Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ក្តៅ​ក្រហាយ​នឹង​លោក សម រង្ស៊ី ថា​ឲ្យ​រដ្ឋ​ជួយ​ដោះស្រាយ​បំណុល​ពលរដ្ឋ

$
0
0

ប្រជាពលរដ្ឋ​ជាង ២​លាន​គ្រួសារ​កំពុង​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន។ ប្រមុខ​រដ្ឋាភិបាល​យល់​ថា ការ​ជំពាក់​បំណុល​ច្រើន គឺ​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាន់ច្រឡំ ស្មាន​ថា​អ្នក​ឲ្យ​លុយ​ខ្ចី​ជា​ស្ថាប័ន​រដ្ឋ និង​ចាញ់​ឃោសនា​អ្នក​នយោបាយ​រឿង​លុប​បំណុល។ ប៉ុន្តែ​អ្នក​វិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ការ​ជំពាក់​បំណុល គឺ​មក​ពី​ជីវភាព​ខ្វះខាត និង​បញ្ហា​កសិផល​គ្មាន​ទីផ្សារ។ រដ្ឋាភិបាល​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម និង​គំរាម​ចង​ស្លាប​សេក​អ្នក​ណា​ថា​អាច​លុប​បំណុល។ ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដៀល​លោក សម រង្ស៊ី ថា​ជា​មនុស្ស​ចង្រៃ ព្រោះ​រឿង​បំណុល​នេះ។

ប្រមុខ​រដ្ឋាភិបាល​សម្ដែង​ភាព​ក្រេវក្រោធ​ដាក់​អ្នក​ស្រុក​បារាំង​ម្នាក់ ដែល​ហ៊ាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​គ្រួសារ ដែល​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​អ្នក​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ដូច្នេះ គឺ​ជា​មនុស្ស​ឧបទ្រព៖ «អា​មួយ​ស្រែក​ពី​ប៉ារីស​មក៍ ថា​វា​ឈប់​ធ្វើ​នយោបាយ​ហើយ វា​នៅ​តែ​ស្រែក​មក៍​ទៀត! មក​ឲ្យ​រដ្ឋ​ចេញ​មុខ​សង​ជួស។ អ្ហា៎ក! វា​ទៅ​ជា​ចង្រៃ​អ៊ីចឹង​ទៅ អា​មនុស្ស​ចង្រៃ​អ៊ីចឹង! ឲ្យ​លោក ហ៊ុន សែន ចេញ​មក ដើម្បី​សង​លុយ​ជួស​ប្រជាជន។ ប្រជាជន​ទៅ​ខ្ចី​លុយ​មីក្រូហិរញ្ញវត្ថុ ឲ្យ​អញ​ទៅ​សង។ អា​នេះ​ពិត​ជា​មនុស្ស​អាក្រក់​មែន​ម៉ង! ចាកចេញ​ទៅ​ហើយ នៅ​មក​វិលវល់ៗ​នៅ​តែ​ហ្នឹង មិន​ប្រកាច់​នៅ​ឲ្យ​ស្ងៀម​សិន​មើល៍

ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​ក៏ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​កសិករ។ លោក សម រង្ស៊ី សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា «រដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​ជួយ​កសិករ​ដែល​ជំពាក់​លុយ​គេ​វ័ណ្ឌ​ក»។ លោក​បន្ត​ថា «រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទុក្ខ​វេទនា​របស់​កសិករ​រាប់​លាន​នាក់​ដែល​ធ្វើ​ស្រែ ធ្វើ​ចម្ការ​ដោយ​ខាតបង់​រាល់​ឆ្នាំ ជា​ហេតុ​តម្រូវ​ឲ្យ​កសិករ​ទាំងនោះ​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​បំពេញ​កង្វះ​ខាត​រហូត​ដល់​ត្រូវ​គេ​រឹប​អូស​ដីធ្លី ដោយសារ​តែ​គ្មាន​លទ្ធភាព​សង​លុយ​ម្ចាស់​បំណុល»

ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី លើក​ឡើង​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ចំនួន ២​លាន​គ្រួសារ​ដែល​ភាគច្រើន​រស់នៅ​ទី​ជនបទ ឬ ៦០​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​នៅ​កម្ពុជា កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន​ចំនួន​ប្រមាណ ៦០​ស្ថាប័ន។ ពលរដ្ឋ​ភាគច្រើន​ខ្ចី​ប្រាក់​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​ទៅ ៤​ពាន់​ដុល្លារ។

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស ដែល​ភាគច្រើន​ជា​អ្នក​ជនបទ​កំពុង​ផុង​ខ្លួន​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន​យ៉ាង​សន្ធឹក​បែប​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដី​បន្ទោស​ថា រឿង​នេះ​មក​ពី​ប្រជាពលរដ្ឋ​យល់​ច្រឡំ ស្មាន​ថា​ស្ថាប័ន​ឲ្យ​ខ្ចី​ប្រាក់​ទាំងនោះ​ជា​របស់​រដ្ឋ ព្រោះ​នោះ​ជា​លុយ​អង្គការ និង​ថា​មក​ពី​ចាញ់​ឃោសនា​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ដែល​សន្យា​ថា​នឹង​លុប​បំណុល​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត៖ «ដល់​អង្គការ​ហ្នឹង​វា​ជាប់​ពី​សម័យ ប៉ុល ពត មក៍។ អង្គការ​គឺ​រដ្ឋ បូក​បន្ថែម​ដល់​អ្នក​នយោបាយ​ទៅ​ខ្សឹប​ថា​អ្ហែង​ខ្ចីៗ ប្រឹង​ខ្ចី ដល់​ខ្ញុំ​ឈ្នះ ខ្ញុំ​លុប​ចោល»

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ ដោយ​អះអាង​ថា លោក​មិន​ដែល​ធ្លាប់​ឮ​អំពី​ការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រឿង​លុប​បំណុល បើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ​ទេ។ លោក សុន ឆ័យ បាន​បន្ត​ថា មាន​វិធី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​រដ្ឋាភិបាល​ត្រូវ​សម្រួល​ជាមួយ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​កាត់​បន្ថយ​ការប្រាក់ ដោយ​ការ​យោគយល់​ស្រុះស្រួល។

ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​កំពង់ចាម ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ស្ទឹងត្រែង បញ្ជាក់​ថា ពួក​គាត់​ខ្ចី​ប្រាក់ គឺ​ដោយសារ​ជីវភាព​ខ្វះខាត ភាព​ក្រីក្រ ខ្វះ​ដើម​ទុន​រក​ស៊ី គ្មាន​ការងារ​ធ្វើ កសិផល​ធ្លាក់​ថ្លៃ ឈឺ​ថ្កាត់​គ្មាន​លុយ​បង់​ថ្លៃ​ពេទ្យ។

លោកស្រី សាត ស៊ីហ៊ាប ជា​កសិករ​នៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម អះអាង​ថា គាត់​បង្ខំ​ចិត្ត​ត្រូវ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ដោយ​មាន​ការប្រាក់​ផង ដោយសារ​ជីវភាព​ខ្វះខាត​គ្មាន​ប្រាក់​បង់​ថ្លៃ​ព្យាបាល​ជំងឺ​កាល​គាត់​ធ្លាក់​ខ្លួន​ឈឺ មិន​មែន​អ្នក​នយោបាយ​ខ្សឹប​គាត់​ឲ្យ​ខ្ចី​នោះ​ឡើយ៖ «កាល​ហ្នឹង​គេ​ថា​វា ២,% ចេះ​តែ​យក​អ៊ីចឹង ហ្នឹង​ហើយ! បើ​យើង​មិន​យក​មើល​ខ្លួន​ទេ បាន​លុយ​ឯណា បើ​យើង​ក្រ​អត់​មាន​លុយ។ កូន​វា​ថា​ម៉ែ​អើយ​យក​ទៅ ចាំ​កូន​ធ្វើ​ការ​រោងចក្រ​កូន​ដោះ។ ធ្វើ​ការ​រោងចក្រ​ឯណា កាល​ហ្នឹង​រោងចក្រ​គេ​រំសាយ មាន​បាន​ធ្វើ​ឯណា»

លោកស្រី​បន្ត​ថា ដោយសារ​ចង់​ដោះ​បំណុល​ម្តាយ កូន​របស់​គាត់​ម្នាក់​បាន​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន។ ម្នាក់​ទៀត​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ម្តាយ៖ «ដល់​ពេល​ក្រោយ​មក មេ​ខ្យល់​វា​នៅ​ស្រុក​ចិន ហ្នឹង វា​ដក​ទូរស័ព្ទ​មិន​ឲ្យ​កូន​ខ្ញុំ​ទាក់ទង​ទៅ​ស្ថានទូត។ ដល់​ពេល​ចុង​ក្រោយ​មក៍ ខ្ញុំ​អត់​បាន​ដឹង​ដំណឹង​កូន។ រាល់​ថ្ងៃ​ហ្នឹង​បាន​កូន​ដែល​រត់​ទៅ​ថៃ។ បាន​អា​ថៃ ហ្នឹង​វា​ផ្ដោះ​ប្ដូរ​សង»

អ្នក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម លោកស្រី សន ច្រិប ជំពាក់​លុយ​ធនាគារ​ឯកជន​ដែរ ដោយសារ​ជីវភាព​ខ្វះខាត គ្មាន​ប្រាក់​ចិញ្ចឹម​កូន និង​ឲ្យ​កូន​រៀន ទើប​លោកស្រី​ត្រូវ​ខ្ចី​ប្រាក់​ធនាគារ។ ប៉ុន្តែ​ដោយ​ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន លោកស្រី​គិត​ចង់​បញ្ឈប់​កូន​ពី​សាលា ដើម្បី​ធ្វើ​ការ​ជួយ​រក​ប្រាក់​ដោះ​បំណុល៖ «ចង់​ឲ្យ​ឈប់​រៀន ទៅ​ធ្វើ​រោងចក្រ​យក​លុយ​មក​សង​គេ​វិញ»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង លោក កោ សុភា ដែល​ជា​ជាង​ជួសជុល​ម៉ូតូ និង​លោកស្រី គង់ តឹងឡឹង ជា​អ្នក​លក់​ដូរ​នៅ​ផ្ទះ បាន​បញ្ជាក់​ថា ពួក​គាត់​ខ្ចី​ប្រាក់​ធនាគារ គឺ​ដោយសារ​ខ្វះ​ដើម​ទុន​រក​ស៊ី មិន​មែន​ដោយសារ​មាន​នរណា​សន្យា​លុប​បំណុល​នោះ​ទេ៖ «លោក កោ សុភា៖ យក​លុយ​ហ្នឹង​ដើម្បី​ទិញ​អីវ៉ាន់​រក​ស៊ី​ធ្វើ​ជាង​ម៉ូតូ។ លោកស្រី គង់ តឹងឡឹង៖ ខ្ចី​ដោយសារ​អត់​ហ្នឹង​ណា៎! ខ្ចី​ដើម្បី​យក​មក​ប្រកប​មុខ​របរ​រក​ស៊ី​រក​ចុក​យើង​នេះ​ណា»

លោក​បណ្ឌិត មាស នី ព្រួយ​បារម្ភ​ពី​ការ​ជំពាក់​បំណុល​ដ៏​សន្ធឹកសន្ធាប់ និង​ភាព​គ្មាន​លទ្ធភាព​សង​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងនេះ។ លោក​ព្រួយ​បារម្ភ​ដោយសារ​តែ​ផល​ប៉ះពាល់​នេះ រាលដាល​ដល់​កសិករ​ស្ទើរ​គ្រប់​គ្នា៖ «បើ​យើង​និយាយ​ពី​ប្រាក់​កម្ចី​នេះ គឺ​ធ្ងន់​ណាស់។ ធ្ងន់​មែន​ទែន! វា​ត្រូវ​នឹង​ពេល​ដែល​មាន​វិបត្តិ​អត់​មាន​ទីផ្សារ​ផលិតផល​ហ្នឹង​ផង។ យើង​ឃើញ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មែន​តែ​ប៉ះ​កសិករ​តូចៗ​ទេ ចាប់​ផ្ដើម​ប៉ះ​ដល់​កសិករ​ថ្នាក់​កណ្ដាល ថ្នាក់​ធំ ព្រោះ​ដំបូង ឬ​ស្រូវ​បាន​មក​លក់​ទៅ​អត់​ចេញ ឬ​អត់​មាន​ទីផ្សារ ឬ​អត់​ចំណេញ»

ស្រប​ពេល​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ក្នុង​រឿង​ពលរដ្ឋ​ជំពាក់​បំណុល​គ្រឹះស្ថាន​ឥណទាន​ឯកជន​ទាំងនេះ រដ្ឋាភិបាល​ងាក​មក​រក​វិធី​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម (ឬ​ឡូហ្គោ) របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន​ណា​ដែល​មាន​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​ស្រដៀង​និមិត្ត​សញ្ញា​របស់​ស្ថាប័ន​រដ្ឋ ដោយ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​ភាន់​ច្រឡំ​ថា គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ។ រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ធ្វើ​យុទ្ធនាការ​នេះ​ពេញ​មួយ​ឆ្នាំ ដោយ​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ក្នុង​ស្រុក។

សំឡេង​ពេល​ហៅ​ទូរស័ព្ទ (Ringtone) ពី​ក្រុមហ៊ុន​ទូរស័ព្ទ៖ «គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ជា​របស់​ឯកជន មិន​មែន​ជា​របស់​រដ្ឋ​នោះ​ទេ។ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​កុំ​យល់​ច្រឡំ។ សូម​អរគុណ»

លោក ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ថា នឹង​បិទ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងឡាយ​ណា​ដែល​មិន​ព្រម​ធ្វើ​តាម​បញ្ជា​រដ្ឋាភិបាល ក្នុង​ការ​ប្ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម និង​ផ្សាយ​សារ​ដូច​ខាង​លើ​ជា​សាធារណៈ និង​គំរាម​ចង​ស្លាប​សេក​អ្នក​នយោបាយ​ណា​ដែល​ហ៊ាន​សន្យា​លុប​បំណុល៖ «អ្នក​ណា​លុប​បំណុល ចាប់​វ៉ៃ​ខ្នោះ​នៅ​នឹង​កន្លែង។ ឯង​លុប​បំណុល​យ៉ាង​ម៉េច? ដើរ​តែ​ភូត​គេ​ទេ​អ្ហី? អា​ហ្នឹង​អត់​ទេ និយាយ​ឲ្យ​ច្បាស់ៗ ត្រូវ​សង​គេ​ទាំង​ការ​ទាំង​ដើម»

មាន​ស្ថាប័ន​ឯកជន​ជាង​ដប់ រួម​មាន​ធនាគារ​អេស៊ីលីដា (Acleda) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន ទោះ​បី​និមិត្ត​សញ្ញា​របស់​ខ្លួន​ប្រើប្រាស់​ជា​ផ្លូវការ​អស់​រយៈពេល ២៤​ឆ្នាំ​ហើយ​ក៏ដោយ​ក្តី។ ធនាគារ​អេស៊ីលីដា បាន​ប៉ាន់ស្មាន​ថា ការ​ផ្លាស់ប្ដូរ​ឡូហ្គោ​នេះ​បាន​ចំណាយ​ជិត ៤​លាន​ដុល្លារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ចំណាយ​ប្រាក់​ជិត ១​លាន​ដុល្លារ ដែល​ជា​បន្ទុក​របស់​ធនាគារ​ផ្ទាល់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ចាត់​ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​បែប​នេះ ថា​មិន​មែន​ជា​ដំណោះស្រាយ​ទេ ប៉ុន្តែ​ជា​ការ​គេច​មិន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បំណុល៖ «សារ​ដែល​គេ​ផ្សព្វផ្សាយ​បែប​នេះ គ្រាន់​តែ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​គន្លាស់​ដៃ មិន​យក​ចិត្ត​ទុក​ដាក់ ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ដុនដាប​របស់​កសិករ​ខ្មែរ​រាប់​លាន​នាក់​ដែល​ជំពាក់​លុយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​យ៉ាង​វ័ណ្ឌ​ក។ តាម​ការពិត រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទុក្ខ​វេទនា​របស់​កសិករ​រាប់​លាន​នាក់ ដែល​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ដោយ​ខាតបង់​រាល់​ឆ្នាំ ជា​ហេតុ​តម្រូវ​ឲ្យ​កសិករ​ទាំងនោះ​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​បំពេញ​កង្វះ​ខាត​រហូត​ដល់​ត្រូវ​គេ​រឹប​អូស​ដីធ្លី ដោយសារ​តែ​គ្មាន​លទ្ធភាព​សង​លុយ​ម្ចាស់​បំណុល»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​ស្នើ​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​វិស័យ​កសិកម្ម​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​កសិករ​មាន​ដីធ្លី​គ្រប់គ្រាន់​ដើម្បី​ប្រកប​អាជីវកម្ម មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ស្រោចស្រព​ស្រែ​ចម្ការ មាន​ការ​ទ្រទ្រង់​បច្ចេកទេស​គ្រប់​បែប​យ៉ាង ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ហើយ​ជាពិសេស ត្រូវ​តែ​រៀបចំ​ទីផ្សារ​ដើម្បី​ឲ្យ​កសិករ​អាច​លក់​ផល​ដំណាំ​ដែល​ប្រមូល​បាន​ក្នុង​តម្លៃ​ខ្ពស់​សមរម្យ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ ដោយ​មិន​ចាំបាច់​ទៅ​ខ្ចី​លុយ​ពី​គេ ឬ​ក៏​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ដូច​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles