Quantcast
Viewing all articles
Browse latest Browse all 11174

គ្រូបង្រៀន​មួយ​ចំនួន​នៃ​វិទ្យាល័យ​ច្បារអំពៅ​មិន​គាំទ្រ​ការ​ជួល​ដី​សាលា​ឲ្យ​ឯកជន

Image may be NSFW.
Clik here to view.

គ្រូបង្រៀន​មួយ​ចំនួន​នៃ​វិទ្យាល័យ​ច្បារអំពៅ បង្ហាញ​ជំហរ​មិន​គាំទ្រ​ចំពោះ​ការ​យក​ដី​របស់​សាលា​ទៅ​វិនិយោគ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំណេញ។ ទោះ​ជា​យ៉ាង​ណា ថ្នាក់​ដឹកនាំ​សាលា​នេះ​បញ្ជាក់​ថា ការ​សម្រេច​យក​ដី​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ គឺ​ដើម្បី​រក​ប្រាក់​មក​អភិវឌ្ឍ​នៅ​ក្នុង​សាលារៀន​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា លោកគ្រូ និង​អ្នកគ្រូ​ចំនួន ៧​នាក់​នៃ​វិទ្យាល័យ​ច្បារអំពៅ ស្ថិត​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ផ្ដិត​មេដៃ និង​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ដើម្បី​ពិនិត្យ និង​បញ្ឈប់​ការ​យក​ដី​សាលារៀន​ដែល​ជា​ដី​របស់​រដ្ឋ ទៅ​វិនិយោគ​ឲ្យ​ឯកជន​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ។

ពាក្យ​បណ្ដឹង​នេះ​ឲ្យ​ដឹង​ថា សាលារៀន​បាន​យក​ដី​មាន​បណ្ដោយ​ចំនួន ២៥០​ម៉ែត្រ និង​ទទឹង​ចំនួន ៧០​ម៉ែត្រ ស្ថិត​នៅ​ទីធ្លា​ខាង​ក្រោយ​នៃ​សាលារៀន​ទៅ​ជួល​ឲ្យ​ឯកជន​មួយ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​កន្លែង​លេង​កីឡា​បាល់​ទាត់ បាល់​ទះ វាយ​សី វាយ​ពីងប៉ុង និង​អាង​ហែល​ទឹក​ក្នុង​តម្លៃ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល ១​ឆ្នាំ និង​មាន​កុងត្រា​រយៈពេល​រហូត ១០​ឆ្នាំ។

ឆ្លើយតប​នឹង​ពាក្យ​បណ្ដឹង​នេះ នាយក​រង​នៃ​វិទ្យាល័យ​ច្បារអំពៅ លោក អ៊ុក វណ្ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ កក្កដា ថា នៅ​ក្នុង​ចំណោម​បុគ្គលិក​បម្រើ​វិស័យ​សិក្សា​ក្នុង​វិទ្យាល័យ​ច្បារអំពៅ សរុប​ទាំងអស់​ចំនួន ២៤០​នាក់ គឺ​មាន​ចំនួន ២១៧​នាក់​ហើយ​ដែល​បាន​ឯកភាព​គ្នា​លើ​ផែនការ​ដើម្បី​ឲ្យ​សាលារៀន​យក​ដី​ទៅ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ លោក​បន្ត​ថា ការ​សម្រេច​យក​ដី​សាលារៀន​ទៅ​វិនិយោគ​បែប​នេះ ដោយសារ​សាលា​មាន​ដី​ធំ​ទូលាយ ហើយ​ស្រប​ពេល​កំពុង​ជួប​ប្រទះ​ខ្វះខាត​ថវិកា​ដើម្បី​កសាង​របង​សាលារៀន៖ «ហើយ​របង​សាលារៀន​មាន​ប្រវែង​ជាង ៣០០​ម៉ែត្រ ហើយ​ថវិកា​ត្រូវ​ចំណាយ​លើ​របង​នោះ​ប្រហែល ៥ ទៅ ៦​ម៉ឺន​ដុល្លារ។ ទី​ពីរ សាលា​មាន​ទីធ្លា​ធំ ហើយ​រក​លុយ​ពី​សប្បុរស​មក​ធ្វើ​មិន​ងាយ​ទេ»

លោក អ៊ុក វណ្ណា បញ្ជាក់​ថា ភាគី​ឯកជន​ដែល​ទទួល​បាន​ដី​សាលារៀន​ទៅ​វិនិយោគ​នេះ គឺ​ជា​ម្ចាស់​ក្រុមហ៊ុន បុរី ហាយធិច លុច្សសារី (BOREY HI-TECH LUXURI) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់​គ្នា​នឹង​សាលារៀន។ លោក​អះអាង​ថា បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​រៀបចំ​ដាក់​លិខិត​ស្នើសុំ​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​វិនិយោគ​ដី​ក្នុង​សាលារៀន​នោះ ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់។

វិទ្យាល័យ​ច្បារអំពៅ ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជិត ១០​ហិកតារ គឺ​សង្កេត​ឃើញ​ថា​មាន​កម្មករ​មួយ​ចំនួន កំពុង​កាយ​ដី​ចាក់​គ្រឹះ​ស៊ីម៉ងត៍​នៅ​លើ​ផ្ទៃដី​ដែល​សាលារៀន​សម្រេច​ធ្វើ​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ទោះ​ជា​យ៉ាង​ណា គ្រូបង្រៀន​ដែល​មិន​បាន​គាំទ្រ​ចំពោះ​ការ​វិនិយោគ​នេះ បាន​ចាត់​ទុក​ថា គឺ​មិន​មែន​ជា​កីឡា​ឡើយ តែ​ជា​ល្បែង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​របស់​សិស្ស និង​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការ​អប់រំ ដែល​ធានា​ដល់​គុណភាព​អប់រំ​ចំណេះ​ដឹង​ទូទៅ។ បន្ថែម​ពី​នេះ ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជួល​ទីធ្លា​សាលា​រដ្ឋ ទៅ​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណេញ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​មិន​ទាន់​ទទួល​បាន​សំណើ​ជុំវិញ​រឿង​សុំ​ជួល​ដី​សាលារៀន​នៅ​ក្នុង​វិទ្យាល័យ​ច្បារអំពៅ នោះ​ទេ ប៉ុន្តែ​លោក​ថា ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​នា​ពេល​ខាង​មុខ៖ «ក្រសួង​រង់ចាំ​មើល​សំណើ​មក​សិន ថា​តើ​ពាក់ព័ន្ធ​អី​ខ្លះ? និង​ការពិត​យ៉ាង​ណា? និង​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង»

រីឯ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ថ្លែង​ថា ថ្វីត្បិតតែ​ពុំ​មាន​ការ​ចែង​ច្បាប់​ឲ្យ​បាន​ច្បាស់​អំពី​ការ​ជួល​ដី​សាលារៀន​ទៅ​ឲ្យ​ឯកជន​ក្ដី ប៉ុន្តែ​លោក​យល់​ថា វា​ជា​ការ​ល្អ​ទៅ​វិញ​ប្រសិន​បើ​ការ​វិនិយោគ​នោះ​បម្រើ​ផល​ប្រយោជន៍​ទាំងស្រុង​ឲ្យ​សាលារៀន៖ «កន្លែង​បង្កើត​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ដែរ អ៊ីចឹង​ដូចជា​មិន​ជា​អី​ទេ»

អ្នក​ច្បាប់​រូប​នេះ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ការ​ជួល​ដី​សាលារៀន​បែរ​ជា​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ឯកជន ហើយ​ធ្វើ​ឲ្យ​បទ​សង្ស័យ​ពាក់ព័ន្ធ​ការ​រំលោភ​សេចក្ដី​ទុក​ចិត្ត បុគ្គល​នោះ​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ​ដល់ ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles