
ពលរដ្ឋចំនួន ៥ភូមិ នៅស្រុកចំនួន២ និងក្រុង១ របស់ខេត្តឧត្តរមានជ័យ នៅតែទន្ទឹងរង់ចាំសំណងនៃការខូចខាតដីស្រែចម្ការរបស់ពួកគេ ដែលប៉ះពាល់ដោយសារតែក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) អនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ នៅតំបន់ដែលពួកគេរស់នៅនោះ។
អ្នកភូមិនិយាយថា ចាប់តាំងពីឆ្នាំ២០១៤ មក គណៈកម្មការអន្តរក្រសួងបានចុះទៅវាស់វែងដីស្រែចម្ការដែលប៉ះពាល់ទាំងនោះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គេនៅមិនទាន់បានទទួលសំណងអ្វីនៅឡើយ។
ពលរដ្ឋប្រមាណ ១២០នាក់ មកពី៤ភូមិ នៃស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកចុងកាល់ បានលើកគ្នាទៅសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដា បំណងជួបជាមួយអភិបាលខេត្តឧត្តរមានជ័យ ឱ្យជួយពន្លឿនការទូទាត់សំណងដែលប៉ះពាល់ដោយសារការសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ជូនពួកគេឱ្យឆាប់រហ័ស។
ពលរដ្ឋទាំងនោះមកពីភូមិស្រះកែវ ឃុំពង្រ នៃស្រុកចុងកាល់ ភូមិបាក់នឹម នៃក្រុងសំរោង ភូមិគោកសំព័រ និងភូមិចារថ្មី របស់ស្រុកអន្លង់វែង។
អ្នកភូមិស្រះកែវ ម្នាក់ គឺលោក ខៀវ ពេជ្រ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី៥ ខែកក្កដា ថា កូនៗរបស់លោក ក៏បានទៅសាលាខេត្តជាមួយនឹងពលរដ្ឋជាច្រើននាក់ទៀត ដើម្បីទាមទារឱ្យរដ្ឋាភិបាលពន្លឿនការសងថ្លៃប៉ះពាល់ដីស្រែចម្ការមកឱ្យរូបលោកឱ្យបានឆាប់។
បុរសដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ បានទៅសង់ទំនប់ទឹកស្ទឹងស្រែងទី២ នៅតំបន់ភ្នំអាតោ បណ្ដាលឱ្យលំនៅឋាន និងដីស្រែចម្ការរបស់លោកទំហំ ១០ហិកតារលិចលង់។ លោកថា អាជ្ញាធររដ្ឋាភិបាលបានសន្យាថា នឹងផ្ដល់ដីស្រែថ្មីទំហំ ២ហិកតារ សងមកប្រជាពលរដ្ឋវិញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនឃើញចែកដីស្រែនៅឡើយ៖ «អត់មិនទាន់ឃើញដីស្រែនៅឯណាផង ពលរដ្ឋសព្វថ្ងៃមិនមានដីសម្រាប់ធ្វើស្រែចិញ្ចឹមជីវិតទេ ឯដីដាំដំឡូងមីក៏លិចអស់»។
ក្រុមអ្នកភូមិដែលលើកគ្នាទៅឈរនៅមុខសាលាខេត្តឧត្តរមានជ័យ ទាមទារឱ្យអាជ្ញាធរចេញសំណងជាទឹកប្រាក់ ថ្លៃប៉ះពាល់ដំណាំ និងប្រញាប់ចែកដីស្រែថ្មី មកឱ្យពួកគេបានធ្វើកសិកម្មចិញ្ចឹមជីវិតជំនួសដីស្រែចាស់ដែលទឹកលិចទៅហើយ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា នៅរសៀលថ្ងៃពុធ ទី៥ ខែកក្កដា លោកបានជួបជាមួយអ្នកភូមិដែលលើកគ្នាមកទាមទារនោះហើយ។
លោក ស ថាវី បញ្ជាក់ថា អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងប្រឹងប្រែងជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ សាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ហើយប៉ះពាល់ដល់លំនៅឋាន ដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋនេះ។
លោកថា អាជ្ញាធរខេត្តនឹងចាប់ផ្ដើមចុះចែកដីស្រែទំហំ ២ហិកតារក្នុង១គ្រួសារទៅឱ្យអ្នកភូមិស្រះកែវ នៅថ្ងៃទី៦ ខែកក្កដា៖ «យើងបានពន្យល់ប្រាប់គាត់ហើយ ពាក់ព័ន្ធរឿងដី ២ហិកតារ ដែលប្រជាពលរដ្ឋនៅភូមិស្រះកែវ ចំនួន ១៥៨គ្រួសារនេះ ស្អែកគឺឱ្យគេចុះវាស់ដីស្រែចែកហើយ»។
នេះគឺជាលើកទី២ហើយដែលប្រជាពលរដ្ឋរងការប៉ះពាល់ដីស្រែចម្ការដោយសារតែក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ឡើងទៅទាមទារនៅសាលាខេត្តឧត្តរមានជ័យ ឱ្យពន្លឿនការសងថ្លៃខូចខាត។ កាលពីថ្ងៃទី១៨ ខែឧសភា ក្រុមអ្នកភូមិស្រះកែវ ជាច្រើននាក់ ធ្លាប់នាំគ្នាឡើងទៅទាមទារនៅសាលាខេត្តឧត្តរមានជ័យ ម្ដងមកហើយ ក៏ប៉ុន្តែកាលណោះអាជ្ញាធរស្រុកចុងកាល់បានកាក់ផ្លូវដោះស្រាយ។
អាជ្ញាធរខេត្តឧត្តរមានជ័យ ឱ្យដឹងថា មានប្រជាពលរដ្ឋប្រហែល ៨០០គ្រួសារ នៅក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ ដែលទទួលរងការប៉ះពាល់លំនៅឋាន ដីស្រែ ចម្ការ និងដំណាំ ដោយសារតែការសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា អាជ្ញាធរគួរតែពន្លឿនការសងសំណងទៅឱ្យប្រជាពលរដ្ឋដែលប៉ះពាល់ទាំងនោះឱ្យឆាប់រហ័សដើម្បីឱ្យពួកគាត់អាចមានដីថ្មីរស់នៅ ព្រមទាំងធ្វើស្រែចម្ការថ្មីជួយដល់ជីវភាពប្រចាំថ្ងៃ៕