Quantcast
Viewing all articles
Browse latest Browse all 11174

អាជីវករ​ផ្សារ​រ៉ាថ្មី​ក្រុង​ប៉ោយប៉ែត​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​ដំឡើង​ថ្លៃ​តូប​លក់​ដូរ

Image may be NSFW.
Clik here to view.

ក្រុម​អាជីវករ​លក់​ដូរ​ប្រមាណ ១០០​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា តវ៉ា​នៅ​ខាង​មុខ​ផ្សារ​រ៉ាថ្មី ក្រុង​ប៉ោយប៉ែត ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ថៅកែ​ផ្សារ​នេះ​ដំឡើង​ថ្លៃ​តូប ធ្វើ​ឲ្យ​លក់​ដូរ​មិន​បាន​ប្រាក់​ចំណេញ។ ទាក់ទង​នឹង​បញ្ហា​នេះ ថៅកែ​ផ្សារ​រ៉ាថ្មី អះអាង​ថា ខ្លួន​មិន​បាន​ដំឡើង​ថ្លៃ​តូប​ទេ តែ​ដោយសារ​ក្រុម​អ្នក​តវ៉ា​ចង់​រុះរើ​តូប​ដោយ​ពុំ​បាន​បង់​ប្រាក់​គ្រប់​ចំនួន។

ក្រុម​អាជីវករ​ផ្សារ​រ៉ាថ្មី ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា ថៅកែ​ផ្សារ​មួយ​នេះ​ដំឡើង​ថ្លៃ​ជួល​តូប​លក់​ដូរ​តាម​អំពើ​ចិត្ត ដើម្បី​បាន​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ពី​អ្នក​លក់​ដូរ​ឡើយ។

តំណាង​ក្រុម​អ្នក​តវ៉ា លោក ម៉ែន សារឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា ដោយសារ​ថៅកែ​ផ្សារ​ដំឡើង​ថ្លៃ​ជួល​តូប​មួយ​ពី​តម្លៃ​ជាង ៥០០​ដុល្លារ​អាមេរិក​ទៅ ១.២០០​ដុល្លារ​អាមេរិក និង​បង់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​រយៈពេល ៥​ឆ្នាំ។ លោក​អះអាង​ថា តម្លៃ​តូប​ថ្មី​នេះ ពួក​គាត់​លក់​មិន​បាន​ប្រាក់​ចំណេញ​ឡើយ ព្រោះ​ពុំ​សូវ​មាន​អតិថិជន​ចូល​ទិញ៖ «ព្រោះ​អី​គាត់​ធ្វើ​មិន​ត្រឹមត្រូវ ព្រោះ​ទ្វា​បើក​បិទ​ក្នុង​តូប ពួក​ខ្ញុំ​ចេញ​ប្រាក់​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​ពេល​ផុត​អាណត្តិ ៥​ឆ្នាំ ពួក​ខ្ញុំ​មាន​សិទ្ធិ​រុះរើ​ទ្វា​ចេញ​វិញ តែ​ថៅកែ​ផ្សារ​មិន​ឲ្យ​ពួក​ខ្ញុំ​រុះរើ​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ ថៅកែ​ផ្សារ​រ៉ាថ្មី លោក ទឹត្យ លេក មាន​ប្រសាសន៍​ថា ករណី​នេះ​ដោយសារ​ក្រុម​អ្នក​តវ៉ា​ពុំ​បាន​បង់​ប្រាក់​ថ្លៃ​តូប​លក់​ដូរ​ពី​អាណត្តិ​មុន​ឲ្យ​គ្រប់​ចំនួន។ លោក​បន្ថែម​ថា លោក​ពុំ​បាន​ដំឡើង​ថ្លៃ​ជួល​តូប​លក់​ដូរ​របស់​ក្រុម​អាជីវករ​នោះ​ទេ៖ «តូប​ដែល​ខ្ញុំ​ជួល​ក្នុង​មួយ​អាណត្តិ ៥​ឆ្នាំ តម្លៃ ២.៥០០​ដុល្លារ តែ​អាជីវករ​មួយ​ចំនួនដែល​មាន​លទ្ធភាព​បង់ ២.៥០០​ដុល្លារ​ហើយ គឺ​ខ្ញុំ​មិន​បាន​យក​ឈ្នួល ១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ឬ​ក៏​ថ្លៃ​ទ្វារ​បង្អួច​នោះ​ទេ។ ចំពោះ​អាជីវករ​ដែល​ពុំ​មាន​លទ្ធភាព​បង់ ២.៥០០​ដុល្លារ ខ្ញុំ​ឲ្យ​ពួក​គាត់​បង់​រំលស់​ដោយ​ឲ្យ​យក​ទ្វារ​ពី​ខ្ញុំ និង​ការ​ក្រាល​ការ៉ូ​ក្រាល​អី គឺ​ខ្ញុំ​ត្រូវ​កាត់​ប្រាក់​ពី​គាត់​វិញ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ កក្កដា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ក្រុម​អាជីវករ​អះអាង​ថា អាជ្ញាធរ​ក្រុង​បាន​ហៅ​ពួក​គាត់​ទៅ​ជួប​នៅ​សាលា​ក្រុង ដោយ​ប្រាប់​ថា​អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ ដើម្បី​ដោះស្រាយ​នៅ​ចុង​សប្ដាហ៍​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​ត្រូវ​ស៊ើប​អង្កេត​ដោះស្រាយ​បញ្ហា​នេះ​ដោយ​អព្យាក្រឹត្យ និង​មិន​លម្អៀង​ទៅ​ខាង​ភាគី​ណា​មួយ​នោះ​ឡើយ៖ «ទី​មួយ គាត់​ត្រូវ​ពិនិត្យ​តើ​ថា​មាន​ការ​បង់​តូប​បង់​អី​មែន​ឬ​អត់? ទី​២ បើ​ពលរដ្ឋ​រស់នៅ​មាន​ការ​ធ្វើ​អាជីវកម្ម​ដើម្បី​រស់​រាន​មាន​ជីវិត​នៅ​កន្លែង​នោះ គួរ​តែជួយ​សម្រួលពួក​គាត់​ឲ្យ​បាន​លក់​នៅ​កន្លែង​ដើម។ ហើយ​កុំ​អាង​ថា​ខ្លួន​ជា​ថៅកែ ហើយ​ចង់​ធ្វើ​អី​ក៏​បាន​តាម​អំពើ​ចិត្ត មិន​ត្រូវ​ទេ ព្រោះ​គេ​ជួល​ទៅ​តាម​តម្លៃ ដូច្នេះ​បើ​បាត់បង់​ត្រង់​ចំណុចណា​មួយ អ្នក​ថៅកែ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ»

ផ្សារ​រ៉ាថ្មី មាន​ទីតាំង​ជាប់​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ប៉ោយប៉ែត និង​មាន​តូប​លក់​អីវ៉ាន់​ចម្រុះ​សរុប​ជាង ៣០០​តូប។ ក្រុម​អាជីវករ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​តម្លៃ​តូប​ឲ្យ​នៅ​ដូច​តម្លៃ​ចាស់​ដដែល​បាន​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles