល​កំណត់​ដោយ​ប្រទេស​មហា​អំណាច​នៅ​លើ​ពិភពលោក​នោះ៖ «ជា​ទូទៅ​សហគមន៍​អឺរ៉ុប ដែល​បាន​ផ្ដល់ GSP និង​សហរដ្ឋអាមេរិក តែង​តែ​ភ្ជាប់​ជាមួយ​នឹង​ការ​ធានា​ចំពោះ​លក្ខខណ្ឌ​ការងារ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា ខាង​រដ្ឋាភិបាល​អាច​ធានា​ជាមួយ​សហរដ្ឋអាមេរិក ចំពោះ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​បាន​ប៉ុណ្ណា​ទេ ជា​ពិសេស​សមាគម​រោងចក្រ​កាត់​ដេរ​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​តែម្ដង»

​លោក​បន្ត​ថា កម្ពុជា​បាន​ដាក់​សំណើ​នេះ​ទៅ​សហរដ្ឋអាមេរិក ២ ទៅ ៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក នៅ​ឡើយ ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​ខ្លះ កម្ពុជា​មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អាមេរិក បាន​នៅ​ឡើយ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កម្ពុជា កន្លង​មក​មិន​ទាន់​អាច​ទទួល​បាន​អត្រា​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ឬ​សូន្យ​ភាគរយ​ហៅ​ថា GSP ដោយ​ទទួល​បាន​ត្រឹមតែ MFN ដែល​ជា​កម្រិត​អត្រា​ជាប់​ពន្ធ​ប្រមាណ ៩%។

​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ កន្លែង​ទៅ កម្ពុជា​ទទួល​បាន​អត្រា​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ពី​អាមេរិក ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​កាបូប​យួរ​ដៃ​ធ្វើ​ពី​ស្បែក​គ្រប់​ប្រភេទ។

សេចក្ដី​ប្រកាស​របស់ GMAC បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​រោងចក្រ​កាត់ដេរ​ស្បែក​ជើង​ប្រមាណ​ជិត ៦០ និង​មាន​ទំហំ​ទឹក​ប្រាក់​នាំចេញ​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles