Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២១ មិថុនា ថា ត្រកូល ហ៊ុន ជាអ្នកធានាការពារប្រទេសកម្ពុជា រដ្ឋធម្មនុញ្ញ ជាពិសេសរបបរាជានិយម។ អ្នកវិភាគចាត់ទុកថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ជាការមិនត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីការប្ដេជ្ញាចិត្តការពាររបបរាជានិយមនេះ នៅព្រឹកថ្ងៃទី២១ មិថុនា ក្នុងពិធីរំឭកខួប ៤០ឆ្នាំនៃទិវាចងចាំអំពីប្រវត្តិដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៧ នៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ៖ «ត្រកូល ហ៊ុន មិនមែនយកប្រទេសនេះធ្វើជាប្រទេសផ្ដាច់មុខរបស់ខ្លួនទេ។ តែត្រកូល ហ៊ុន សុំធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ។ សុំអ្នកទាំងឡាយកុំញុះញង់បង្កើតចលាចល»។
ការថ្លែងបែបនេះ គឺសារព្រមានមួយ ដែលលោកនាយករដ្ឋមន្ត្រីឆ្លើយតបចំពោះអ្នកដែលលោកចាត់ទុកថា បានប្រមាថកម្ទេចត្រកូល ហ៊ុន របស់លោក។ ទន្ទឹមគ្នានឹងសារព្រមាននេះ លោក ហ៊ុន សែន ក៏បានបង្ហាញខ្លួនកូនរបស់លោក ៣រូប ដែលសុទ្ធតែជាទាហាន ដោយបញ្ជាក់ថា ត្រកូល ហ៊ុន របស់លោក មិនមែនជាត្រកូលសម្រាប់អ្នកទាំងនោះវាយលេងឡើយ។
ទាក់ទងនឹងការប្ដេជ្ញាធានាការពាររាជបល្ល័ង្ក របបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ ចាត់ទុកថាជាការថ្លែងមិនត្រឹមត្រូវ ព្រោះជាការបង្ហាញថា ពលរដ្ឋដទៃទៀតមិនចង់បានសន្តិភាព និងរបបរាជានិយមដូចគ្រួសារលោក៖ «លោកមានប្រសាសន៍ហ្នឹង សន្មតថាអ្នកឯទៀតៗគេមិនមានគំនិតអ៊ីចឹងទេ។ មានន័យថា គេអត់ស្រឡាញ់រាជានិយម អត់ស្រឡាញ់សមិទ្ធផលដែលបានសម្រេចហើយហ្នឹង»។
សន្តិភាព និងសមិទ្ធផលសព្វថ្ងៃនេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាការពារ លោកក៏រំឭកថាជាសមិទ្ធផលបានចាប់ផ្ដើមពីការតស៊ូរបស់លោកដឹកនាំកងទ័ពផ្ដួលរំលំរបប ប៉ុល ពត ក្រោមជំនួយពឹងពាក់វៀតណាម។ ក្រៅពីការព្រមានចំពោះអ្នកប្រមាថត្រកូល ហ៊ុន លោកក៏ចាត់ទុកស្ត្រីដែលមិនទាន់បញ្ចេញអត្តសញ្ញាណមួយរូប ថាជា ប៉ុល ពត និងអំពាវនាវឲ្យប្រុងប្រយ័ត្ន៖ «»។
កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម៕