
តុលាការកំពូលនៅមិនទាន់សម្រេចថា នឹងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាដើមបណ្ដឹងសំណុំរឿងលោក គឹម សុខ ចូលបំភ្លឺ ឬមិនចូលបំភ្លឺនៅតុលាការតទល់ក្នុងបន្ទប់សវនាការនៅថ្ងៃទី៥ ខែកក្កដា ខាងមុខ ឬយ៉ាងណានោះទេ។ ការប្រកាសនេះ បន្ទាប់ពីតុលាការកំពូល បានបញ្ចប់សវនាការលើបណ្ដឹងសាទុក្ខដែលមេធាវីការពារក្ដីលោក គឹម សុខ ប្ដឹងទាមទារឲ្យដើមបណ្ដឹងមកតទល់ជាមួយអ្នកវិភាគសង្គមរូបនេះ ក្នុងពេលបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា។
ក្រោយពេលចៅក្រមជំនុំជម្រះនៃតុលាការកំពូលផ្ដល់ឱកាសភ្លាម លោក គឹម សុខ បានដើរសំដៅយ៉ាងស្វាហាប់ទៅឈរនៅមុខអង្គចៅក្រម ក្នុងទឹកមុខញញឹម ហាក់ពុំមានការភិតភ័យឡើយ។ លោក គឹម សុខ បញ្ចេញយោលប្រមាណ ១០នាទី ដែលមានចំណុចថា លោកទទូចស្នើឲ្យដើមបណ្ដឹង គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់ក្នុងសវនាការជាមួយលោក។
ទាក់ទងនឹងបញ្ហានេះ មេធាវីការពារក្ដីឲ្យដើមបណ្ដឹង លោក គី តិច បានឆ្លើយតបភ្លាមៗនៅក្នុងបន្ទប់សវនាការ ដោយលើកឯកសារបង្ហាញដែលអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យលោកឆ្លើយតបជំនួសក្នុងនាមជាដើមបណ្ដឹងគឺគ្រប់គ្រាន់ទៅហើយ។ លោកហៅការបកស្រាយរបស់អ្នកវិភាគសង្គមរូបនេះថា និយាយច្រើនតែគ្មានដឹងក្បាលដឹងកន្ទុយឥតប្រយោជន៍។
ភ្លាមៗនោះ ចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានអនុញ្ញាតឲ្យអ្នកវិភាគសង្គម លោក គឹម សុខ ឡើងពន្យល់បន្ថែម បន្ទាប់ពីលោកបានលើកដៃស្នើសុំម្ដងជាពីរដងថា បញ្ហាដែលលោកស្នើឲ្យលោកនាយករដ្ឋមន្ត្រីតទល់ក្នុងសវនាការ គឺដើម្បីឲ្យលោកអាចសួរដេញដោលនៅចំពោះមុខអង្គចៅក្រមដើម្បីបញ្ចប់ការជំនុំជម្រះក្ដីបានឆាប់រហ័ស។
ចំណែកមេធាវីការពារក្ដីឲ្យជនត្រូវចោទ លោក ជូង ជូងី មានប្រសាសន៍ថា ការកោះហៅដើមបណ្ដឹងមកតទល់ជាមួយចុងចោទនៅក្នុងតុលាការគឺជារឿងត្រឹមត្រូវបំផុតដែលបង្ហាញឲ្យឃើញពីតម្លាភាព និងឥរិយាបថពិតប្រាកដនៃបំណងរបស់ដើមបណ្ដឹង ថាតើដើមបណ្ដឹងមិនចោទ ឬចោទប្រកាន់យ៉ាងណា? ដើម្បីឲ្យចុងចោទបានស្ដាប់ផ្ទាល់ ហើយមានសិទ្ធិឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី៖ «ប៉ុន្តែចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសាលាឧទ្ធរណ៍ដែរ នៅតែច្រានពាក្យសុំមិនព្រមកោះហៅដើមបណ្ដឹងមកតទល់ជាមួយចុងចម្លើយនៅតុលាការ។ គឺការសម្រេចបែបនេះមិនបានផ្ដល់ភាពយុត្តិធម៌ដោយស្មើភាពគ្នាក្នុងការតទល់ក្ដីទេ។ អ៊ីចឹងលោក គឹម សុខ ក៏ដូចរូបខ្ញុំដែរ គឺមិនអាចមានសង្ឃឹមថា មានយុត្តិធម៌ទេ ដរាបណាមិនកោះហៅដើមបណ្ដឹងមកតទល់ជាមួយលោក គឹម សុខ នោះ»។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ លោក សៀង សុខ ចោទប្រកាន់តបតាមបណ្ដឹងមេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច។ បន្ទាប់មកលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ជាថ្ងៃដែលលោក គឹម សុខ ចូលខ្លួនបំភ្លឺនៅតុលាការ។
លោក គឹម សុខ ត្រូវលោកនាយករដ្ឋមន្ត្រីប្ដឹងទៅតុលាការ ២សំណុំរឿងផ្សេងគ្នា។ បណ្ដឹងទី១ លោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្តកន្លះលានដុល្លារអាមេរិក រឿងលោក គឹម សុខ ថា គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការសម្លាប់បណ្ឌិត កែម ឡី និងបណ្ដឹងទី២ លោក ហ៊ុន សែន ទាមទារ ១០លានរៀល រឿងលោក គឹម សុខ ថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធមួយក្នុងការសម្លាប់មនុស្សក្នុងនោះមានលោកបណ្ឌិត កែម ឡី ផង។
លោក គឹម សុខ អះអាងថា ប្រសិនបើតុលាការមិនព្រមឲ្យលោក ហ៊ុន សែន មកតទល់នៅក្នុងតុលាការទេ លោកនឹងប្ដឹងមន្ត្រីតុលាការពាក់ព័ន្ធពីបទការអនុវត្តច្បាប់មិនស្មើភាពគ្នា។ ជុំវិញឃាតកម្មលោកបណ្ឌិត កែម ឡី នេះ មិនមែនមានតែលោក គឹម សុខ ម្នាក់ទេ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង ប៉ុន្តែក៏មានលោក សម រង្ស៊ី អតីតមេគណបក្សសង្គ្រោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំងដែរ ហើយអ្នកទាំងពីរត្រូវរស់នៅដោយនិរទេសខ្លួន ដើម្បីគេចចេញពីការចាប់ខ្លួន ព្រោះតែនិយាយចំចំណុចរសើបនេះ៕