Quantcast
Viewing all articles
Browse latest Browse all 11174

៦ខែ​អាជ្ញាធរ​ជំនាញ​បង្ក្រាប​គ្រឿងញៀន​បាន​ជា​៤​ពាន់​ករណី​និង​ឃាត់​​ជន​សង្ស័យ​ជិត​១​ម៉ឺន​នាក់

Image may be NSFW.
Clik here to view.

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បង្ហាញ​របាយការណ៍​បឋម​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​១ របស់​រដ្ឋាភិបាល​សម្រាប់​ពេល ៦​ខែ ដែល​ទើប​តែ​បញ្ចប់​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថា ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ការ​គាំទ្រ​ពី​សាធារណជន សង្គម​ស៊ីវិល វិស័យ​សាសនា និង​អង្គការ​ដៃគូ។

របាយការណ៍​បឋម​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​រយៈពេល ៦​ខែ របស់​រដ្ឋាភិបាល​បង្ហាញ​ថា អាជ្ញាធរ​ជំនាញ​បង្ក្រាប​បាន​ចំនួន ៤.២០០​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត ១​ម៉ឺន​នាក់ ក្នុង​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ ដឹក​ជញ្ជូន រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀន។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ មាន​ប្រសាសន៍​ថា តាម​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ហើយ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ប្រធាន​ដឹកនាំ​យុទ្ធនាការ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ផ្សព្វផ្សាយ​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

លោក​បន្ត​ថា ដោយ​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​អំណោយផល​ល្អ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល មាន​ការ​ចូលរួម​គាំទ្រ​ពី​ពលរដ្ឋ សង្គម​ស៊ីវិល វិស័យ​សាសនា និង​មជ្ឈដ្ឋាន​អន្តរជាតិ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ស្នើ​សុំ​បន្ត​យុទ្ធនាការ​នេះ​បន្ថែម​ទៀត៖ «លទ្ធផល​ជាក់ស្ដែង​មើល​បទល្មើស​ជា​ទូទៅ​មាន​ការ​ថយ​ចុះ បរិយាកាស​សង្គម​មាន​ភាព​ល្អ​ប្រសើរ​ប្រជាជន​អាច​ដើរ​ហើរ សប្បាយ​ចិត្ត​មិន​ភ័យ​ខ្លាច​អំពី​ការ​គំរាមកំហែង។ សមត្ថកិច្ច​នៅ​តែ​បន្ត​ធ្វើ​ទៀត យើង​ធ្វើ​រយៈពេល ៦​ខែ​វា​មិន​អស់​ទេ»

អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​ព្រួយ​បារម្ភ​ថា ស្ថានភាព​កាន់​តែ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដោយសារ​កើន​ឡើង​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ជា​ការ​បណ្ដោយ​ឲ្យ​មាន​សភាព​ចង្អៀត​ណែន​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពន្ធនាគារ​គ្មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់ មាន​ការ​រាលដាល​ជំងឺ​ឆ្លង​កាន់​តែ​ធ្ងន់ធ្ងរ គឺ​មិន​មែន​ជា​កន្លែង​សម្រាប់​កែប្រែ​អ្នក​ទោស​ឡើយ តែ​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ទៅ​វិញ។

ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​លើក​ឡើង​ថា ក្រៅ​ពី​បញ្ហា​សុខភាព​របស់​អ្នក​ជាប់​ឃុំ រី​ឯ​អគារ​របស់​ពន្ធនាគារ​ខ្លះ​ទៀត​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ត្រូវ​ផ្ទុក​មនុស្ស​ច្រើន​លើស​ចំនួន​បែប​នេះ ក៏​ជា​បញ្ហា​ប្រឈម​នាំ​ឲ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​មួយ​ទៀត​ដែរ។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ បញ្ជាក់​ដែរ​ថា ជា​គោលការណ៍​លោក​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឲ្យ​មាន​ការ​ឃុំ​ដាច់​ដោយ​ឡែក ចែក​បន្ទប់​ឃុំឃាំង​មិន​ឲ្យ​ឡូកឡំ​ជាមួយ​ទណ្ឌិត ឬ​អ្នក​ទោស​ដទៃ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​អំពី​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ កុំ​ឲ្យ​មាន​ការ​បញ្ជា​ទិញ និង​លក់​ដូរ​ចេញ​ពី​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន​នេះ នឹង​អាច​ដោះស្រាយ​ចេញ​នៅ​ពេល​ដែល​អគារ​ធំ​របស់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​នៅ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាងសង់​រួច​រាល់​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles