Clik here to view.

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៦ កក្កដា ហៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាជាជនកំសាក ដែលសម្ងំយកសុខតែម្នាក់ឯង មិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ច្រានចោលការលើកឡើងបែបនេះ ដោយបញ្ជាក់ថា វត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោតជាតិខាងមុខនេះជារឿងសំខាន់ ដូច្នេះទើបគណបក្សកាន់អំណាចប្រឹងប្រែងដើម្បីបញ្ចប់ជីវិតនយោបាយរបស់គាត់។
ការវាយប្រហារជាពាក្យសម្ដីធ្ងន់ៗរបស់លោក សុខ ឥសាន នេះ ធ្វើឡើងស្របពេលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូប បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកោះហុងកុង ដើម្បីជួបជាមួយលោក សម រង្ស៊ី ជាលើកចុងក្រោយ មុនពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទីពីរ ត្រូវចូលជាធរមាន ដែលនឹងឈានដល់ការបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទាំងស្រុង។
លោក សុខ ឥសាន សរសេរក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី គឺជាជនកំសាកដែលតែងនិយាយថាខ្លួនស្រឡាញ់ជាតិ និងប្រជាជន ក៏ប៉ុន្តែពេលប្រជាជនមានទុក្ខលំបាក លោកបែរជាទៅសម្ងំយកសុខតែម្នាក់ឯងទៅវិញ។Image may be NSFW.
Clik here to view.
លោកបញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ធ្វើនយោបាយដោយចងកំហឹង និងមានគំនុំគុំកួនទៅលើដៃគូប្រកួតប្រជែង៖ «គាត់ប្រព្រឹត្តល្មើសច្បាប់ គាត់ទៅបរិហារកេរ្តិ៍គេ អាហ្នឹងគេហៅថាញុះញង់ឲ្យមានការរើសអើងនៅក្នុងសង្គម បំបែកបំបាក់ជាតិ គ្មានអ្វីធ្វើដើម្បីផលប្រយោជន៍ជាតិទេ។ គាត់ស្រែកឲ្យឡប់ប្រជាពលរដ្ឋថា គាត់ធ្វើដើម្បីជាតិ ប៉ុន្តែពេលធ្វើហើយមានបញ្ហា គាត់រត់ចោលជាតិ»។
ទន្ទឹមនឹងការបង្អាប់លោក សម រង្ស៊ី ថាជាជនកំសាកនេះ លោក សុខ ឥសាន បានលើកតម្កើងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា របស់លោក ដូចជា លោក ជា ស៊ីម លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង និងលោក សាយ ឈុំ ជាដើម ថាជាវីរបុរសជាតិដែលចេះគិតគូរបញ្ហាស្រុកទេស រិះរកវិធីដោះស្រាយបញ្ហាជាតិ និងគិតគូរផលប្រយោជន៍រួមជាធំ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ប្រជាពលរដ្ឋបានដឹង និងអាចពិចារណាដោយខ្លួនឯងថាអ្នកនយោបាយរូបណាដែលមានចរិតបែបនេះ ជាអ្នកបង្កើតឲ្យមានបញ្ហាអយុត្តិធម៌សង្គម និងជាអ្នកធ្វើបាបរាស្ត្រពិតប្រាកដ ហើយពលរដ្ឋនឹងសម្ដែងឆន្ទៈរបស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
លោក យឹម សុវណ្ណ ដែលជាមនុស្សជំនិត និងមានភក្ដីភាពចំពោះលោក សម រង្ស៊ី ជាច្រើនឆ្នាំមកហើយនោះ បន្តថា វត្តមានរបស់អតីតមេបក្សរបស់លោកក្នុងការបោះឆ្នោតជាតិជារឿងសំខាន់ ហេតុដូចនេះហើយទើបគណបក្សកាន់អំណាចប្រញាប់ប្រញាល់អនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីម្តងទៀត តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះជាលោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានបក្សរួចហើយក៏ដោយចុះ៖ «បើសិនជាគាត់យល់ឃើញថា គាត់អាចឈ្នះឆ្នោតដោយមិនចាំបាច់ធ្វើអ្វីនោះទេ ខ្ញុំជឿថាគាត់មិនចាំបាច់ធ្វើបែបនេះទេ។ បើគាត់ធ្វើបែបនេះ មានន័យថាគាត់ប្រាកដក្នុងចិត្តណាស់ថា ប្រជាជននឹងបោះឆ្នោតជូនលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ»។
វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលទើបត្រូវបានសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តកាលពីពេលថ្មីនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាចេតនាបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទាំងស្រុងតែម្តង ព្រោះច្បាប់ថ្មីនេះមានចែងអំពីទណ្ឌិតមិនអាចពាក់ព័ន្ធនឹងគណបក្សនយោបាយបាន។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ឃើញថា គណបក្សកាន់អំណាចព្រួយបារម្ភនឹងវត្តមានរបស់លោក សម រង្ស៊ី ដូច្នេះហើយបានជាពួកគេតែងរិះរកគ្រប់មធ្យោបាយដើម្បីមិនឲ្យលោក សម រង្ស៊ី ចូលស្រុកបាន៖ «ម្យ៉ាងដូចជាចង់យកប្រៀប តែម្យ៉ាងទៀតដូចជាបង្ហាញពីការព្រួយបារម្ភចំពោះវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុក ដោយសារតែឃើញការទទួលរាក់ទាក់របស់ពលរដ្ឋនៅពេលលោក សម រង្ស៊ី វិលត្រឡប់មកស្រុកវិញ (ឆ្នាំ២០១៣) ច្រើនពេក។ អ៊ីចឹងខ្ញុំមើលឃើញទៅគណបក្សប្រជាជនកម្ពុជា នៅតែមើលឃើញថា វត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា នៅជាមួយគ្នា វានឹងអាច ២ បូក ២ បាន ១០។ ក្នុងកាលៈទេសៈបែបនេះ ត្រូវតែរកមធ្យោបាយបំបែក ២ បូក ២ មិនឲ្យចូលគ្នាបាន»។
អ្នកជំនាញរូបនេះមើលឃើញថា មានបញ្ហាធំៗរបស់ជាតិជាច្រើនដែលកំពុងកើតមាន ហើយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ តែអ្នកនយោបាយឯណោះវិញបែរជានៅបន្តឈ្លោះគ្នាឥតឈប់ រកតែពេលធ្វើការរួមគ្នាមិនបាន។ លោកថា ប្រជាប្រិយភាពមិនមែនបានមកដោយសារការប្រើល្បិចកលវាយបំបាក់ដៃគូម្ខាងៗនោះទេ ក៏ប៉ុន្តែគឺជាការដោះស្រាយបញ្ហាប្រឈមមុខរបស់ពលរដ្ឋ។
បណ្ឌិត មាស នី រំលេចថា បញ្ហាប្រឈមមួយសំខាន់របស់ពលរដ្ឋនៅតាមខេត្តខណ្ឌទូទាំងប្រទេសនៅពេលនេះ គឺការគ្មានទីផ្សារលក់កសិផលដែលពួកគាត់ផលិតបាន ដែលបញ្ហានេះនឹងនាំឲ្យជីវភាពពួកគាត់កាន់តែក្រីក្រ៕