Clik here to view.

សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម ចេញសេចក្ដីសំអាងហេតុអំពីការលើកលែងការចោទប្រកាន់ក្នុងសំណុំរឿង ០០៤ វគ្គ ១។
សំណុំរឿង ០០៤ វគ្គ ១ នេះ បានផ្ដោតសំខាន់ទៅលើជនត្រូវចោទឈ្មោះ អ៊ឹម ចែម ឬហៅថា យាយ ចែម ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ កក្កដា បានបង្ហាញនូវសេចក្ដីសំអាងហេតុសម្រាប់ដីកាដំណោះស្រាយដែលបានចេញកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ អំពីការលើកលែងការចោទប្រកាន់ អ៊ឹម ចែម ដោយសារមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់។
ត្រង់ចំណុចនេះ មានន័យថា លោកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬក៏ជាជនម្នាក់ក្នុងចំណោមមន្ត្រីដែលទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងក្នុងរបបនោះទេ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ដោយសារតែមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់នេះ លោកស្រីនៅតែបន្តមានសិទ្ធិទទួលបានការសន្មតថា គ្មានទោស និងមានសិទ្ធិឯកជនរបស់គាត់។
ទោះយ៉ាងណា នៅក្នុងសេចក្ដីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតបញ្ជាក់ថា ការលើកលែងការចោទប្រកាន់ដោយហេតុផលមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់នេះ គឺមិនមែនមានន័យថា ជនត្រូវចោទពុំបានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នោះឡើយ។
សេចក្ដីថ្លែងការណ៍ការិយាល័យសហព្រះរាជអាជ្ញាកាលពីថ្ងៃទី៦ ខែធ្នូ បង្ហាញថា សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានមានយោបល់ខ្វែងគ្នាលើករណីយាយ ចែម នេះ។ យោបល់សហព្រះរាជអាជ្ញាជាតិយល់ថា អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ និងមិនមែនជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតនៅក្នុងយុត្តាធិការត្រូវកាត់ទោសនៅសាលាក្ដីខ្មែរក្រហមទេ។ ចំណែកសហព្រះរាជអាជ្ញាអន្តរជាតិយល់ថា ទោះជាគ្មានភស្តុតាងណាបញ្ជាក់ថា អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ក៏ដោយ តែគាត់មានតួនាទីនៅភូមិភាគនិរតី និងមានតួនាទីជាគណៈស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សហព្រះរាជអាជ្ញាអន្តរជាតិធ្លាប់សន្និដ្ឋានថា អ៊ឹម ចែម ជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលសាលាក្ដីខ្មែរក្រហមចោទប្រកាន់នោះ។ អ៊ឹម ចែម ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យដោយកំបាំងមុខ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ និងស៊ើបសួរដោយតុលាការខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ២០០៩៕