Clik here to view.

ពលរដ្ឋនៅឃុំស្រែគរ និងឃុំក្បាលរមាស ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ក្នុងខេត្តស្ទឹងត្រែង កំពុងបារម្ភពីទឹកជន់លិចភូមិ នៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងបិទទ្វារទឹក១ ដើម្បីសាកល្បងកម្លាំងទឹក ខណៈពលរដ្ឋទាំងនោះនៅតែមិនព្រមចាកចេញពីភូមិចាស់។
ពលរដ្ឋនៅឃុំស្រែគរ និងឃុំក្បាលរមាស ជាង ១០០គ្រួសារ ដែលប្ដេជ្ញាថា មិនព្រមចាកចេញពីភូមិឋានរបស់ខ្លួន កំពុងបារម្ភពីទឹកជន់លិចភូមិ នៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ប្រកាសបិទទ្វារទឹក១ សាកល្បងកម្លាំងទឹក នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា។
អ្នកភូមិស្រែគរ លោក ឃុត ឃឿន មានប្រសាសន៍ថា អ្នកភូមិលោកកំពុងបារម្ភពីបញ្ហាទឹកនឹងជន់លិចភូមិ ហើយក៏បារម្ភពីការគំរាមកំហែងរបស់អាជ្ញាធរដែរ៖ «បើទឹកលិចខ្លាំងយើងពិបាកជម្លៀសមកទីទួលសុវត្ថិភាព។ ក្ដីបារម្ភទីមួយ គឺខ្លាចគាត់ហ្នឹងឃើញពួកខ្ញុំមិនចេញ ខំប្រឹងធ្វើអំពើហិង្សាមកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគាត់មិនព្រមចាកចេញ។ តែចំពោះប្រជាពលរដ្ឋអ្នករស់នៅលើទឹក គឺធម្មតាប្រជាពលរដ្ឋទាំងអស់មិនខ្លាចទឹកទេ។ រាល់ទឹកជំនន់ម្ដងៗ គឺគាត់តែងយកចិត្តទុកដាក់ជម្លៀសបងប្អូនកូនចៅតូចៗ ដែលអាចបាត់បង់ជីវិតហ្នឹង គឺកន្លងមកអត់ដែលបាត់បង់ជីវិតទេ។ តែបើទឹកបិទហ្នឹងមានលក្ខណៈថា ស្មើនឹងទឹកយើងបូមដាក់អាងអ៊ីចឹង វាទឹកឡើងទឹកនឹង មិនមែនហូរដូចបាក់ទំនប់ទេ»។
ទាក់ទងបញ្ហាបារម្ភរបស់អ្នកភូមិនេះ មេឃុំស្រែគរ លោក សៀក មេគុង្គ ថ្លែងបញ្ជាក់ថា នៅថ្ងៃទី១១ កក្កដា លោកបានផ្សព្វផ្សាយដល់អ្នកភូមិអំពីផែនការណែនាំរបស់ថ្នាក់ខេត្ត ដែលឲ្យត្រៀមបង្ការជង្រុកស្រូវពេលទឹកលិច ហើយអាជ្ញាធរខេត្តក៏ត្រៀមកម្លាំងបង្ក្រាបបាតុកម្មដែរ៖ «ខ្ញុំបានប្រជុំផ្សព្វផ្សាយរួចហើយ។ អម្បាញ់មិញ ទើបនឹងចេញមក។ បញ្ហាទីពីរ គឺទាក់ទងនឹងការប្រជុំម្សិលមិញនៅសាលាខេត្ត គាត់ឲ្យមេឃុំទាំងពីរ គឺឃុំក្បាលរមាស និងឃុំស្រែគរ មានខ្ញុំហ្នឹង ទប់ស្កាត់ប្រជាពលរដ្ឋដង្ហែបាតុកម្ម ហើយអាជ្ញាធរខេត្តនឹងប្រើកម្លាំងចុះការពារ ក្នុងនោះមានកងរាជអាវុធហត្ថ ១២០នាក់ កងនគរបាលស្នងការខេត្ត ១២០នាក់ដែរ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋធ្វើសកម្មភាព»។
លោកថ្លែងថា អ្នកភូមិចាត់ទុកការត្រៀមកម្លាំងប្រដាប់អាវុធចំពោះអ្នកភូមិ គឺជាការគំរាមកំហែង៖ «គាត់ឆ្លើយថា គាត់មិនទៅទេ។ គាត់នឹងត្រៀមលក្ខណៈរបស់គាត់ទីមួយ។ ទីពីរ គាត់នឹងវិនិច្ឆ័យឆ្នាំ២០១៨។ ទីបីគាត់គាត់ថា ទង្វើទាំងអស់នេះជាការគំរាមកំហែង។ គាត់មានតែប៉ុណ្ណឹងទេ»។
ដោយឡែកនៅឯភូមិក្បាលរមាស ត្រូវបានមន្ត្រីសម្របសម្រួលអង្គការអាដហុក (ADHOC) ខេត្ត ស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា មានអ្នកភូមិ ៥៧គ្រួសារដែលមិនព្រមចាកចេញពីភូមិដើម ទៅរស់នៅឯភូមិថ្មីដែលរដ្ឋាភិបាលដោះដូរនោះទេ។ ពួកគាត់ត្រៀមទៅនៅទួលដែលមានសុវត្ថិភាពក្នុងសហគមន៍របស់ពួកគាត់ដដែល ដែលពួកគាត់ត្រៀមរួចហើយ៖ «ទទួលសុវត្ថិភាព ដែលគាត់ត្រៀមហ្នឹង គឺ ៧ ទៅ ៨គីឡូម៉ែត្រពីភូមិចាស់ហ្នឹង។ ជាការគិតរបស់គាត់ គាត់ថាទឹកអត់ដល់ទេ ព្រោះអីបើយើងមើលផែនទីផ្ទៃអាងហ្នឹងអត់ប៉ះ ទាំងស្រែគរ ទាំងក្បាលរមាស។ បើសិនជាគេបិទទំនប់ហ្នឹង វាអាចប៉ះពាល់ផ្ទះរបស់គាត់ហើយ។ ប៉ុន្តែគាត់បាននិយាយជាមួយយើងថា ផ្ទះចាស់ហ្នឹងក៏គាត់អត់រើដែរ។ បើសិនជាទឹកចូលមក គាត់នឹងចាកចេញពីផ្ទះចាស់ហ្នឹង មកនៅខ្ទមចម្ការ ដែលគាត់ត្រៀមរៀបចំទុកសឺកួរ»។
លោកចង់ឲ្យអាជ្ញាធរផ្ដល់សញ្ញាអាសន្នដល់អ្នកភូមិ មុនទឹកលិចភូមិ។
ពលរដ្ឋរស់នៅឃុំស្រែគរ ៩១គ្រួសារ និងឃុំក្បាលរមាស ៥៧គ្រួសារ ប្រកាសជំហរជាបន្តបន្ទាប់មិនព្រមចាកចេញពីភូមិកំណើត ទោះបីជាអាជ្ញាធរខែត្រ និងក្រុមហ៊ុន ផ្សព្វផ្សាយពីគម្រោងបិទទា្វរទឹកសាកល្បង នៅថ្ងៃទី១៥ ខែកក្កដា ចុងសប្ដាហ៍នេះ។ ទន្ទឹមគ្នានេះ អ្នកភូមិបារម្ភថា អាចនឹងអាចប្រឈមបញ្ហាស្មុគស្មាញចំពោះជីវភាពរស់នៅរបស់ពួកគាត់ ដោយខ្វះប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ ព្រោះក្រុមហ៊ុនដកបង្គោលសេវាទូរស័ព្ទ ខ្វះសេវាសុខាភិបាល និងសេវាអប់រំជាដើម។
ទាក់ទងនឹងផែនការរបស់ថ្នាក់ខេត្តឲ្យអាជ្ញាធរមូលដ្ឋានត្រៀមលក្ខណៈបង្ការគ្រោះថ្នាក់ពេលទឹកជន់លិចនោះ ត្រូវបានមេឃុំស្រែគរ លោក សៀក មេគុង្គ បញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងលោកមានតែផែនការ ប៉ុន្តែមិនទាន់មានទូក ឬថវិកាសម្រាប់ត្រៀមសង្គ្រោះនៅឡើយទេ។ ចំពោះកម្ពស់ទឹកឡើងវិញ លោកទទួលព័ត៌មានពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនថា អាចឡើងលិចពី ៥ ទៅ ៧ម៉ែត្រ។ ប៉ុន្តែអ្នកភូមិស្រែគរ គឺលោក ឃុត ឃឿន ថ្លែងថា ទឹកអាចមិនឡើងលឿនទេ។ លោកថា ការបារម្ភខ្លាំង គឺអ្នកភូមិនៅក្រោមទំនប់៕