Quantcast
Viewing all articles
Browse latest Browse all 11174

ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ​សាទរ​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ.ជ.ប

Image may be NSFW.
Clik here to view.

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រេកអរ​ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពលរដ្ឋ​ថែម​ទាំង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ដែល​គ្មាន​កំហុស​ទាំង​នោះ ព្រោះ​ការងារ​របស់​ពួកគាត់​គឺ​ជា​រឿង​មនុស្សធម៌។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​មន្ត្រី​ទាំង​នោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនា។

គ្រាន់តែ​ដឹង​ដំណឹង​ថា មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​គ្នីគ្នា​អំពី​ព័ត៌មាន​នេះ​នឹង​ត្រៀមខ្លួន​មក​រាជធានី​ភ្នំពេញ ទៀត​ផង។ ពួកគាត់​នឹង​នាំ​គ្នា​ឡើង​មក​ទទួល​ស្វាគមន៍​មន្ត្រី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​នាក់​នៅ​ថ្ងៃ​ទី​១ កក្កដា ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រលាញ់ និង​ដឹង​គុណ​បំណាច់​ដែល​ពួកគាត់​បាន​ចូល​រួម​ចំណែក​ជួយ​សង្គម​មួយ​នេះ ពិសេស​បាន​បង្ហាត់​បង្រៀន​ពលរដ្ឋ​ឱ្យ​ស្គាល់​ពី​តម្លៃ​សិទ្ធិមនុស្ស និង​របៀប​តស៊ូ​មតិ​ដោយ​អហិង្សា។ ក្រៅ​ពី​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​ឱ្យ​បន្ត​ការងារ​ជួយ​សង្គម និង​ពលរដ្ឋ​ទន់​ខ្សោយ​បន្ថែម​ទៀត។

តំណាង​ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន លោក ផុន សុផល មាន​ប្រសាសន៍​ថា ពួកគាត់​ត្រេកអរ​ស្ទើរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ពីព្រោះ​រឿង​នេះ កើត​ឡើង​ដោយ​គ្មាន​នរណា​អាច​នឹក​ស្មាន​ដល់។ លោក​បន្ត​ថា ការ​ដោះលែង​មន្ត្រី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) គឺ​បង្ហាញ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​ប្រសើរ​ឡើង​វិញ ហើយ​វា​រឹតតែ​ប្រសើរ​ឡើង​ទាំង​ស្រុង​នោះ នៅ​ពេល​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​តែម្ដង៖ «យើង​សង្ឃឹម​ថា នឹង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ព្រោះ​នៅ​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ នៅ​ពេល​មាន​ការ​ចាប់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នោះ ធ្វើ​ឱ្យ​ការ​គោរព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ»

មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ទាំង ៥​រូប រួម​មាន​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខ សាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ចេញ​ដីកា​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

Image may be NSFW.
Clik here to view.

មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង ៥​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូក​ប៉ាន់​សាក្សី ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​សំណុំរឿង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ប្រជា​សហគមន៍​ដដែល​បញ្ជាក់​ថា ការ​ដោះលែង​មន្ត្រី​ទាំង ៥​នាក់ គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សង្គម​ជាតិ ពិសេស​ពលរដ្ឋ ដូចជា​ទទួល​បាន​ការ​បង្រៀន​ផ្នែក​ច្បាប់ និង​របៀប​តស៊ូ​មតិ​ដោយ​អហិង្សា ព្រម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម។ លោក​ថា តាម​គម្រោង​ឡើង​មក រាជធានី​ភ្នំពេញ ដើម្បី​មក​ទទួល​ស្វាគមន៍​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​តុលាការ​ដោះលែង អាច​មាន​នឹង​ប្រជា​សហគមន៍​ចូល​រួម​ប្រមាណ ៣០០​នាក់។

មិន​ខុស​គ្នា​នេះ ប្រជា​សហគមន៍​នៅ​ឃុំ​ត្រមូង អ្នកស្រី ឈឺន រតនា រីករាយ​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នោះ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល ពិសេស​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ  ព្រោះ​ពួកគេ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «តែ​ចង់​ឱ្យ​លើក​លែង​ទោស​ដែល​កើត​ឡើង​ដោយ​ការ​ចោទ​ប្រកាន់​ហ្នឹង»

នៅ​ពេល​មន្ត្រី​ទាំង ៥​រូប ជាប់​ពន្ធនាគារ​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ចូលរួម​ធ្វើ​សកម្មភាព​បែប​តស៊ូ​មតិ​ជា​ច្រើន ដើម្បី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគេ​ដូចជា​លើក​បដា ដែល​មាន​រូប​មន្ត្រី ទាំង ៥​នាក់ និង​រូប​អ្នកស្រី ទេព វន្នី ផង ថត​បង្ហោះ​តាម​បណ្ដាញ​ប្រព័ន្ធ​ហ្វេសប៊ុក (Facebook)។ ក្រៅ​ពី​នេះ ក៏​មាន​សកម្មភាព​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​ការ​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្រៅ​ពី​​នេះ ពួកគេ​ធ្វើ​ពិធី​បន់ស្រន់​តាម​បែប​ជំនឿ​អរូបិយ និង​ព្រះពុទ្ធ​សាសនា ដែល​មាន​សែន​ចេក មាន់​ស្ងោរ ក្បាល​ជ្រូក​ស្ងោរ​ដាក់​តាម​ខ្ទម​អ្នកតា ដើម្បី​ឱ្យ​ជួយ​បន្ទន់​ចិត្ត​ប្រមុខ​ដឹកនាំ និង​តុលាការ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត កត់​សម្គាល់​ថា មូលហេតុ​ពលរដ្ឋ​ត្រេកអរ​ចំពោះ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ពេល​នេះ ពីព្រោះ​ការងារ​របស់​ពួកគេ​ជា​រឿង​មនុស្សធម៌​សុទ្ធសាធ និង​តែង​ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ ឬ​ពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ផ្សេងៗ​នៅ​ក្នុង​សង្គម។ លោក​អះអាង​ថា ការងារ​របស់​មន្ត្រី​សិទ្ធិមនុស្ស គឺ​ជា​ផ្នែក​មួយ​ជួយ​ដល់​រាជរដ្ឋាភិបាល​ទៀត​ផង៖ «វា​ជា​រឿង​មួយ​ល្អ ប្រសិនបើ​រាជរដ្ឋាភិបាល​ពួក​មន្ត្រី​សិទ្ធិមនុស្ស​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ទៀត​ដល់​រាជរដ្ឋាភិបាល គឺ​គ្មាន​ចំណេញ​អី​ដល់​អង្គការ​សិទ្ធិមនុស្ស​ទេ»

លោក នាង សុវ៉ាត មើល​ឃើញ​ថា ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប គឺ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មុខ​មាត់ និង​កិត្តិយស​របស់​រាជរដ្ឋាភិបាល​នឹង​កាន់​តែ​ប្រសើរ​ឡើង​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles