Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង​ហែ​ក្បួន​តាម​គោយន្ត​ទាមទារ​ដំណោះស្រាយ

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ ៣០​នាក់​តំណាង​ឲ្យ ១៦​គ្រួសារ​មក​ពី​ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​ទ្រព្យ នៅ​រសៀល​ថ្ងៃ​ទី​៥ កក្កដា ធ្វើ​ដំណើរ​ដោយ​គោយន្ត​ចំនួន ៦​គ្រឿង​ឆ្ពោះ​ទៅ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ទំនាស់​ដី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

ក្រុម​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​បវេល នោះ​មាន​ដាក់​ឧបករណ៍​កន្ទេល ខ្នើយ ចង្ក្រាន ឆ្នាំង​ភ្ជាប់​ទៅ​ជាមួយ​ពួក​គាត់ ធ្វើ​ដំណើរ​ចេញ​ពី​ឃុំ​ខ្នាចរមាស ស្រុក​បវេល តាំង​ពី​ព្រឹក​ព្រលឹម ហើយ​ជួប​ភ្លៀង​ផ្គរ​តាម​ផ្លូវ​មិន​បាន​ទៅ​ដល់​សាលា​ខេត្ត​បាត់ដំបង ទេ។

តំណាង​អ្នក​តវ៉ា លោក ចាន់ យឿត ផ្ដល់​បទសម្ភាសន៍​ខណៈ​មក​ដល់​ឃុំ​អូរតាគី ស្រុក​ថ្មគោល នៅ​រសៀល​ថ្ងៃ​ទី​៥ កក្កដា ថា ពួក​គាត់​នឹង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ មិន​ជួយ​ដោះស្រាយ​ទំនាស់​ដី​ជូន​ពួក​គាត់ ដើម្បី​យក​ដី​ទៅ​បង្កបង្កើនផល​បាន​នោះ«គោល​បំណង​របស់​ពួក​ខ្ញុំ ចង់​ឲ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មការ​មួយ​យក​ប័ណ្ណ​ពី​ភាគី​ទំនាស់​ពិនិត្យ​មើល​ឡើង​វិញ​ឲ្យ​មាន​តម្លាភាព ព្រោះ​លោក អៀង អឿន ឈូស​ឆាយ​ដី​មិន​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ស្រែ​ទេ»

ពលរដ្ឋ​មាន​ទំនាស់​ដី​ម្នាក់​ទៀត លោកស្រី សូ ទី ថ្លែង​ថា មូលហេតុ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ទាំង​ភ្លៀង​រលឹម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ដោយសារ​អ្នក​មាន​លុយ​ម្នាក់​ឈ្មោះ អៀង អឿន រស់នៅ​ខេត្ត​បាត់ដំបង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ទំនាស់ ហើយ​ពួក​គាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ម្ដង​រួច​មក​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ​ទេ។ លោកស្រី​បន្ថែម​ថា ពួក​គាត់​ក្រីក្រ ហើយ​គ្មាន​ដី​ផ្សេង​ក្រៅ​អំពី​ដី​ទំនាស់​ដើម្បី​ធ្វើ​ស្រែ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ«ទំនាស់​ជាង ១០​ឆ្នាំ​ហើយ អាជ្ញាធរ​ដោះស្រាយ​មិន​បាន​សម្រេច​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួក​ខ្ញុំ​តវ៉ា​ដើម្បី​បាន​ដី​យក​ទៅ​បង្កបង្កើនផល»

អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ទំនាស់ លោក អៀង អឿន ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ កក្កដា ដោយ​ទូរស័ព្ទ​របស់​លោក​ហៅ​មិន​ចូល។

ចំណែក​អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ប៊ុន គឹមស៊ាន ក៏​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ករណី​ទំនាស់​ដី​របស់​ក្រុម​អ្នក​តវ៉ា​ជា​រឿង​ស្មុគស្មាញ មាន​ទំនាស់​តាំង​ពី​ឆ្នាំ​២០០២ មក។ លោក​ថា កន្លង​ទៅ អាជ្ញាធរ​ដោះស្រាយ​បាន​ត្រឹម​សម្របសម្រួល​ដោយ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​នៅ​លើ​ដី​ទំនាស់​បណ្ដោះអាសន្ន។ លោក​អះអាង​ថា ករណី​ភាគី​ទំនាស់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ«រឿង​នេះ​យើង​មើល​ឃើញ​ថា​ការ​តវ៉ា​របស់​ពលរដ្ឋ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ពួក​គាត់​មក​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ចាត់​វិធានការ​កុំ​ឲ្យ​មាន​ការ​ឈូស​ឆាយ​ទៅ​លើ​ដី​របស់​ពួក​គាត់»

ពលរដ្ឋ​អះអាង​ថា ដី​ទំនាស់​ទំហំ ១១០​ហិកតារ​ស្ថិត​នៅ​ភូមិ​សូភី ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ទំនាស់​ខ្លាំង​នៅ​ឆ្នាំ​២០០២ ជាមួយ​លោក អៀង អឿន និង​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ​នៅ​ស្រុក​បវេល។ ក្រុម​អ្នក​តវ៉ា​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​តាម​ផ្លូវ​នៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ហើយ​ពួក​គាត់​នឹង​បន្ត​ដំណើរ​នៅ​ថ្ងៃ​ទី​៦ កក្កដា ទៅ​សាលា​ខេត្ត​បាត់ដំបង និង​បន្ត​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ទៀត ប្រសិន​បើ​អាជ្ញាធរ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles