Quantcast
Viewing all articles
Browse latest Browse all 11174

ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សហភាព​អឺរ៉ុប​ស្វាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស

Image may be NSFW.
Clik here to view.

ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប។ ក្រៅ​អំពី​សហគមន៍​អន្តរជាតិ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃុំ​ខ្លួន​សង្គម​ស៊ីវិល​នេះ ក៏​បាន​សាទរ​ចំពោះ​ការ​មាន​សេរីភាព​នេះ​ដែរ។

ក្រៅ​អំពី​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ទាំង ៥​នាក់ ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​គេ​ចាត់​ទុក​ថា ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប ថ្ងៃ​ទី​៣០ ខែ​មិថុនា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​០១ កក្កដា បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប។

សេចក្ដី​ប្រកាស​ដដែល​បាន​ដក​ស្រង់​សម្ដី​អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​ប្រឆាំង​ទារុណកម្ម ហៅ​កាត់​ថា អូ.អឹម.ស៊ី.ធី (OMCT) ជេរ៉លដ៏ ស្ដាបបេរ៉ក (Gerald Staberock) ថា យើង​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ទាំង​៥ ដែល​នាំ​ឲ្យ​ចាក​ផុត​ទុក្ខ​ភ័យ នាំ​មក​នូវ​ភាព​រីករាយ​ក្រៃលែង សម្រាប់​សហគមន៍​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ដែល​យឺត​ពេល​បន្តិច​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស។ ពេល​នេះ​យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ចប់​ការ​ចោទ​ប្រកាន់​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ទាំង​ស្រុង​ចំពោះ​ពួកគេ​ទាំង ៥​នាក់។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ​ដែរ តំណាង​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ និង​ថា ពួកគេ​អាច​បន្ត​ឃ្លាំមើល​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

Image may be NSFW.
Clik here to view.

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤ គឺ​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​សំណុំ​រឿង​សមគំនិត និង​សូកប៉ាន់​សាក្សី​ដែល​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​នេះ គឺ​លោក កឹម សុខា និង​អតីត​មេ​ឃុំ​គណបក្ស​ប្រឆាំង លោក ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែង​ទោស​តាម​សំណើ​របស់​លោក ហ៊ុន សែន ក្រោយ​មាន​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា។

អតីត​មេ​ឃុំ​ស្រក​គណបក្ស​សម រង្ស៊ី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ដែល​ត្រូវ​ជា​ឪពុកមា​ស្រី​មុំ បាន​សាទរ​ចំពោះ​ការ​ដោះលែង​នេះ​ដែល​អាច​ឲ្យ​ពួកគេ​ជួបជុំ​គ្រួសារ និង​បំពេញ​ការងារ​របស់​ពួកគេ​វិញ។ លោក​បន្ត​ថា ម្យ៉ាង​ពួកគាត់​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ រី​ឯ​ប្រាក់ ២០៤​ដុល្លារ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់​នោះ គឺ​ជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជនរងគ្រោះ​ដែល​សមាគម​អាដហុក​បាន​ផ្ដល់​ឲ្យ​ជនរងគ្រោះ​ទូទៅ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​សាទរ​វា​ដេក​ទន្ទឹង​រាល់​ថ្ងៃ​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​មក​ក្រៅ​ក៏​ខ្ញុំ​នៅ​នឹក​ពួកគាត់ រឿង​គាត់​ក៏​ដូច​រឿង​ខ្ញុំ​ដែរ។ នៅ​អគារ​ជាមួយ​គ្នា ប៉ុន្តែ​បើ​ចេញ​លេង​មួយ​ថ្ងៃ ២​ដង ព្រឹក​ផង​ល្ងាច​ផង ទៅ​ពេល​ណា​ក៏​ជួប​គ្នា​ដែរ​នៅ​កន្លែង​មុខ​បន្ទប់​របស់​ខ្ញុំ​សំណេះសំណាល​ជាមួយ​គ្នា​រហូត»

ម្ដាយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ គឺ​លោកស្រី ស៊ាន លន ថ្លែង​ដោយ​ខ្លី​ថា លោកស្រី​អត់​ដឹង​ពី​ដំណឹង​នៃ​ការ​ដោះលែង​អ្នក​ទាំង ៥​រូប​នោះ​ទេ។ ប៉ុន្តែ​លោកស្រី​រីករាយ​ចំពោះ​ដំណឹង​នេះ៖ «គ្រាន់​ថា​ត្រេកអរ​តែ​ប៉ុណ្ណឹង រួច​មក​អរ​ហើយ។ ខ្ញុំ​អត់​មាន​ពាក្យ​អី​ទៀត​ផង»

ក្រៅ​អំពី​ការ​ទាមទារ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​៥ ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បូក​បញ្ចូល​ទម្លាក់​ការ​បទ​ចោទ​លើ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​ធ្លាប់​តែ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles