Clik here to view.

លោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា មិនឲ្យអ្នកផ្សេងឈ្នះ ដើម្បីសរសេរប្រវត្តិសាស្ត្រឡើយ។ ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងថ្ងៃខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកទី៦៦ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ជាក់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ មិថុនា ថា គ្មានឱកាសសម្រាប់ឲ្យអ្នកដទៃដែលជាអ្នកចាញ់សរសេរប្រវត្តិសាស្ត្រទេ គឺមានតែអ្នកឈ្នះដែលជាអ្នកសរសេរប្រវត្តិសាស្ត្រ។
ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺលោកយកគំរូយោងទៅនឹងប្រវត្តិសាស្ត្រក្នុងសម័យកាលចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ដែលសរសេរដោយរបបសង្គមរាស្ត្រនិយម៖ «អ្នកទាំងអស់គ្នាត្រូវចងចាំថាក្នុងរយៈពេលឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្ត្រ គឺសង្គមរាស្ត្រនិយម។ ពេលនោះ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គគឺជាព្រះបិតាជាតិ។ ប៉ុន្តែខុសត្រូវតែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារបានសម្រេច គេក្លាយទៅជាអ្នកឈ្នះ គេក៏ចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រភ្លាមថា សម្ដេចព្រះនរោត្ដម សីហនុ គឺជាជនក្បត់ជាតិ ហើយ លន់ នល់ គឺជាអ្នកស្នេហាជាតិ។ ចំណុចទាំងនេះចង្អុលបង្ហាញឲ្យឃើញថា មានតែអ្នកឈ្នះទេ ទើបមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ»។
លោកនាយករដ្ឋមន្ត្រីបារម្ភថា បើទុកឲ្យអ្នកដទៃសរសេរប្រវត្តិសាស្ត្រ គេអាចសរសេរត្រឡប់អតីតព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហនុ ជាជនក្បត់ជាតិលើកទីពីរ។ ទោះជាលោកមិនបានថ្លែងដោយចំថាអ្នកដទៃនោះជានរណា ឬបក្សនយោបាយប្រជែងគណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏លោកសំដៅចំឈ្មោះលោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ៖ «បើសិនទុកឲ្យអ្នកដទៃទទួលជោគជ័យនេះ ច្បាស់ជាអាជនក្បត់ជាតិ សម សារី សឺង ង៉ុកថាញ់ ស៊ឹម វ៉ា វានឹងក្លាយជារដ្ឋបុរស ជាវីរបុរសជាតិ ហើយសម្ដេចព្រះនរោត្ដម សីហនុ ដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិសាជាថ្មីម្ដងទៀត។ ក្នុងន័យនេះហើយដែលយើងត្រូវដឹងថា យើងមានកាតព្វកិច្ចមិនមែនត្រឹមតែបញ្ហាការពារគណបក្សរបស់យើងនោះទេ តែយើងមានកាតព្វកិច្ចការពារនូវសន្តិភាព ការពារនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវរាជបល្ល័ង្ក ការពារព្រះមហាក្សត្រ។ នេះជាភារកិច្ចដ៏ធ្ងន់ធ្ងររបស់គណបក្ស ប៉ុន្តែក៏ជាមោទនភាពរបស់គណបក្សដែលបានកំពុងធ្វើ និងបន្តធ្វើ»។
ការថ្លែងខ្លាំងៗរបស់លោក ហ៊ុន សែន ជាការឆ្លើយតបចំពោះលោក សម រង្ស៊ី ដែលកាលពីថ្ងៃទី២៦ មិថុនា ថាកំណើតគណបក្សប្រជាជនកម្ពុជា ជារបស់វៀតណាម៖ «គេមិនឲ្យដឹងពីប្រវត្តិនៃគណបក្សកាន់អំណាចសព្វថ្ងៃទេ ដោយសារតែគណបក្សនេះត្រូវបានជនជាតិវៀតណាមនិយមកុម្មុយនិស្ត រៀបចំបង្កើតឡើងនៅលើទឹកដីប្រទេសវៀតណាម ដោយគ្មានពាក់ព័ន្ធអ្វីឡើយជាមួយជនជាតិខ្មែរ ដែលជាអ្នកស្នេហាជាតិពិតប្រាកដ។ សូម្បីតែថ្ងៃកំណើតបក្សដែលគេអះអាងថា ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ក៏មិនច្បាស់លាស់ដែរ ពីព្រោះមានការប្រកាសថ្ងៃខែកំណើតនេះខុសគ្នាច្រើនលើកច្រើនសាកាលពីដើមទី។ ម្ដងថាក្នុងខែកុម្ភៈ ម្ដងថាខែកញ្ញា ចុងក្រោយបំផុតថាក្នុងខែមិថុនា ទៅវិញ ស្រេចតែវៀតណាម គេអ្នកកំណត់ឲ្យ»។
សារបញ្ជាក់ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីនេះ ជាលើកទីពីរហើយ គឺមួយសប្ដាហ៍បន្ទាប់ពីក្រសួងការពារជាតិ សម្ពោធការចងក្រងប្រវត្តិតស៊ូប្រឆាំង ប៉ុល ពត និងកម្មវិធីនយោបាយឈ្នះឈ្នះរបស់លោក ហើយផ្ដួចផ្ដើមគំនិតស្នើសុំទៅក្រសួងអប់រំ ឲ្យដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ជាតិ។
មន្ត្រីនាំពាក្យក្រសួងការពារជាតិ និងក្រសួងអប់រំ យល់ថា ប្រវត្តិតស៊ូ និងកម្មវិធីនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ជាប្រវត្តិសាស្ត្រដែលមនុស្សជំនាន់ក្រោយគួរយល់ដឹង ប៉ុន្តែត្រូវពិភាក្សាគ្នាច្រើនថែមទៀត។
ទាក់ទងការដាក់បញ្ចូលប្រវត្តិនេះក្នុងកម្មវិធីសិក្សា ត្រូវបានអ្នកវិភាគនយោបាយ គឺបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាមិនត្រឹមត្រូវ៖ «ព្រោះការពិតជាក់ស្ដែងនៅមានលាក់បាំងច្រើន។ តាំងពី ៧ មករា ការបង្កបង្កើតរណសិរ្ស សកម្មភាពទាំងឡាយមុនៗ។ អាហ្នឹងគឺប្រទាំងប្រទើស ដោយសារការពិតតាមដែលខ្ញុំដឹងមួយចំនួនធំហ្នឹង ដូចជាមានការបិទបាំងច្រើនណាស់។ ដូច្នេះ ប្រវត្តិសាស្ត្របែបអ៊ីចឹង ធ្វើឲ្យក្មេង ឬប្រជាពលរដ្ឋមានការយល់ច្រឡំប្រវត្តិសាស្ត្ររបស់ខ្លួន។ អាហ្នឹង គឺអត់ដកហូតមេរៀនបានទេសម្រាប់កសាងប្រទេសជាតិ»។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកាតព្វកិច្ចការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្ក និងព្រះមហាក្សត្រ ប៉ុន្តែកាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានពិនិត្យឡើងវិញថា តើត្រូវទុករបបរាជានិយម ឬធ្វើសាធារណរដ្ឋ បើសិនជាសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម ពិបាកចុះហត្ថលេខា៕