Clik here to view.

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា សំណើរបស់វៀតណាម ដែលស្នើកម្ពុជា កុំឲ្យក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងវៀតណាម នោះ ជាសិទ្ធិរបស់វៀតណាម។ ចំណែកអ្នកតាមដានព្រឹត្តិការណ៍នយោបាយយល់ថា កម្ពុជាគួរប្រកាន់ជំហររបស់ខ្លួនឲ្យច្បាស់លាស់ក្នុងការឆ្លើយតបទៅភាគីវៀតណាម ដើម្បីបញ្ជាក់ថា កម្ពុជាជារដ្ឋឯករាជ្យ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
ទាំងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីនៃរដ្ឋសភា សុទ្ធតែអះអាងថា សំណើរបស់វៀតណាម ស្នើកម្ពុជា ការពារកុំឲ្យក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងវៀតណាម នោះ ជាសិទ្ធិរបស់វៀតណាម។ ប៉ុន្តែពួកគេមិនទាន់បញ្ជាក់ថា ភាគីកម្ពុជា នឹងឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់វៀតណាម នោះឡើយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយថា នេះជាកិច្ចការទូទៅរបស់វៀតណាម ដែលលើកឡើងក្នុងនាមប្រទេសជិតខាង និងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។ លោកថា កម្ពុជា ក៏តែងតែស្នើទៅភាគីវៀតណាម ដូចគ្នាទៅនឹងវៀតណាម លើកឡើងក្នុងពេលនេះ។ ទោះយ៉ាងនេះក្ដី លោកបញ្ជាក់ថា វៀតណាម អាចលើកជាសំណើបាន តែបើជាការបង្គាប់បញ្ជា វៀតណាម គ្មានសិទ្ធិបញ្ជាកម្ពុជា ឲ្យធ្វើអ្វីមួយបានឡើយ៖ «គ្មានរឿងធ្វើបទបញ្ជាមកកម្ពុជា នោះទេ គ្រាន់តែជាសំណើប៉ុណ្ណោះ»។
ការលើកឡើងរបស់មន្ត្រីកម្ពុជា ដូច្នេះ ក្រោយពេលមានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ចុះថ្ងៃទី២៦ មិថុនា បញ្ជាក់ថា ភាគីវៀតណាម ស្នើទៅប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយនៅប្រទេសវៀតណាម កាលពីចុងសប្ដាហ៍មុន។ វៀតណាមស្នើកម្ពុជា ឲ្យរក្សាសន្តិសុខតាមព្រំដែនឲ្យបានហ្មត់ចត់ ដើម្បីបង្ក្រាបអំពើរត់ពន្ធឧក្រិដ្ឋកម្មឆ្លងដែន និងការពារក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងវៀតណាម។ យ៉ាងណាក៏ដោយចុះ លោក ផៃ ស៊ីផាន មិនទាន់ឲ្យដឹងថា កម្ពុជានឹងឆ្លើយតបបែបណាទៅភាគីវៀតណាម នោះឡើយ។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា លោក ឈាង វុន និយាយថា អ្វីដែលវៀតណាម លើកឡើងជាបញ្ហារួមរវាងកម្ពុជា និងវៀតណាម។ លោកថា បើបញ្ហានេះកើតឡើងដូចទៅនឹងវៀតណាម ស្នើមែននោះ នឹងធ្វើឲ្យកម្ពុជា និងវៀតណាម ជួបបញ្ហា ជាពិសេសនៅតំបន់ព្រំដែន៖ «ប្រទេសជិតខាងរបស់យើងគេចង់នៅក្បែរយើងឲ្យបានសុខទៅតាមធម្មនុញ្ញនៃសហគមន៍អាស៊ាន»។
លោក ឈាង វុន ថា កម្ពុជាមិនទាន់ឆ្លើយតបផ្លូវការទៅកាន់ភាគីវៀតណាម នៅឡើយទេ ហើយចម្លើយបែបណានោះ ក៏លោកមិនអាចប្រាប់បានដែរ ដោយលើកឡើងថា នេះជាកិច្ចការរបស់រដ្ឋាភិបាល។
ទោះយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់ថា សំណើរបស់វៀតណាម ដែលធ្វើតាមរយៈដំណើរទស្សនៈប្រធានរដ្ឋសភាដូចនេះ ជាកិច្ចការងាររបស់រដ្ឋសភា ដូច្នេះលោកមិនអាចឆ្លើយបំភ្លឺបានទេ។
ទាក់ទងការឆ្លើយតបរបស់កម្ពុជា ទៅភាគីវៀតណាម នេះ អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល យល់ថា រដ្ឋាភិបាលកម្ពុជា គួរឆ្លើយតបទៅភាគីវៀតណាម តាមគោលការណ៍ច្បាប់ក្នុងនាមជារដ្ឋឯករាជ្យដោយគោរពគោលការណ៍សិទ្ធិមនុស្ស ហើយត្រូវស្ថិតក្នុងជំហររក្សាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោក បណ្ឌិត ចាន់ វិបុល ថា លោកមើលមិនឃើញប្រទេសកម្ពុជា មានចលនាណាប្រឆាំងរដ្ឋាភិបាលវៀតណាម ទេ ប៉ុន្តែកម្ពុជា ត្រូវការសិទ្ធិរបស់ខ្លួនដែលជាជនជាតិដើមនៅក្នុងប្រទេសវៀតណាម ដែលមានន័យ គឺពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅប្រទេសវៀតណាម ព្រោះបារាំង កាត់ដីខ្មែរឲ្យវៀតណាម គឺវៀតណាម ត្រូវគោរពសិទ្ធិពួកគេក្នុងនាមជាជនជាតិដើម៖ «ខ្ញុំមិនបានឃើញសញ្ញាណណាមួយនៃការធ្វើបដិវត្តន៍ ការផ្ដួលរំលំរដ្ឋាភិបាលទេ ខ្ញុំឃើញមានតែចលនាមួយដែលស្វែងការគោរពសិទ្ធិមនុស្ស»។
សំណើរបស់វៀតណាម ដែលស្នើកម្ពុជា កុំឲ្យក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងវៀតណាម នោះ ជាសិទ្ធិរបស់វៀតណាម ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានរំឭកខួបបាត់បង់ទឹកដីលើកទី៦៨ កាលពីថ្ងៃទី២៤ ខែមិថុនា នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៦ មិថុនា សហគមន៍ខ្មែរកម្ពុជាក្រោម បានស្នើទៅរដ្ឋសភាតាមរយៈញត្តិដើម្បីសុំបញ្ចូលថ្ងៃទី៤ ខែមិថុនា ជាទិវាបុណ្យជាតិ៕