Quantcast
Viewing all articles
Browse latest Browse all 11174

គណបក្ស​ធំ​ទាំង​២​ថា​គ្មាន​ការ​ចរចា​នៅ​ពី​ក្រោយ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អះអាង​ថា មិន​មាន​ការ​ចរចា​ណាមួយ​រវាង​បក្ស ទាំង​២ នៅ​ពី​ក្រោយ​កា​រដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​សាទរ​ចំពោះ​ការ​ដោះលែង​នេះ ខណៈ​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ព្រមាន​ថា បើ​អ្នក​ទើប​ត្រូវ​ដោះលែង​យក​ការងារ​សិទ្ធិមនុស្ស​មក​ប្រព្រឹត្ត​ខុស​ច្បាប់ ពួកគេ​នឹង​នៅ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ព្រឹត្តិការណ៍​នៃ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា បាន​ធ្វើ​ឡើង​ដោយ​ភ្ញាក់ផ្អើល​ដែល​សូម្បី​តែ​សាច់ញាតិ និង​អ្នក​ជាប់​ឃុំ​ខ្លួន​ឯង​មិន​បាន​ដឹង​ជា​មុន​នោះ​ផង។

ទោះ​ជា​យ៉ាង​ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ មិថុនា ទាំង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សុទ្ធតែ​អះអាង​ថា ការ​ដោះលែង​នេះ បក្ស​ទាំង​២ មិន​មាន​ការ​ចរចា​ណា​មួយ​នោះ​ទេ។ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ចរចា​នយោបាយ​ឡើយ៖ «ដូច​យើង​ឃើញ​ហើយ​សាមី​ជន​បាន​ប្ដឹង​តាម​រយៈ​មេធាវី ប្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ច្រើន​ដង​ហើយ រាប់​ពី​សាលាឧទ្ធរណ៍​រហូត​ដល់​សាលា​កំពូល​អត់​បាន​ការ​ទេ ឥឡូវ​នេះ ដោយសារ​ពេល​វេលា​ខ្ញុំ​យល់​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​សាលាដំបូង​ឲ្យ​ជន​ជាប់​ចោទ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​ដដែល​ទេ»

​អ្នក​ទាំង​៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​រយៈ​ជាង ១​ឆ្នាំ ដោយ​គ្មាន​ការ​ជំនុំជម្រះ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ប្រកាន់​ក្នុង​ករណី​សូកប៉ាន់ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​ស្នេហា​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ការ​ឃុំ​ខ្លួន​នេះ​ត្រូវ​បាន​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ អន្តរជាតិ មើល​ឃើញ​ថា ជា​រឿង​នយោបាយ និង​ជា​ចេតនា​ដាក់​សម្ពាធ ឬ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស។ ប៉ុន្តែ​លោក សុខ ឥសាន ព្រមាន​ថា បើ​ទោះ​ជា​មាន​ការ​ដោះលែង​ក្តី ក៏​ពួកគេ​នៅ​តែ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដដែល ប្រសិនបើ​ពួកគេ​យក​ការងារ​សិទ្ធិមនុស្ស​មក​ប្រព្រឹត្ត​ល្មើស​ច្បាប់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សាទរ​ចំពោះ​ការ​ដោះលែង​នេះ។ លោក​កោត​សរសើរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ការ​បន្ត​ការងារ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្រោយ​ការ​ដោះលែង ខណៈ​ដែល​លោក​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​កើត​មាន​នៅ​ឡើយ៖ «ខ្ញុំ​គោរព​នូវ​សេចក្ដី​សម្រេច​របស់​គាត់ បើ​ទោះ​ជា​គាត់​រងគ្រោះ​រយៈពេល​កន្លង​មក ហើយ​នៅ​ពេល​ចេញ​មក​គាត់​ក៏​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ជាតិ​ត​ទៅ​ទៀត ហើយ​យើង​រង់ចាំ​មើល​ព្រោះ​ស្ថានការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​ខុស​គ្នា វា​ពិបាក​នឹង​ទស្សន៍ទាយ តែ​ទោះ​ជា​យ៉ាង​ម៉េច​ក៏ដោយ វា​ជា​បញ្ហា​របស់​ប្រទេស​យើង យើង​គួរ​នាំ​គ្នា​ដោះស្រាយ​ទាំង​អស់​គ្នា»

ក្រៅ​ពី​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក តុលាការ​ដែល​ត្រូវ​គេ​រិះគន់​ថា ធ្វើ​តាម​ខ្សែ​ញាក់ ឬ​ស្ដាប់​តាម​ខ្យល់​របស់​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​អ្នក​វិភាគ​មួយ​ចំនួន​ទៀត។ ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​កំពុង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ។

លោក យឹម សុវណ្ណ ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​បន្ត​ដោះស្រាយ​បញ្ហា​ដើម្បី​ឈាន​ដល់​ការ​ដោះលែង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ដោយ​លោក​អះអាង​ថា វា​ជា​បញ្ហា​នយោបាយ។ ប៉ុន្តែ​លោក សុខ ឥសាន ឆ្លើយ​តប​ថា វា​មិន​មែន​ជា​បញ្ហា​នយោបាយ​ឡើយ តែ​ជា​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ។

ទោះជា​យ៉ាង​ណា បក្ស​ប្រឆាំង​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ បក្ស​កាន់​អំណាច​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បរិយាកាស​នយោបាយ​មាន ភាព​អាប់អួ និង​គួរ​បញ្ចប់​បញ្ហា​កំពុង​កើត​មាន​ឲ្យ​សព្វគ្រប់​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ បក្ស​ប្រឆាំង​សង្ឃឹម​ថា ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង គ.ជ.ប ពេល​នេះ​ជា​ជំហាន​មួយ​ដើម្បី​ទៅ​រក​ស្ថានភាព​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ក្នុង​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles