Clik here to view.

យុវជនមួយក្រុមដែលសកម្មនឹងកិច្ចការសង្គមរកឃើញថា នៅក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប មានជនអន្តោប្រវេសន៍វៀតណាម កំពុងរស់នៅដោយខុសច្បាប់តាមរបៀបផ្ទះបណ្ដែតទឹកជាង ២ម៉ឺននាក់។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ទទួលស្គាល់ថា បញ្ហានេះពិតជាកើតមានមែននៅកម្ពុជា ប៉ុន្តែរដ្ឋាភិបាលកំពុងតែដោះស្រាយបណ្ដើរៗដែរហើយ។
ក្រុមការងារ "១០០រាត្រី" ចាត់ទុកថា ផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងនៅតាមបឹងទន្លេសាប តាមរយៈការរស់នៅអនាធិបតេយ្យនៃជនអន្តោប្រវេសន៍វៀតណាម គឺជាប្រភពដ៏ចម្បងដែលនាំឲ្យបរិស្ថានមិនល្អ ហើយជាពិសេសបានជំរុញឲ្យទិន្នផលនៃប្រភពចំណូលត្រីត្រូវថយចុះក្នុងដំណាក់កាលចុងក្រោយនេះ។
របាយការណ៍ជាច្រើនទំព័រដែលក្រុមការងារ "១០០រាត្រី" ទើបតែបញ្ចប់កាលពីខែមិថុនា បង្ហាញថា ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់ក្នុងឃុំសង្កាត់ចំនួន ១០ ចំណុះឲ្យទាំង ២៣ភូមិជុំវិញបឹងទន្លេសាប មានជាង ២ម៉ឺននាក់។ របាយការណ៍ស្រាវជ្រាវនេះ ក៏បានបញ្ជាក់ដែរថា តួលេខនេះគឺហាក់ផ្ទុយពីអ្វីដែលអាជ្ញាធរឃុំ-សង្កាត់ កំពុងមាននៅក្នុងដៃ ដែលថាមានតែជាង ១ម៉ឺននាក់។
លោក មួង សូនី សមាជិកនៃក្រុមស្រាវជ្រាវ "១០០រាត្រី" យល់ឃើញថា របាយការណ៍ស្រាវជ្រាវនេះពុំមែនជាការឆ្លុះបញ្ចាំងពីនិន្នាការរើសអើងជាតិសាសន៍ទេ ប៉ុន្តែរបាយការណ៍នេះនឹងក្លាយជាជំនួយស្មារតីដ៏សំខាន់មួយដល់រដ្ឋាភិបាល។ លោករំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះដោយតម្លាភាព និងអាចជឿទុកចិត្តបាន។ បន្ថែមពីលើនេះទៀត លោក មួង សូនី រកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកទាំងនោះ គឺពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវទេ៖ «ខ្ញុំយល់ឃើញថា តាមការសារភាពរបស់ពួកគាត់ហើយនិងការប្រាប់ដោយអាជ្ញាធរ ក៏ដូចជាប្រជាជននៅក្នុងមូលដ្ឋានគឺថា ពួកគាត់ធ្លាប់មានអត្តសញ្ញាណប័ណ្ណដែលធ្វើដោយខុសច្បាប់»។
ច្បាប់ស្ដីពីសញ្ជាតិដែលអនុម័តកាលពីខែតុលា ឆ្នាំ១៩៩៦ មាត្រា៨ ចែងថា ជនបរទេសដែលអាចស្នើសុំសញ្ជាតូបនីយកម្មបានត្រូវបំពេញលក្ខខណ្ឌ ៦យ៉ាង ក្នុងនោះរួមត្រូវមានលិខិតថ្កោលទោសដែលបញ្ជាក់ថា ពុំមានបទល្មើសព្រហ្មទណ្ឌជាដើម។ ក្រៅពីនេះ ជនបរទេសណាដែលធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពី ១ពាន់លានរៀលទៅ អាចស្នើសុំសញ្ជាតូបនីយកម្មបាន។
ជុំវិញរឿងនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា រដ្ឋាភិបាលកំពុងតែដោះស្រាយបញ្ហានេះ ប៉ុន្តែត្រូវការពេលវេលាក្នុងការធ្វើការបន្តិច។ លោកបន្តថា រឿងជនអន្តោប្រវេសន៍វៀតណាម រស់នៅដោយគ្មានច្បាប់ទម្លាប់នេះ ពុំមែនទើបតែក្នុងសម័យទំនើបនេះទេ៖ «អ្វីដែលយើងធ្វើគឺធ្វើពីជំហានមួយមិនមែនតក់ក្រហល់តាមតែចិត្តចង់ទេ។ យូរៗវាគង់តែនឹងអស់ ព្រោះនេះនិយាយដោយត្រង់ទៅជនអន្តោប្រវេសន៍នេះមិនមែនតែនៅជំនាន់យើងហ្នឹងទេ គិតទៅតាំងពីជំនាន់អង្គមីម៉េ្លះ»។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមការងារ "១០០រាត្រី" បង្ហាញថា ជនអន្តោប្រវេសន៍វៀតណាម ដែលរស់លើផ្ទះបណ្ដែតទឹកគឺមានចំនួន ៤៥ភាគរយ។ តួលេខនេះគឺមានចំនួនប្រហាក់ប្រហែលនឹងពលរដ្ឋខ្មែរសរុបដែលមានប្រមាណ ៥៥ភាគរយ ដែលកំពុងរស់នៅជុំវិញបឹងទន្លេសាបដែរ។ ទាក់ទិនរឿងនេះ កាលពីខែសីហា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍ជំរឿនរបស់ខ្លួនបង្ហាញថា ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ចំនួន ២៥សញ្ជាតិ ក្នុងនោះជាង ៩៩ភាគរយ ដែលស្មើប្រមាណ ១៦ម៉ឺននាក់ គឺជាជនជាតិវៀតណាម៕