
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានជំរុញឲ្យលោក ហ៊ុន សែន កុំខ្ជះខ្ជាយពេលវេលាព្យាយាមសម្លាប់ជីវិតនយោបាយរបស់លោក តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទីពីរ មិនឲ្យទណ្ឌិតមានសិទ្ធិពាក់ព័ន្ធនឹងកិច្ចការនយោបាយ។
លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថាបានព្យាយាមសម្លាប់រូបលោកអស់រយៈពេលជាង ២០ឆ្នាំមកហើយតាមគ្រប់មធ្យោបាយទាំងអស់ ដូចជាករណីបោកគ្រាប់បែកមុខអតីតមន្ទីររដ្ឋសភា ការផ្ដន្ទាទោសលោកជាច្រើនករណីដោយតុលាការអាយ៉ង និងដោយការបង្កើតច្បាប់កំប្លុកកំប្លែងសំដៅទៅលើមនុស្សតែម្នាក់។ លោក សម រង្ស៊ី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនៅថ្ងៃច័ន្ទ ទី១០ កក្កដា នេះថា លោកមានកិត្តិយសណាស់ដែលបានធ្វើជាគូប្រកួតរបស់លោក ហ៊ុន សែន ប៉ុន្តែលោកស្នើឲ្យការប្រកួតនេះធ្វើឡើងក្នុងលក្ខណៈមិត្តភាព និងការទទួលខុសត្រូវ។
លោកបន្តថា ក្នុងនាមលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកគួរប្រើប្រាស់ថាមពលរបស់លោក ដើម្បីជំរុញឲ្យមានការបង្កើតច្បាប់មានប្រយោជន៍ផ្សេងៗ ដើម្បីតម្រង់ដឹកនាំរបស់ប្រទេសកុំឲ្យមានការក្រឡាប់ចាក់ទៅវិញប្រសើរជាង។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន គួរបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍសម្រាប់កម្ពុជា ជាជាងការបន្តចរិតកោងកាចដូចមេបញ្ជាការខ្មែរក្រហម ដែលលោកធ្លាប់ដឹកនាំនោះ។
លោក សម រង្ស៊ី ព្រមានលោក ហ៊ុន សែន ទុកជាមុនថា គ្រប់មធ្យោបាយទាំងអស់ដែលលោក ហ៊ុន សែន កំពុងប្រើប្រាស់ដើម្បីកម្ចាត់រូបលោកនោះ គឺគ្មានន័យ និងគ្មានប្រយោជន៍អ្វីទាំងអស់៕