Clik here to view.

អ្នកភូមិនៃឃុំត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង កំពុងបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ដែលឋិតនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្រោយពីអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ តម្រូវឲ្យពួកគេវាស់វែងដី និងប្រាប់ទំហំដីនោះដល់អាជ្ញាធរដោយមិនដឹងហេតុផលច្បាស់លាស់។ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា ការបង្ហាញទីតាំង និងទំហំដីនេះ ដើម្បីងាយស្រួលគ្រប់គ្រងដីធ្លី និងត្រៀមលក្ខណៈវាស់វែងចេញប្លង់កម្មសិទ្ធិ។
ពលរដ្ឋប្រមាណ ៣០០គ្រួសារ នៅភូមិក្បាលដំរី ត្រពាំងចាន់ សន្លង់ និងភូមិកណ្ដាល ឃុំត្រពាំងចាន់ ដែលមានដីស្រែចម្ការធ្លាប់កាន់កាប់ និងអាស្រ័យផលតាំងពីដូនតាមកនោះ ខ្លាចអាជ្ញាធរមូលដ្ឋានប្រើល្បិចដកហូតដីពួកគេទៅឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចភាពីម៉ិច (Pheapimix) ឬយកទៅដាក់ជាដីរបស់រដ្ឋ។ សកម្មភាពវាស់វែង ឬផ្ដិតមេដៃសម្គាល់ទីតាំងដី បានធ្វើតាំងពីបោះឆ្នោតហើយភ្លាមៗ។
អ្នកភូមិក្បាលដំរី ម្នាក់ លោកស្រី ខ្លឹម សុផុត មានប្រសាសន៍ថា ដីស្រែ និងដីមានព្រៃខ្លះៗទំហំជាង ១ហិកតារ ឋិតនៅឃុំអន្សាចំបក់នោះ គ្រួសារលោកស្រីបានកាន់កាប់ និងអាស្រ័យផលរាប់ជំនាន់មកហើយ។ ដីនេះត្រូវបានកាន់កាប់ និងអាស្រ័យផលតាំងពីឪពុកម្ដាយ បន្តរហូតមកដល់លោកស្រីកាន់កាប់ពុំមានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះទេ។ បច្ចុប្បន្នរូបគាត់ និងអ្នកភូមិបារម្ភខ្លាចបាត់បង់ដី៖ «ដីហ្នឹងគេឲ្យវាស់ៗ យូរណាស់ហើយប៉ុន្មានឆ្នាំហើយ តែវាអត់ឃើញមានប្លង់អីផងនេះ។ ពលរដ្ឋទាំងអស់គ្នាកំពុងតែចាំមើលដែរហ្នឹងថា មិនដឹងវាស់វែងហ្នឹងយកទៅធ្វើម៉េច? គ្រាន់តែបារម្ភគ្រប់ៗគ្នា»។
ចំណែកអតីតមេឃុំ និងជាបេក្ខភាពជាប់ឆ្នោតមេឃុំត្រពាំងចាន់ របស់គណបក្សសង្គ្រោះជាតិ លោកស្រី ស្ងួន សាមាន ខ្លាចអាជ្ញាធរពីខាងគណបក្សកាន់អំណាចយកលេសដីធ្លីនេះ បង្ខំឲ្យពលរដ្ឋដែលធ្លាប់គាំទ្របក្សប្រឆាំងនៅក្នុងឃុំត្រពាំងចាន់ ឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ ខាងមុខ បើមិនដូច្នោះទេ ពួកគេប្រឈមនឹងការបាត់បង់ដីធ្លី ឬមិនអាចចូលទៅធ្វើស្រែដូចមុនបាន។
លោកស្រី សាមាន គ្រោងកោះពលរដ្ឋប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងយល់ពីការវាស់វែង ឬការគ្រប់គ្រងដីទាំងនេះ នៅពេលលោកស្រីត្រូវបានប្រកាសឲ្យចូលកាន់ដំណែងជាផ្លូវការ៖ «ដោយអាជ្ញាធរខាងអន្សាចំបក់ ធ្លាប់មានបញ្ហាហើយជាមួយក្រុមហ៊ុនភាពីម៉ិចពីមុនមក។ ពលរដ្ឋខ្ញុំនៅភូមិក្បាលដំរីហ្នឹង មាននៅតំបន់ចារព័រ តាអោង និងកាច់កង់ ហើយក្រុមហ៊ុនគេយកតាមប្លង់គំនូសផែនទីរបស់រដ្ឋាភិបាលគូសឲ្យទេ ប៉ុន្តែអាជ្ញាធរហ្នឹងខូច ថាក្រុមហ៊ុនភាពីម៉ិចយកដីដល់ភូមិប្រជាពលរដ្ឋ។ នេះហើយហានិភ័យសម្រាប់ខ្ញុំ អាជ្ញាធរខ្លាចអាជ្ញាធរខាងអន្សាចំបក់ យកទៅរៀបក្បាលញត្តិមួយថា ពលរដ្ឋរស់នៅឃុំត្រពាំងចាន់ដែលមានដីអាស្រ័យផលនៅខេត្តពោធិ៍សាត់ ព្រមប្រគល់ដីទៅឲ្យខេត្តពោធិ៍សាត់វិញ»។
ទោះជាងយ៉ាងណា មេឃុំត្រពាំងចាន់ ស្ដីទីរបស់គណបក្សប្រជាជនកម្ពុជា លោក សាំង ខាត់ បញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពដីស្រែចម្ការនេះមិនពាក់ព័ន្ធរឿងនយោបាយឡើយ ផ្ទុយទៅវិញអាជ្ញាធរចង់បង្កភាពងាយស្រួលដល់ម្ចាស់ដី ព្រោះកន្លងទៅពួកគេលំបាកចូលបូមទឹកដាក់ស្រែ ឬយកត្រាក់ទ័រទៅឈូសពង្រីកដីក្បាលស្រែ ទើបអាជ្ញាធរធ្វើសំណើភ្ជាប់ស្នាមមេដៃ ដាក់ជូនអភិបាលស្រុកក្រគរ។
លោក សាំង ខាត់ បន្ថែមថា ក្រុមការងារដែលមានសមាសភាពចាប់ពីថ្នាក់ឃុំ រហូតដល់អាជ្ញាធរខេត្ត នៃខេត្តទាំងពីរ អាចនឹងពិភាក្សារកនីតិវិធីគ្រប់គ្រងដីធ្លីកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ៖ «មិនថាខ្ញុំធ្វើឯកសារនេះដើម្បីយកដីទៅលក់អីទេ យើងប្រកាសឲ្យដឹងថា ខាងត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង ធ្វើដីនៅពោធិ៍សាត់ ចំនួនប៉ុណ្ណេះហិកតារ ចំនួនប៉ុណ្ណេះគ្រួសារប៉ុណ្ណឹងទេ ហើយសូមចរចាជាមួយអភិបាលខេត្តពោធិ៍សាត់ មិនដឹងថា គាត់សម្រេចថាម៉េច»។
លោក សាំង ខាត់ ដែលជាមេឃុំត្រពាំងចាន់ ស្ដីទី គឺជាអ្នកទទួលបន្ទុកប្រមូលទិន្នន័យផ្ទៃដី និងចំនួនគ្រួសារដែលមានស្រែចម្ការនៅឃុំអន្សាចំបក់ ស្រុកក្រគរ។ ត្បិតតែលោកមិនទាន់អាចបូកសរុបតួលេខទាំងនេះបាន លោកថារហូតមកដល់ពេលនេះមានអ្នកភូមិប្រហែល ២០០គ្រួសារហើយបានមកបង្ហាញទីតាំង និងទំហំដី ហើយនៅសល់ជាង ១០០គ្រួសារទៀត មិនទាន់ផ្ដល់ទិន្នន័យមកឲ្យលោក៕