Clik here to view.

សាលាឧទ្ធរណ៍សម្រេចតម្កល់ទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ឲ្យជាប់ឃុំ ៧ឆ្នាំ និងរក្សាការចោទប្រកាន់ដូចទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
សវនាការជជែកដេញដោលពេញមួយព្រឹក នៅថ្ងៃទី២៩ ខែមិថុនា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ គឺលោកមេធាវី ជូង ជូងី ថាការសម្រេចរបស់សាលាឧទ្ធរណ៍នេះមិនផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកទេ ព្រោះតុលាការមិនបានបញ្ជាអ្នកជំនាញផ្នែកសន្ធិសញ្ញាមកបំភ្លឺក្នុងសវនាការ។ លោកថា លោកនឹងប្ដឹងសាទុក្ខទៅតុលាការកំពូល បន្តទៀត។
លោក ហុង សុខហួរ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើស ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
តុលាការក្រុងភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួនលោក ហុង សុខហួរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងរយៈពេលតែពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិជាសមាជិកព្រឹទ្ធសភា ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕