
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងពីការសិក្សាស្រាវជ្រាវអំពីស្ថានភាពរស់នៅរបស់កម្មករ និយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញកាលពីថ្ងៃទី៧ ខែមិថុនា បានប្រាប់ទៅតំណាងរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអោយសហការជាមួយភាគីអនុវត្តការសិក្សានេះ។ ការសិក្សារៀបចំដោយលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារដោយមានវិទ្យាស្ថានជាតិស្ថិតិជាអ្នកទទួលបន្ទុកចុះអង្កេតប្រមូលទិន្នន័យ។
សេចក្ដីជូនដំណឹងដដែលអោយដឹងថា ការអង្កេតនេះនឹងចាប់អនុវត្តពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ ក្នុងនោះនឹងសាកសួរកម្មករនិយោជិតចំនួន ១.៥០០នាក់ និងរោងចក្រចំនួន ៧៥ នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល។
របាយការណ៍រដ្ឋាភិបាលឲ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០១៦ ប្រទេសកម្ពុជា មានរោងចក្រកាត់ដេរសំលៀកបំពាក់ជាង ១ពាន់ (១.០៧៩) និងមានកម្លាំងពលកម្មបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងជិត ៨សែននាក់៕