Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​រឿង​ខ្យង​ស៊ី​បំផ្លាញ​សន្ទូង

$
0
0

កសិករ​នៅ​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បារម្ភ​សន្ទូង​ខូច និង​បាត់​ផល​ច្រើន​ពេល​ប្រមូល​ផល ដោយសារ​សត្វ​ខ្យង​ស៊ី​បំផ្លាញ។ មន្ត្រី​ជំនាញ​កសិកម្ម​កំពុង​ចុះ​អន្តរាគមន៍​ករណី​នេះ។

ផ្ទៃដី​កសិកម្ម​ប្រមាណ ១០​ហិកតារ​នៅ​ក្បែរ​ភូមិ​ស្រែតាជៃ នៃ​ឃុំ​អភិវឌ្ឍន៍ ដែល​ស្រែ​ខ្លះ​ទើប​ស្ទូង និង​ខ្លះ​កំពុង​លាស់​ខ្ចី ប្រឈម​នឹង​ខ្យង​មាស ឬ​ខ្យង​ថៃ ស៊ី​បំផ្លាញ។ សត្វ​ខ្យង​កំពុង​ស៊ី​បំផ្លាញ​សន្ទូង​ក្បែរ​នោះ​ស្ទើរ​រាប​ដល់​ទឹក​ជាច្រើន​កន្លែង ហើយ​ម្ចាស់​ស្រែ​ថា​បាន​បាច​ថ្នាំ​គីមី​ដើម្បី​សម្លាប់​វា ជួល​គេ​រើស និង​ដើរ​រើស​ខ្លួន​ឯង​គ្រវាត់​ចោល​ក៏​មិន​អស់ និង​នៅ​បន្ត​ស៊ី​បំផ្លាញ​លើ​ផ្ទៃដី​ប្រហែល ៤​អា​ទៀត។

កសិករ​ម្នាក់ លោក ម៉ៅ ឌីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ខ្យង​បាន​បង្កើត​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង ហើយ​បាន​ហូរ​តាម​ទឹក​ទៅ​ស្រែ​ក្បែរៗ​នោះ ប៉ុន្តែ​លោក​នៅ​បន្ត​រើស​ចោល​ស្ទើរ​រាល់​ថ្ងៃ៖ «មាន​រាល់​ឆ្នាំ​ដែរ ខូច​អស់​ប្រហែល ៤០​ភាគរយ ស៊ី​រយៈពេល​ជិត ១​ខែ​ហើយ ពេល​ចុង​ក្រោយ​ឮ​គេ​ថា​ដាក់​ថ្នាំ​ក្ដាម​លាយ​ជាមួយ​បាយ ដាក់​ថ្ម​ស្អុយ​អត់​បាត់​ទៀត ខ្ញុំ​ឈប់​ដាក់​ទៅ។ ខ្ញុំ​រើស​ដដែល»


ទោះ​ជា​យ៉ាង​ណា មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ថា​សន្ទូង​របស់​កសិករ​ដែល​សត្វ​ខ្យង​ស៊ី​បំផ្លាញ​នេះ មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ។

អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម លោក លាង ដេត ណែនាំ​ឲ្យ​កសិករ​ប្រើ​វិធីសាស្ត្រ​សាមញ្ញៗ​ចំនួន​បី​ក្នុង​ការ​កម្ចាត់​ខ្យង​ចង្រៃ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំពុល​នាំ​ឲ្យ​ប៉ះពាល់​បរិស្ថាន ឬ​សុខភាព​មនុស្ស។

វិធី​ទាំង​បី​នោះ​រួម​មាន៖

  • វិធី​ទី​១ កសិករ​ត្រូវ​សម្អាត​ស្មៅ​តាម​ចិញ្ចើម​ភ្លឺ​ស្រែ​កុំ​ខ្យង​ពង​ដាក់ រួច​ត្រូវ​ដើរ​បេះ​ពង​ខ្យង​ពី​ដើម​ស្រូវ​ទៅ​កម្ទេច​ចោល

  • វិធី​ទី​២ កសិករ​ត្រូវ​កាយ​ចង្អូរ​កាត់​កណ្ដាល​ស្រែ ឬ​អែប​ភ្លឺ​ស្រែ​វែងៗ ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​ឲ្យ​សល់​តិច ទើប​ខ្យង​វារ​តាម​ទឹក​ចូល​ចង្អូរ​នោះ រួច​ប្រមូល​ទៅ​កម្ទេច​ចោល

  • វិធី​ទី​៣ កសិករ​អាច​លែង​ទា​ឲ្យ​ចុះ​ស៊ី​ខ្យង​តូច​ដែល​ទើប​ញាស់។

លោក​បន្ថែម​ថា៖ «ចាប់​ពី​ពង​ទៅ​រយៈ​ពី ៧ ទៅ ១២​ថ្ងៃ វា​ចាប់​ផ្ដើម​ញាស់ ពេល​ញាស់​បាន​រយៈ ១៥ ទៅ ២៥​ថ្ងៃ កើត​ជា​កូន​ខ្យង​ល្មម​ស៊ី​ស្រូវ​ហើយ ហើយ​រហូត​ដល់ ៤៥ ដល់ ៤៩​ថ្ងៃ​ក្លាយ​ជា​ខ្យង​ពេញ​វ័យ​តែ​ម្ដង។ ចំពោះ​ការ​រាលដាល គឺ​យើង​ព្រួយ​បារម្ភ​ណាស់! ព្រោះ​ខ្យង​នេះ​វា​អាច​កាត់​ស៊ី​លឿន​ជាង​ក្ដាម​ទៅ​ទៀត។ ការ​រាលដាល​របស់​វា វា​ហូរ​ទៅ​តាម​ទឹក កាលណា​មាន​ទឹក​ជន់ ឬ​ទឹក​ហៀរ​ពី​ស្រែ​ដែល​មាន​ខ្យង​ច្រើន​ហ្នឹង វា​អាច​បង្ក​ទៅ​ស្រែ​ផ្សេង​ទៀត ហើយ​កាត់​នៅ​ស្រែ​ផ្សេង​ទៀត»

លោក លាង ដេត រំលឹក​ថា វត្តមាន​ខ្យង​ថៃ ឬ​ខ្យង​មាស​នៅ​ក្នុង​ស្រែ​របស់​កសិករ​កម្ពុជា មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧។ ចំពោះ​នៅ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​នៅ​តាម​តំបន់​មាត់​ទន្លេ​មាន​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥។

មេ​ភូមិ​ស្រែតាជៃ ឃុំ​អភិវឌ្ឍន៍ លោក ឡាំ ស្រ៊ិន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ស្រែតាជៃ សរុប ៥០០​គ្រួសារ មាន​អ្នក​ធ្វើ​ស្រែ​ជាង ៣០០​គ្រួសារ ប៉ុន្តែ​ស្រែ​កសិករ​ដែល​រង​ផល​ប៉ះពាល់​ពី​សត្វ​ខ្យង​ស៊ី​បំផ្លាញ​នេះ​មាន​តែ ៤ ឬ ៥​គ្រួសារ​ប៉ុណ្ណោះ។ លោក​ថា បើ​កសិករ​កម្ចាត់​ខ្យង​ចង្រៃ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​នៅ​តែ​មិន​បាត់ លោក​នឹង​រាយការណ៍​ទៅ​មន្ត្រី​កសិកម្ម​ស្រុក ឬ​ខេត្ត ដើម្បី​ឲ្យ​ចុះ​អន្តរាគមន៍​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174