Clik here to view.

ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ភ្លាម ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មានប្រតិកម្មផ្សេងៗ ជុំវិញលទ្ធផលនេះ។
ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍លទ្ធផលបោះឆ្នោត និងកត់សម្គាល់ដោយពេញចិត្តនូវការអបអរសាទរ ការសរសើរ និងវាយតម្លៃខ្ពស់របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឃុំ-សង្កាត់ រកឃើញភាពមិនប្រក្រតីជាច្រើនក្នុងថ្ងៃ "ស" ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត រួមទាំងសកម្មភាពបង្កការភ័យខ្លាច ដូចជាការគំរាមកំហែង ឬការប្រើអំពើហិង្សា មាន ៨៤ករណី ការប្រើប្រាស់យានជំនិះរបស់រដ្ឋ ឬប្រើប្រាស់យានជំនិះដោះស្លាកលេខចេញជាមធ្យោបាយឃោសនា ដឹកជញ្ជូនរបស់គណបក្សកាន់អំណាចមានយ៉ាងតិច ១៦ករណី ការធ្វើសកម្មភាពឃោសនានៅថ្ងៃ ស ដែលជាថ្ងៃហាមឃាត់មានយ៉ាងតិច ២ករណី រួមទាំងករណីបិទទ្វារ ឬបង្អួចការិយាល័យរាប់សន្លឹកឆ្នោត និងការបំពេញទម្រង់១១០២ មិនត្រឹមត្រូវជាដើម។
ចំណែកឯគណបក្សសង្គ្រោះជាតិវិញ បានចេញសេចក្ដីថ្លែងការណ៍ថា ការបោះឆ្នោតឃុំ-សង្កាត់នេះ មិនទាន់បំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ ទោះគណបក្សប្រឆាំងទទួលស្គាល់ថា ការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជីបេក្ខជន គណបក្សនយោបាយមានលក្ខណៈល្អប្រសើរ និងមានភាពវិជ្ជមានជាងមុនក៏ដោយ។
គណបក្សសង្គ្រោះជាតិ ចាត់ទុកបរិយាកាសនយោបាយមុនការបោះឆ្នោត មានបញ្ហាជាច្រើន ដូចជាការគាបសង្កត់គណបក្សសង្គ្រោះជាតិ និងការរារាំងមិនឲ្យលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោត ការវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្រកាន់ និងឃុំខ្លួនក្រុមមន្ត្រីបក្សសង្គ្រោះជាតិ មន្ត្រីសិទ្ធិមនុស្ស អ្នកវិភាគបញ្ហាសង្គម សកម្មជនដីធ្លី និងការធ្វើឃាតលោកបណ្ឌិត កែម ឡី ជាដើម៕