Clik here to view.

អស់រយៈពេល ១ឆ្នាំទៅហើយដែលអ្នកស្រាវជ្រាវខាងអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព គឺបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងហាងកាហ្វេនៃស្តារម៉ាត កាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ។ អំពីឃាតកម្មដ៏កក្រើកមួយនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ម្ដាយរបស់បណ្ឌិត កែម ឡី និងម្ដាយរបស់ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានតុលាការសម្រេចថា ជាឃាតក និងកាត់អោយជាប់ទោសអស់មួយជីវិត។
តើជីវិតរស់នៅរបស់ម្ដាយបណ្ឌិត កែម ឡី និងម្ដាយ ជួប សម្លាប់ មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះក្នុងរយៈកាលមួយឆ្នាំកន្លងទៅនេះ?
ឃាតកម្មលើបណ្ឌិត កែម ឡី បាននាំមកនូវទុក្ខសោកជាពន់ពេកដល់អ្នកម្ដាយរបស់បណ្ឌិត កែម ឡី គឺលោកស្រី ភោគ សេ។ ដូនចាស់ដែលមានវ័យ ៧៨វស្សាទៅហើយនោះបែរជាត្រូវរស់នៅជាមួយក្ដីទុក្ខសោកសៅក្នុងចិត្តឥតល្ហែ ដោយសារតែបាត់បង់កូនប្រុសប្រកបដោយកតញ្ញុតាធម៌ម្នាក់ដែលត្រូវបានពលរដ្ឋខ្មែរជាទូទៅគោរពស្រឡាញ់ និងចាត់ទុកថា "ជាវីរបុរសជាតិ"។
បច្ចុប្បន្ននេះ មានការងារសំខាន់ ៣យ៉ាងដែលអ្នកម្ដាយរបស់លោកបណ្ឌិតតែងតែធ្វើជារៀងរាល់ថ្ងៃ។ ទីមួយគឺមើលការខុសត្រូវផ្ទះសម្បែងច្បារដំណាំ និងកូនឈើក្នុងបរិវេណគេហដ្ឋានបណ្ឌិត កែម ឡី ដែលស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ កិច្ចការងារសំខាន់ទីពីរ គឺថែទាំផ្នូរ និងរូបសំណាករបស់បណ្ឌិត កែម ឡី ហើយនិងរឿងទីបី គឺអង្គុយសំណេះសំណាលជាមួយអ្នកស្រុកជិតឆ្ងាយដែលចូលមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត។
និយាយពីរឿងសុខទុក្ខវិញ សុខភាពផ្លូវកាយរបស់ម្ដាយបណ្ឌិត កែម ឡី នៅដូចធម្មតាទេ។ ជំងឺឈឺក្បាលជង្គង់ជាង ២០ឆ្នាំ នៅតែធ្វើទុក្ខជាប្រចាំដែលតម្រូវឱ្យលោកស្រីត្រូវពិសាថ្នាំជាប់ជានិច្ច ដើម្បីកាត់បន្ថយការឈឺចាប់។ ក៏ប៉ុន្តែ ខុសពីមនុស្សវ័យចំណាស់ភាគច្រើនដែលមានជំងឺពិបាកព្យាបាល ដូចជាជំងឺបេះដូង លើសឈាម ឬទឹកនោមផ្អែមជាដើមនោះ ម្ដាយរបស់បណ្ឌិត កែម ឡី មិនមានកើតជំងឺទាំងនេះឡើយ ហើយលោកស្រីនៅអាចជិះកង់ទៅកន្លែងជិតឆ្ងាយបានដោយខ្លួនឯងថែមទៀតផង។
ដោយសារតែមិនមានជំងឺតម្កាត់អ្វីធំដុំ លោកស្រីអាចអង្គុយជម្រះស្មៅ បោសជូត និងមើលថែទាំទ្រព្យរបស់ និងទីបញ្ចុះសពរបស់បណ្ឌិត កែម ឡី។ ផ្ទុយទៅវិញ បើនិយាយពីរឿងសុខភាពផ្លូវចិត្ត គឺខុសគ្នាដាច់ស្រឡះ។
ក្រោយហេតុការណ៍ឃាតកម្មនោះមក លោកស្រីពិសារបាយក៏មិនបានសម្រាន្តក៏មិនលក់ ព្រោះអាណិតអាសូរដល់កូនប្រុសដែលត្រូវឃាតកឆក់យកជីវិតទាំងកណ្ដាលថ្ងៃ ចោលប្រពន្ធ និងកូន៖ «ពីមុនស្អីក៏ហូបបានដែរ តែតាំងពីកូនស្លាប់មក ហូបអត់បានសោះ សម្រាន្តក៏អត់លក់ដែរ។ សម្រាន្តពីព្រលប់ដល់ម៉ោង ១១ ឬ ១២ ទើបសម្រាន្តលក់ ហើយម៉ោង ៤ ក៏ត្រូវភ្ញាក់វិញ អត់ដែលលក់បានដល់ភ្លឺនោះទេ»។
លោកស្រីនឹកបណ្ឌិត កែម ឡី ណាស់ នឹកឃើញពេលរូបគាត់នាំប្រពន្ធ និងកូនៗ មកលេងស្រុកកំណើត សួរសុខទុក្ខលោកស្រីដែលជាម្ដាយ។ ក៏ប៉ុន្តែពេលនេះ ក្រុមគ្រួសារដែលធ្លាប់តែមានសុភមង្គលមួយនេះ បែរជាត្រូវជួបក្ដីនិរាសព្រាត់ប្រាសគ្នាទៅវិញ។ លោកស្រីមានបំណងប្រាថ្នាមួយគឺចង់ជួបបណ្ឌិត កែម ឡី ក្នុងសុបិន ដើម្បីសួរសុខទុក្ខកូនប្រុស ក៏ប៉ុន្តែអ្វីៗមិនដូចការគិតនោះទេ ព្រោះមួយឆ្នាំកន្លងទៅនេះ លោកស្រីមិនដែលយល់សប្ដិឃើញកូនប្រុសសោះសូម្បីតែម្ដង៖ «នឹកឃើញដល់សកម្មភាព វា (ស្លូត) អត់ដែលចេះខឹងម៉ែទេ ហើយឧស្សាហ៍ចុះមកស្រុកជូនលុយជូនកាក់»។
យើងផ្អាកនិយាយពីម្ដាយរបស់បណ្ឌិត កែម ឡី សិន ហើយងាកទៅម្ដាយរបស់ ជួប សម្លាប់ វិញ ថា តើជីវិតរបស់គាត់ដូចម្ដេចទៅហើយ?
Image may be NSFW.
Clik here to view.
អឿត អាង ហៅ ជួប សម្លាប់ មានម្ដាយឈ្មោះ ឯក តាប់ អាយុ ៦៥ឆ្នាំ រស់នៅភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ មុនពេលឃាតកម្មលើបណ្ឌិត កែម ឡី លោកស្រី ឯក តាប់ បានរស់នៅក្នុងភូមិទន្លេស ហើយជាអ្នកកាន់សីល ៨ និងតែងទៅវត្តជាប្រចាំ។ ក៏ប៉ុន្តែក្រោយផ្ទុះហេតុការណ៍សម្លាប់បណ្ឌិត កែម ឡី ដែលកូនប្រុសរបស់គាត់ត្រូវជាប់ចោទ និងត្រូវកាត់ទោសថា ជាឃាតកនោះ លោកស្រីត្រូវរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយ ម្ដងនៅភូមិទន្លេស ម្ដងនៅផ្ទះកូននៅជាយក្រុងសៀមរាប។
លោកស្រី ឯក តាប់ បញ្ជាក់ថា គ្មាននរណាម្នាក់មកគំរាមកំហែងឱ្យធ្វើបែបនេះឡើយ តែលោកស្រីខ្លួនឯងបារម្ភពីបញ្ហាសុវត្ថិភាព។ លោកស្រីបន្តថា លោកស្រីមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងនៅពេលដឹងថា កូនប្រុសរបស់គាត់ គឺ អឿត អាង ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ៖ «ខ្ញុំហូបបាយក៏មិនឆ្ងាញ់ ដេកក៏មិនលក់ គិតដល់កូន។ មិនដឹងជាកូនទៅយូរប៉ុណ្ណា ស្លាប់ ឬរស់ទេ ឬមួយម្ដាយស្លាប់មុន កូនស្លាប់ក្រោយក៏មិនដឹង។ ខ្ញុំមិនដែលមានប្រាក់ដើម្បីទៅសួរសុខទុក្ខកូននៅភ្នំពេញទេ។ បើម៉ែដឹងណា ម៉ែមិនឱ្យកូនឈានទៅទេផ្លូវនេះ គឺថាធ្លាក់ជ្រោះហើយ។ មកតាមម៉ែរកស៊ីវិញ មួយខែបានតែ ២ម៉ឺនរៀល ក៏រស់ដែរកូន មិនពិបាកទៅរករបរអ៊ីចឹងទេ។ បើសិនជាម៉ែឃើញ ម៉ែដឹង ម៉ែមិនឱ្យកូនដើរផ្លូវខុសទេ ម៉ែប្រាប់តាមត្រង់»។
បើទោះជាមានការព្រួយបារម្ភពីសុខទុក្ខរបស់កូននៅក្នុងពន្ធនាគារយ៉ាងណាក្ដី ក៏លោកស្រី ឯក តាប់ អះអាងថា លោកស្រីមិនចង់ទៅមើលកូនរបស់ខ្លួននៅពន្ធនាគារឡើយ ដោយសារលោកស្រីមានភាពអាម៉ាស់ខ្លាំង ព្រោះតែកូនប្រុសជាប់ឈ្មោះជាឃាតក។
ទន្ទឹមនឹងនេះ លោកស្រីក៏សម្ដែងក្ដីសោកស្ដាយដូចគ្នា ចំពោះការបាត់បង់បណ្ឌិត កែម ឡី៖ «ខ្ញុំសោកស្ដាយស្ដាយជីវិតលោក កែម ឡី ណាស់។ គិតវែកញែកចុះឡើងៗ ខ្ញុំសោកស្ដាយ កែម ឡី និងកូនខ្ញុំ។ មិនដឹងថា កូនសម្លាប់គេ ឬមួយយ៉ាងណា? ខ្ញុំមិនទាន់អស់ចិត្តរឿងនេះទេ។ បើថា កូនសម្លាប់គេ កូននឹងមានកម្មពៀរវេរាតទៅមុខ»។
បើទោះបីជា អឿត អាង ត្រូវតុលាការក្រុងភ្នំពេញ រកឃើញថា ជាឃាតកក៏ដោយ ក៏ម្ដាយរបស់បណ្ឌិត កែម ឡី លោកស្រី ភោគ សេ មិនមានអារម្មណ៍ខឹង ស្អប់ ឬគុំកួនលោកស្រី ឯក តាប់ ដែលជាម្ដាយរបស់ទណ្ឌិតរូបនោះដែរ ព្រោះលោកស្រីយល់ថា លោកស្រី ឯក តាប់ ទំនងជាមិនបានដឹងរឿងអ្វីឡើយទាក់ទងនឹងរឿងឃាតកម្មនេះទេ។
លើសពីនេះ លោកស្រី ភោគ សេ នៅតែមិនជឿថា ដើមហេតុនៃអំពើឃាតកម្មនេះគឺជារឿងលុយ ៣ពាន់ដុល្លារដែលកូនប្រុសរបស់លោកស្រីជំពាក់ អឿត អាង នោះទេ។ លោកស្រីបន្តថា សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ជារឿងមិនអាចទទួលយកបាន។
ម្ដាយរបស់បណ្ឌិត កែម ឡី មិនមែននឹកគិតតែកូនម្នាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ខ្វាយខ្វល់ពីចៅៗរបស់គាត់ដែរ ដែលត្រូវកំព្រាឪពុកតាំងពីក្មេង។ ម្ដាយរបស់បណ្ឌិត កែម ឡី ថ្លែងថា គាត់មិនប្រាកដទេថា តើនឹងអាចបានជួបមុខចៅៗម្ដងទៀតដែរ ឬមួយក៏យ៉ាងណានោះទេ ពីព្រោះពួកគេកំពុងរស់នៅឆ្ងាយពីលោកស្រី ដើម្បីស្វែងរកសិទ្ធិជ្រោកកោននយោបាយនៅក្រៅប្រទេស៖ «បំណងទៅ ក៏ទៅមិនបាន។ ចេះតែបួងសួងឱ្យចៅៗបានសុខសប្បាយទៅ។ មានអារម្មណ៍អាណិតអាសូរគ្រប់មុខអាណិតអាសូរចៅទៅឆ្ងាយ»។