Clik here to view.

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ស្វាគមន៍ចំពោះការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប លោក នី ចរិយា។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា ការសម្រេចចិត្តដោះលែងនេះ នឹងកាត់បន្ថយបន្ទុករបស់មន្ត្រីទាំងអស់នោះ និងក្រុមគ្រួសាររបស់ពួកគេ ខណៈដែលពួកគេកំពុងជាប់បណ្ដឹងប្រឆាំងពួកគេនោះ។
ក្នុងពេលជាមួយគ្នានេះដែរ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ចំពោះការដោះលែងនេះ។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដោយកោតសរសើរចំពោះការប្រឹងប្រែងរបស់សង្គមស៊ីវិលនៅកម្ពុជា និងក្នុងតំបន់ដែលធ្វើការមិនខា្លចនឿយហត់ ជំរុញឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនៅពេលនេះ។
ទោះជាយ៉ាងណា លោក ឆាលស៍ សានទីអេហ្គោ សង្កត់ធ្ងន់ថា អ្នកទាំង ៥នេះ មិនសមត្រូវគេឃុំខ្លួននោះទេ តាំងពីដើមទីមក ហើយថា បើទោះជាមានការដោះលែងនៅពេលនេះក្តី ពួកគេនៅតែអាចប្រឈមនឹងការឃុំខ្លួនជាថ្មីទៀត។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សរូបនេះបញ្ជាក់បន្ថែមថា ការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះ គឺជាការព្រមានទៅលើសង្គមស៊ីវិល ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋក្នុងការរិះគន់សកម្មភាពរដ្ឋាភិបាល។
ចំណែកក្រុមយុទ្ធនាការដោះលែងអ្នកទាំង៥ ក្រៅតែពីស្វាគមន៍ចំពោះការដោះលែងនេះ ក៏បានទទូចឲ្យអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់លើពួកគេ និងស្នើសុំឲ្យមានការសម្រេចជាថ្មីទៅលើរឿងបរិហារកេរ្តិ៍របស់លោក នី ចរិយា ដែលជាសំណុំរឿងមួយផ្សេងទៀតផងដែរ៕