Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

$
0
0

សមាគម និង​អង្គការ​ជាតិ អន្តរជាតិ​ចំនួន​១៦៤ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ការ​ស្នើ​នេះ ដោយសារ​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​យល់​ថា ការ​ស៊ើប​អង្កេត​កន្លង​ទៅ​របស់​តុលាការ មាន​ការ​វិវឌ្ឍន៍​តិចតួច​ប៉ុណ្ណោះ។

អស់​រយៈពេល ១​ឆ្នាំ​ដែល​លោក​បណ្ឌិត កែម ឡី អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ម្នាក់​ប៉ុណ្ណោះ គឺ​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​តុលាការ​អះអាង​ថា​ជា​ឃាតក​ពិតប្រាកដ និង​បាន​សម្រេច​កាត់​ទោស​រូប​គេ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត បើ​ទោះ​បី​ជា​ពលរដ្ឋ​ជាច្រើន​ជឿជាក់​ថា នៅ​មាន​រឿងរ៉ាវ​ដ៏​អាថ៌កំបាំង​ជាច្រើន​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​លោក​បណ្ឌិត កែម ឡី ហើយ​ដែល​តុលាការ​មិន​បាន​ស្វែងរក​ការពិត​នៅ​ឡើយ។

ទន្ទឹម​នេះ សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១៦៤ ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ម្ដង​ទៀត​ជុំវិញ​ការ​វិវឌ្ឍន៍​តិចតួច​នៃ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ស្រប​ពេល​អ្នក​គោរព​ស្រឡាញ់ នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​នោះ ក្រុម​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ជិត​១៧០ បាន​ផ្សាយ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ការ​ស្នើសុំ​នេះ ដោយសារ​ក្រុម​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​បញ្ជាក់​ថា ការ​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២៣ មីនា ដើម្បី​ផ្ដន្ទាទោស អឿត អាង អស់​មួយ​ជីវិត គឺ​ធ្វើ​ឡើង​ទាំង​មិន​ទាន់​រក​ឃើញ​ការពិត​ចំពោះ​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​បាន​ប្រាប់​តុលាការ​ថា មាន​ជន​សង្ស័យ​ចំនួន ២​នាក់​ទៀត គឺ​ឈ្មោះ ពូ លិស ដែល​ណែនាំ​ឲ្យ​រូប​គេ​ស្គាល់​លោក​បណ្ឌិត កែម ឡី និង​ឈ្មោះ ចក់ គឺ​ជា​អ្នក​លក់​កាំភ្លើង​ឲ្យ អឿត អាង ព្រម​ទាំង​សំណួរ​ជាច្រើន​ទៀត​ដែល​តុលាការ​មិន​ទាន់​រក​ឃើញ​ចម្លើយ​នៅ​ឡើយ។

ជាង​នេះ​ទៅ​ទៀត សូម្បី​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​ថា​មូលហេតុ​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ជំពាក់​លុយ​ចំនួន ៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ហើយ​បាន​លោកស្រី ប៊ូ រចនា ភរិយា​បណ្ឌិត កែម ឡី និង​លោកស្រី ហឿម ហ៊ត់ ភរិយា​របស់ អឿត អាង ផ្ទាល់​ឆ្លើយ​បដិសេធ​នោះ ក៏​តុលាការ​មិន​ស៊ើប​អង្កេត​រក​ឃើញ​ការពិត​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណៈកម្មការ​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា លោក​មិន​ទាន់​ហ៊ាន​បកស្រាយ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​លោក​មិន​ទាន់​ទទួល​បាន​សំណើ​ថ្មី​នេះ​នៅ​ឡើយ៖ «ពូ​មិន​ទាន់​បាន​ឃើញ ប៉ុន្តែ​អា​ហ្នឹង​សំណូមពរ​ពួក​គាត់ គឺ​ពួក​គាត់​អាច​ធ្វើ​អ៊ីចឹង​បាន»

ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី កាល​ពី​ថ្ងៃ​ទី​៨ កក្កដា លោក ខៀវ សុភ័គ បាន​ព្រមាន​ទៅ​ដល់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១០៧​ស្ថាប័ន ថា​នឹង​អាច​មាន​វាសនា​ជាប់​ពន្ធនាគារ​ដូច​ករណី​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ ប្រសិន​បើ​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស។ ការ​ព្រមាន​នេះ បន្ទាប់​ពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៧​ស្ថាប័ន នៅ​ថ្ងៃ​ទី​៨ កក្កដា ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភាគី​អន្តរជាតិ ចូលរួម​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែរ។

នៅ​ថ្ងៃ​ទី​៩ កក្កដា ដដែល​នេះ​ក៏​មាន​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​នាក់​មក​ពី​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ដែល​បាន​នាំ​គ្នា​យក​បាច់​ផ្កាឈូក និង​រូបថត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារ​ម៉ាត ក្បែរ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ ជា​ទី​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី ១​ឆ្នាំ​មុន​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ពង្រាយ​កង​កម្លាំង​អាជ្ញាធរ និង​កង​កម្លាំង​សន្តិសុខ​សរុប​ជិត ៣០​នាក់ ចុះ​ទៅ​រារាំង និង​មិន​ឲ្យ​មាន​ការ​ដាក់​កម្រ​ផ្កា និង​ចាប់​យក​រូបថត​លោក​បណ្ឌិត កែម ឡី ពី​មន្ត្រី​អង្គការ​ទាំងនោះ​ទៀត​ផង។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា សិទ្ធិ​សេរីភាព​ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង៖ «គ្នា​ខ្ញុំ ៤​នាក់ ផ្កា​ឈូក ៣០​ដើម រូបថត​លោក​បណ្ឌិត​មួយ កៅអី​មួយ និង​ថូ​ផ្កា​មួយ មិន​គួរ​ណា​រំខាន​ដល់​អាជ្ញាធរ​ចំនួន ៤​ឡាន​សោះ»

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​រក​ឃើញ​របស់​អង្គការ គ្លបល វីនេស (Global Witness) ដែល​បាន​លាតត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្ដោបក្ដាប់​ជំនួញ​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​របាយការណ៍​អង្គការ គ្លបល វីនេស ដែល​បាន​រក​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំលោភ​អំណាច​នេះ​ទេ។

នៅ​ក្នុង​លិខិត​ចំហ​ផ្ញើ​ទៅ​លោក ស ខេង ដដែល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​លើក​ជា​សំណួរ​ជុំវិញ​មូលហេតុ​នៃ​ឃាតកម្ម​នេះ នៅ​ពុំ​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​មាន​ការ​អះអាង​ក្ដី ទាំង​ចៅក្រម​ស៊ើបសួរ លោក សេង លាង និង​រដ្ឋាភិបាល នៅ​ពុំ​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​វិវឌ្ឍន៍​សម្រាប់​សាធារណជន ជុំវិញ​ការ​ស៊ើប​អង្កេត ឬ​កម្មវត្ថុ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ​ទេ។

សិទ្ធិ​រស់​រាន​មាន​ជីវិត ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា ជា​រដ្ឋ​ភាគី។ កាតព្វកិច្ច​ក្នុង​ការ​ការពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត រួម​បញ្ចូល​ទាំង​កាតព្វកិច្ច​វិជ្ជមាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ដល់​ការ​ស៊ើប​អង្កេត​ដោយ​ឥត​លម្អៀង និង​ហ្មត់ចត់​លើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ម្យ៉ាង​វិញ​ទៀត គោលការណ៍​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​បង្ការ​ដោយ​ប្រសិទ្ធភាព និង​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​កាត់​ទោស​ក្រៅ​ច្បាប់ តាម​អំពើ​ចិត្ត និង​ដោយ​សង្ខេប បញ្ជាក់​បន្ថែម​ពី​ការ​អនុវត្ត​កាតព្វកិច្ច​នេះ និង​សង្កត់​ធ្ងន់​យ៉ាង​ច្បាស់​ថា រដ្ឋ​នានា​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ឆាប់​រហ័ស និង​ឥត​លម្អៀង។

បន្ថែម​ពី​លើ​នេះ​ទៀត ពិធីសារ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​ក្រៅ​ច្បាប់ កំណត់​អំពី​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​របស់​រដ្ឋាភិបាល​ជុំវិញ​អង្គ​ហេតុ និង​ការ​បង្ហាញ​ការពិត​ជា​សាធារណៈ ដរាប​ណា​មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត ព្រម​ទាំង​ចែង​ថា ដំណើរការ និង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ត្រូវ​តែ​មាន​តម្លាភាព រួម​បញ្ចូល​ទាំង​ការ​បើក​ចំហ​ដល់​ការ​ត្រួត​ពិនិត្យ​ពិច័យ​ពី​សាធារណជន និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles