Quantcast
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ថា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​កាន់​តែ​ចង្អៀត

Image may be NSFW.
Clik here to view.

ពាក្យ​ថា "ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន" ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​លើក​ស្ទើរ​គ្រប់​វេទិកា​ជួប​អ្នក​គាំទ្រ​នៅ​តាម​បណ្ដា​ខេត្ត​នោះ ត្រូវ​បាន​ប្រធាន​គណបក្ស​នេះ​បង្ហើប​ថា ដំណើរ​នេះ​កំពុង​ឋិត​នៅ​ក្នុង​ផ្លូវ​តូច​ចង្អៀត។ លោក កឹម សុខា ដាស់តឿន​ឲ្យ​សកម្មជន​ខ្លួន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ថ្លែង​ទៅ​កាន់​មេ​ឃុំ​ទើប​ជាប់​ឆ្នោត និង​អ្នក​គាំទ្រ​ប្រមាណ ៣០០​នាក់ នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​ឲ្យ​សកម្មជន​នៅ​មូលដ្ឋាន​ត្រូវ​ធ្វើ​ការងារ ឬ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​ប្រុងប្រយ័ត្ន​បំផុត។ លោក​ឲ្យ​សកម្មជន​ប្រកាន់​ជំហរ​ទន់ភ្លន់ តែ​មិន​ទន់ជ្រាយ រឹងមាំ តែ​មិន​រឹងរូស ដើម្បី​ថ្ពក់​ចិត្ត​ពលរដ្ឋ។

លោក កឹម សុខា បន្ថែម​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បង្ហាញ​កាន់​តែ​ច្បាស់​ថា ភាគរយ​នៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរ​ស្មើ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន។ លទ្ធផល​បង្ហាញ​ពី​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​កើន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផ្លូវ​នយោបាយ​កាន់​តែ​តូច​ចង្អៀត«កាន់​តែ​កៀក​ឈ្នះ​កាន់​តែ​ចង្អៀត! ចង្អៀត​ក្នុង​ន័យ​ថា​គេ​មិន​ព្រម​ចាញ់ បញ្ហា​វា​នៅ​ច្រើន​ត​ទៅ​មុខ​ទៀត​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​យើង​គិត​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ហើយ​ថា​កម្ដៅ​នយោបាយ​ក្ដៅ​ខ្លាំង​ណាស់ បង​ប្អូន​ដឹង​ហើយ​ទទួល​ព័ត៌មាន​ហើយ ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​បែប​យ៉ាង​ទាំងអស់ អត់​ឈប់ឈរ​ទេ​បង​ប្អូន។ បើ​សិន​ណា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដើរ​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ច្បាស់លាស់​ទេ យើង​អត់​មាន​ថ្ងៃ​នេះ​ទេ រលាយ​បាត់​ហើយ»

ខណៈ​ដែល​លោក កឹម សុខា ថ្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង ដូចនេះ នៅ​ឯ​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​មិទ្ទិញ​រម្លឹក​ខួប​គណបក្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​រិះគន់​គណបក្ស​ប្រឆាំង​ថា ដៃ​ម្ខាង​ប្រកាស​ទទួល​យក​លទ្ធផល​ឆ្នោត ហើយ​ដៃ​ម្ខាង​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា និង គ..ប។ លោក​ក៏​ព្រមាន​ដែរ​ថា សង្គ្រាម​មិន​ចាំបាច់​តែ​មាន​អាវុធ​នោះ​ទេ តែ​វា​ក៏​អាច​កើត​ចេញ​ពី​អណ្ដាត​របស់​គណបក្ស​ប្រឆាំង«ខ្ញុំ​គិត​ថា ពួក​គេ​មិន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សុខ​ណា​មួយ​ទេ។ យើង​ត្រូវ​តែ​តស៊ូ​ជម្នះ​ទប់ស្កាត់​នូវ​អ្វី​ដែល​ជា​ធាតុ​អាសិរពិស និង​សាហាវ​របស់​ពួក​គេ»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ថា គណបក្ស​ប្រឆាំង​នៅ​តែ​អាច​រក្សា​ជំហរ​ប្រកួត​ប្រជែង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ប៉ុន្តែ​គណបក្ស​នេះ​នឹង​ទទួល​រង​ធ្ងន់ធ្ងរ​នូវ​ការ​បំបែក​បំបាក់ និង​មន្ត្រី​ខ្លះ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដាក់​ទោស​ទណ្ឌ ក្រោម​រូបភាព​ផ្សេងៗ​ដែល​អ្នក​នយោបាយ​បង្កើត​ឡើង។ ដូច្នេះ ទាំង​មន្ត្រី​ថ្នាក់​លើ និង​នៅ​មូលដ្ឋាន សុទ្ធតែ​ប្រឈម​ដូច​គ្នា«ខ្ញុំ​មើល​ទៅ​បញ្ហា​ដែល​ប្រឈម​ខ្លាំង គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​បន្ទុក​លើ​បក្ស​ប្រឆាំង។ យើង​ឃើញ​ហើយ​បច្ចុប្បន្ន​នេះ នឹង​មាន​ការ​ធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់ ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​នឹង​ឈាន​ដល់​ការ​រំលាយ​គណបក្ស​នយោបាយ បើ​សិន​មេ​ដឹកនាំ​បក្ស​នោះ​មាន​ពិរុទ្ធភាព»

ទោះ​បី​ជា​យ៉ាង​ណា បេក្ខភាព​ទើប​ជាប់​ឆ្នោត​ជា​មេ​ឃុំ​ម្នាក់​នៅ​ក្នុង​ចំណោម​ឃុំ​ចំនួន​បី ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដណ្ដើម​បាន​តំណែង​ជា​មេ​ឃុំ​នៅ​ស្រុក​បរិបូរណ៍ លោក ជៀម សារុន យល់​ថា បញ្ហា​ក្ដៅៗ ឬ​ប្រឈម​មុខ​ខ្លាំង អាច​នឹង​កើត​មាន​ចំពោះ​ថ្នាក់​ដឹកនាំ​កំពូលៗ​ប៉ុណ្ណោះ។ លោក​ថា អ្នក​គាំទ្រ​នៅ​មូលដ្ឋាន ឬ​មេ​ឃុំ​ទើប​ជាប់​ឆ្នោត​ថ្មី​ដូចជា​រូប​លោក ធានា​លើ​អំពើ​ល្អ និង​សមត្ថភាព​រឹងមាំ​របស់​ខ្លួន«ជា​ធម្មតា​ទេ កាលណា​យើង​កើន​សំឡេង កាលណា​យើង​ខ្លាំង បញ្ហា​ចោទ​ប្រកាន់ និង​បញ្ហា​សព្វ​បែប​យ៉ាង​នឹង​កើត​មាន​ឡើង​មក​លើ​យើង ប៉ុន្តែ​យើង​នឹង​ប្ដេជ្ញា​ថា​ធានា​នឹង​មិន​ឲ្យ​មាន​បញ្ហា​ក្នុង​ករណី​ណា​មួយ»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ជំហរ​រឹងមាំ ដោយសារ​មាន​គោល​នយោបាយ​ល្អ ប្រកាន់​គោលការណ៍​អហិង្សា​និយម ភាព​រឹងមាំ​ផ្ទៃ​ក្នុង​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​មូលដ្ឋាន។ ជាក់ស្ដែង គណបក្ស​នេះ​ទទួល​រង​នូវ​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១៣ មក ប៉ុន្តែ​គណបក្ស​នៅ​តែ​រឹងមាំ ហើយ​ទទួល​បាន​អាសនៈ​កើន​ឡើង​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles