Quantcast
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ចាប់​បាន​ជន​សង្ស័យ​ចាប់​កុមារ​ជំរិត​ទារ​លុយ

Image may be NSFW.
Clik here to view.

កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ស្ត្រី​ម្នាក់ ចាប់​កុមារ​ជំរិត​ទារ​លុយ​ពី​ឪពុក​ម្ដាយ​កុមារ​រងគ្រោះ​ចំនួន ៤​ពាន់​ដុល្លារ។ ដំណឹង​អំពី​ការ​បាត់​ក្មេង​ស្រី​អាយុ ៩​ឆ្នាំ នៅ​សាលា​បឋម​សិក្សា​អង្គ​លំទង ក្នុង​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​កុមារី​ម្នាក់​នោះ​​ចេញ​ទៅ​រៀន​បាត់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា។

កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជូន​ខ្លួន​ស្ត្រី​ជនសង្ស័យ​ចាប់​កុមារ​ជំរិត​ទារ​លុយ​ពី​ឪពុកម្ដាយ​ទៅ​កាន់​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​បាន​សាកសួរ​រួច​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ស្នងការ​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចាប់​បាន​ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ ហេង សុខលី វ័យ​ជិត ៤០​ឆ្នាំ ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​របស់​ឪពុក​កុមារី​រងគ្រោះ ដោយ​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​ហៅ​កុមារី​ទៅ​ក្នុង​គោលបំណង​ចាប់​ជំរិត​ទារ​លុយ​ចំនួន ៤​ពាន់​ដុល្លារ​ពី​ឪពុក​ម្ដាយ​កុមារ ប៉ុន្តែ​ពុំ​មាន​ធ្វើ​បាប​កុមារ​នោះ​ឡើយ។

លោក​បន្ត​ថា ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ស្ត្រី​រូប​នេះ​បម្រុង​បើក​លុយ​នៅ​កន្លែង​ផ្ទេរ​លុយ​វីង (Wing) នា​ទី​រួម​ខេត្ត​កំពង់ឆ្នាំង៖ «គាត់​រៀបចំ​បើក​ហើយ ប៉ុន្តែ​កម្លាំង​យើង​ក៏​ធ្វើ​ការ​តែម្ដង​ទៅ ព្រោះ​យើង​បាន​ភិនភាគ​មុខ​មាត់ ស្លាកស្នាម​មក​អស់​ហើយ ផ្ទៀងផ្ទាត់​ព័ត៌មាន​ត្រឹមត្រូវ​ហើយ ក៏​ចាប់​តែម្ដង។ ដាក់​លើក​ទី​១ ២​ពាន់​គាត់​ព្រម​ទៅ​បើក​ទេ គាត់​ថា ទាល់​តែ​គ្រប់​បាន​គាត់​ទៅ​បើក លើក​ទី​២ ត​ថ្លៃ​គ្នា​ទៅ​នៅ ១.៥០០ សរុប ៣.៥០០​បាន​ទៅ​បើក ក៏​បង្ក្រាប​បាន​តែម្ដង។ ក្មេង​នោះ​នៅ​ជាមួយ​អ៊ំ​ក៏​វា​មិន​យំ​មិន​អី​ដែរ»

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា កុមារី​ឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ ៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋមសិក្សា​អង្គ​លំទង ក្នុង​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី បាន​ជិះកង់​ទៅ​រៀន​ចម្ងាយ​ប្រហែល ២​គីឡូម៉ែត្រ​ពី​ផ្ទះ​ទៅ​សាលា​ដូច​សព្វដង ប៉ុន្តែ​បាន​បាត់​ខ្លួន​មិន​វិល​ត្រឡប់​មក​វិញ។ លោក​ស្នងការ​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​បញ្ជូន​កុមារី​ប្រគល់​ឲ្យ​អាណាព្យាបាល​វិញ។

ម្ដាយ​របស់​កុមារី​បាត់​ខ្លួន គឺ​លោកស្រី ភី សោភា ថ្លែង​ថា ក្រុម​គ្រួសារ​មាន​ក្ដី​ត្រេកអរ​ឥតឧបមា​នៅ​ពេល​ទទួល​បាន​ដំណឹង​ថា កូនស្រី​របស់​លោកស្រី​ពុំ​មាន​គ្រោះថ្នាក់ ហើយ​សមត្ថកិច្ច​នាំ​មក​ឲ្យ​ជួប​គ្រួសារ​វិញ៖ «សម្រាប់​ខ្ញុំ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ»

លោកស្រី​បាន​រៀបរាប់​ថា នៅ​ពេល​បាត់​កូន​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា មិន​ឃើញ​វិល​មក​ផ្ទះ លោកស្រី​បាន​សាកសួរ​ក្មេងៗ​នៅ​សាលា​ជាមួយ​បាន​ប្រាប់​ភិនភាគ​ស្ត្រី​ម្នាក់ បាន​ប្រើ​ក្មេង​ក្នុង​សាលា​ឲ្យ​ហៅ​កូន​ស្រី​គាត់ ហើយ​បាន​ក៏​នាំ​ចេញ​ទៅ។ បញ្ហា​នេះ​អ្នក​ស្រុក​អ្នក​ភូមិ​បាន​ប្រាប់​ដំណើរ​ទំនង​សង្ស័យ​លើ​ស្ត្រី​​ជា​បងប្អូន​ស្រី​ជីដូន​មួយ​ខាង​ប្ដី​លោកស្រី​ដែល​គេ​ឃើញ​មក​ភូមិ។ បញ្ហា​នេះ​គ្រួសារ​លោកស្រី និង​អាជ្ញាធរ​មូលដ្ឋាន​ប្ដឹង​ប៉ូលិស​ក្រសួង​មហាផ្ទៃ។ ជុំវិញ​ការ​បាត់​នេះ លុះ​បាន ១​ថ្ងៃ ១​យប់ ទើប​ប្ដី​របស់​លោកស្រី​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​ជន​សង្ស័យ​បាន រួច​ហៅ​ទៅ​ទើប​បាន​ជួប​កូនស្រី​របស់​គាត់​ជា​អ្នក​លើក និង​បាន​ប្រាប់​ថា គេ​ចាប់​នាង​ទៅ​ឆ្ងាយ រួច​ជន​សង្ស័យ​បាន​ប្រើ​កូនស្រី​គាត់​ឲ្យ​ហៅ​មក​ម្ដង​ទៀត និង​បញ្ជា​ឲ្យ​ផ្ញើ​លុយ​តាម​វីង ឲ្យ​ជនសង្ស័យ​ចំនួន ៤​ពាន់​ដុល្លារ។ បញ្ហា​នេះ​ទើប​ប៉ូលិស​ឈាន​ទៅ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles