
អាជ្ញាធរស្រុកលំផាត់ បានចាត់កងកម្លាំងចុះទប់ស្កាត់សកម្មភាពហ៊ុមព័ទ្ធដីក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ បន្ទាប់ពីពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់នោះ នាំគ្នាទាំងភូមិទៅត្រួសត្រាយព្រៃចាប់យកដី។ មន្ត្រីការពារសិទ្ធិមនុស្ស ចាត់ទុកសកម្មភាពនេះថាជាអំពើខុសច្បាប់។
ក្រុមសមត្ថកិច្ចនគរបាលស្រុកលំផាត់ រួមទាំងកងសន្តិសុខភូមិ បានបញ្ឈប់មិនឲ្យសហគមន៍ជនជាតិដើមភាគតិចទំពួន ជាង ៤០នាក់ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា កាប់ឆ្ការព្រៃហ៊ុមព័ទ្ធយកដីតំបន់ការពារ គ្រាដែលពលរដ្ឋទាំងនោះរាប់រយនាក់ ផ្អើលនាំគ្នាយកថ្នាំពណ៌បាញ់កំណត់ព្រំដី ខ្លះកាប់ឆ្ការព្រៃរានយកដីជាកម្មសិទ្ធិ។
កាលពីថ្ងៃទី២៣ ខែមិថុនា កងនគរបាលបានណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនេះ ហើយវិលទៅលំនៅឋានដើម្បីជួបប្រជុំជាមួយមន្ត្រីភូមិឃុំ ដើម្បីពិភាក្សាពីគោលបំណងរបស់ពលរដ្ឋដែលចូលទៅកាប់ឆ្ការព្រៃក្នុងតំបន់អភិរក្ស។
អធិការប៉ូលិសស្រុកលំផាត់ លោក ហេង ចន្ធី ឲ្យដឹងថា ជិតមួយខែកន្លងទៅនេះ ពលរដ្ឋជនជាតិដើមភាគតិចភូមិសមុទ្រក្រោម ជាក្រុមៗផ្អើលហ៊ុមព័ទ្ធយកដីព្រៃ ហេតុនេះទើបសមត្ថកិច្ចចាត់កម្លាំងចុះទប់ស្កាត់មុនពេលពលរដ្ឋទាំងនោះកាប់រានព្រៃឈើឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃ។ លោកថា ព្រៃឈើនៅតំបន់ដែលពលរដ្ឋហ៊ុមព័ទ្ធនោះ មិនទាន់រងការខូចខាតអ្វីនោះទេនៅពេលដែលពលរដ្ឋទាំងនោះកំពុងបាញ់ថ្នាំ និងកាប់ឆ្ការព្រំដី៖ «តែកាប់បានច្រើន គាត់លក់ហ្នឹងហើយ។ គាត់គ្មានលទ្ធភាពធ្វើអស់ណា មិនអ៊ីចឹង! យើងមានវិធានការទប់ស្កាត់ឲ្យគាត់មកផ្ទះយើងជួបពិគ្រោះជាមួយថ្នាក់ដឹកនាំដោះស្រាយការងារហ្នឹង»។
ភូមិសមុទ្រក្រោម មានភូមិសាស្ត្រនៅជាប់នឹងតំបន់ទ្រនាប់ដែនជម្រកសត្វព្រៃលំផាត់។ ច្រើនឆ្នាំកន្លងទៅនេះ អ្នកភូមិរស់នៅអាស្រ័យផលអនុផលព្រៃឈើ និងកាប់ឆ្ការព្រៃធ្វើកសិកម្មចម្ការវិលជុំបែបប្រពៃណីជនជាតិដើមភាគតិច។
សមាជិកសហគមន៍ភូមិសមុទ្រក្រោម លោក ឡាត ត្រាញ ឲ្យដឹងថា មូលហេតុដែលនាំឲ្យអ្នកភូមិសម្រុកហ៊ុមព័ទ្ធយកដី គឺដោយសារតែសមាជិកសហគមន៍មួយចំនួនបានទៅកាប់ឆ្ការព្រៃនោះកាលពីដើមខែកន្លងទៅ និងមិនឃើញមានសមត្ថកិច្ចណាហាមឃាត់។ លោកបន្តថា អ្នកភូមិបារម្ភថាដីនោះត្រូវគេកាប់រានលក់ទៅឲ្យឈ្មួញ ទើបអ្នកភូមិស្ទើរគ្រប់ក្រុមគ្រួសារទៅហ៊ុមព័ទ្ធយកចំណែកដីទុកជាកម្មសិទ្ធិ ចៀសវាងដីនោះត្រូវគេលក់ដូរអស់៖ «មនុស្សក្នុងភូមិហ្នឹងទៅកាប់ដំបូង ៦០ភាគរយ ខ្លះកាប់ជាក្រុម ខ្លះកាប់យកជាគ្រួសារម្នាក់ប្រហែលដប់ម្ភៃហិកតារ។ ក្រុមៗហ្នឹងប្រហែលប៉ែតសិបមួយរយអ៊ីចឹងណា! កាប់ហ្នឹងប្រហែលបួនដប់ថ្ងៃទេ»។
សហគមន៍ភូមិសមុទ្រក្រោម ជាង ១០០នាក់នៅថ្ងៃទី២៤ ខែមិថុនា បានជួបជុំគ្នានៅសាលាប្រជុំភូមិ និងបានឯកភាពគ្នាទាមទារឲ្យអាជ្ញាធរការពារព្រៃនោះទុកជាព្រៃត្រៀមបម្រុងសហគមន៍ និងសុំបញ្ឈប់មិនឲ្យឈ្មួញទិញលក់ដីនៅតំបន់នោះតទៅទៀត។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី ចាត់ទុកសកម្មភាពហ៊ុមព័ទ្ធយកដីព្រៃការពាររបស់រដ្ឋ ថាជាទង្វើខុសច្បាប់ គ្រាដែលអ្នកភូមិបានផ្តល់ព័ត៌មានថាដីតំបន់នោះត្រូវបានសមាជិកសហគមន៍ខ្លះលក់ដូរ ហេតុនេះទើបអ្នកភូមិសម្រេចលើកគ្នាហ៊ុមព័ទ្ធយកដីដើម្បីរក្សាដីទុកប្រើប្រាស់ជាប្រយោជន៍សហគមន៍។ លោកគាំទ្រក្រុមសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីការពារតំបន់ព្រៃការពាររបស់រដ្ឋ ក៏ប៉ុន្តែសុំឲ្យអាជ្ញាធរតំបន់នោះចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកលក់ដូរដីព្រៃការពារ៖ «ខ្ញុំមិនគាំទ្រទេ ប្រជាពលរដ្ឋណា បក្សពួកណាក៏ដោយទៅកាប់រានទន្ទ្រានព្រៃបម្រុងទុក។ នេះឮថាដោយសារអ្នកមុនកាប់បាន បានជាគាត់កាប់ដែរ។ នេះហើយការអនុវត្តច្បាប់មានស្តង់ដារពីរ បានជាគាត់មិនគោរពតាមបទបញ្ជាតាមច្បាប់ហ្នឹង»។
ដែនជម្រកសត្វព្រៃមានទំហំដីជាង ២០ម៉ឺនហិកតារឋិតក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
របាយការណ៍របស់មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ ឲ្យដឹងថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចច្រើនភូមិ តាំងទីលំនៅក្នុងតំបន់អភិរក្សនោះច្រើនជំនាន់មកហើយ។
អនុប្រធានដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី កត់សម្គាល់ថា ក្រសួងបរិស្ថាន បានកំណត់ដីនៅតំបន់ទ្រនាប់នៃដែនជម្រកសត្វដែលសហគមន៍បានប្រើប្រាស់ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យកាប់រានព្រៃថ្មីនោះទេ។ លោកថា សហគមន៍ដែលនាំគ្នាហ៊ុមព័ទ្ធយកដីព្រៃនោះជាអំពើខុសច្បាប់ ដែលក្រុមអភិរក្សមិនអនុញ្ញាតឲ្យជនណាកាប់ឆ្ការយកដីតំបន់នោះបានឡើយ៖ «បើគាត់មានផ្ទៃដីប៉ុនណា យើងឲ្យគាត់ធ្វើប៉ុណ្ណឹង មិនឲ្យគាត់កាប់រានថ្មី ទាល់តែមានការអនុញ្ញាត»។
របាយការណ៍របស់មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ ឲ្យដឹងថា ក្រុមអនុរក្សដែនជម្រកសត្វព្រៃ បានដាក់ពាក្យប្ដឹងទៅអយ្យការសាលាដំបូងខេត្តរតនគិរី ជាង ១០ករណី ទាក់ទិនពលរដ្ឋឃុំសេដា ដែលកាប់ឆ្ការព្រៃរានយកដីតំបន់ដែនជម្រកសត្វព្រៃកន្លងទៅនេះ។
អភិបាលស្រុកលំផាត់ លោក នូ ថេរ បញ្ជាក់ថា សមត្ថកិច្ចរកឃើញថាមានមេខ្លោងរួមដៃជាមួយឈ្មួញ ដើរបំផុសឲ្យអ្នកភូមិហ៊ុមព័ទ្ធយកដីដើម្បីលក់ទៅឲ្យពួកគេ។ លោកថា សមត្ថកិច្ចកំពុងស្វែងរកភស្តុតាង និងឃាត់ខ្លួនជនខិលខូចទាំងនោះបញ្ជូនទៅតុលាការ៕